សម្តេចតេជោ ហ៊ុន សែន ណែនាំឲ្យលោក ម៉ៃ សុគន្ធ សុំទោសលោក Keisuke Honda ចំពោះការប្រើសំដីមិនសមរម្យរឿងសំលៀកបំពាក់គាត់
រាជធានីភ្នំពេញ៖ យោងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងពិធីអញ្ជើញជួបសំណេះសំណាលជាមួយគណៈប្រតិភូកីឡារបស់កម្ពុជា មុននឹងពួកគេចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានណែនាំឲ្យ ម៉ៃ សុគន្ធ សុំទោសគ្រូបង្វឹកបាល់ទាត់ជម្រើសជាតិកម្ពុជា Keisuke Honda។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ «បើសិនកូនជាកូនល្អរបស់កម្ពុជា សូមកូនសុំទោសចំពោះ ហុងដាទៅ។ ពាក្យប៉ុន្មានម៉ាត់ដែលបានប្រើគឺធ្ងន់ធ្ងរហួសសម្រាប់ការទ្រាំទ្ររបស់ ហុងដា ដែលបានធ្វើជាគ្រូបង្វឹកបាល់ទាត់កម្ពុជា អស់រយៈពេលប៉ុន្មានឆ្នាំនេះ។ ហើយគ្រាន់តែរឿងសំលៀកបំពាក់ ដែលគាត់ស្លៀក តើមានរឿងស្អី ហើយសំលៀកបំពាក់ហ្នឹងគឺខ្ញុំស្រលាញ់តើស គ្រប់មួយប្រទេសគេផ្អើលគាំទ្រទាំងកីឡាករ និងគ្រូបង្វឹក ស្រាប់តែចេញ ម៉ៃ សុគន្ធមួយមកខុសគេ ខុសឯង ប្រើភាសាដេញគេចេញពីផ្ទះ » ។
សម្តេចតេជោ មានប្រសាសន៍ទៀតថា៖ ម៉ៃ សុគន្ធ ជេរបែបនេះ ស្មើនឹងទះកំផ្លៀងកីឡាករបាល់ទាត់របស់យើង៕



