អភិបាលខេត្តបាត់ដំបង អញ្ជើញបើកការដ្ឋានជួសជុលផ្លូវក្រាលថ្មម៉ិច ប្រវែង១២ គីឡូម៉ែត្រ នៅស្រុក បាណន់
នាព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦នេះ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានជួសជុលផ្លូវក្រាលថ្មម៉ិច ប្រវែង ១២,០០០ម៉ែត្រ ទទឹង ៤ម៉ែត្រ និងស្លាកសញ្ញាគម្រោង២កន្លែង ស្ថិតក្នុងឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ដោយប្រើប្រាស់មូលនិធិឃុំភ្នំសំពៅឆ្នាំ២០២៦។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានណែនាំអាជ្ញាធរឃុំ ត្រូវទប់ស្កាត់ការសង់សំណង់រំលោភលើដីចំណីផ្លូវសាធារណៈរបស់រដ្ឋ ចៀសវាងប៉ះពាល់ដល់សណ្តាប់ធ្នាប់លើដងផ្លូវ។
ឯកឧត្តម បានក្រើនរំលឹកដល់ប្រជាពលរដ្ឋត្រូវរួបរួមសាមគ្គីគ្នាជឿជាក់លើរាជរដ្ឋាភិបាល មិនត្រូវជ្រួលច្របល់ ឬទិញប្រេងឥន្ធនៈស្តុកទុកនៅផ្ទះនោះទេ អាចបង្កហានិភ័យផ្សេងៗ ហើយបច្ចុប្បន្នកម្ពុជានៅអាចនាំប្រេងចូលជាបន្តបន្ទាប់ ខណៈពេលពិភពលោកទាំងមូលកំពុងរងផលប៉ះពាល់ដោយសារវិបត្តិប្រេង ដែលនេះមិនមែនប៉ះពាល់នៅតែកម្ពុជានោះទេ នេះជាបញ្ហាសកល។
ឯកឧត្តម ក៏បានក្រើនរំលឹកចំពោះបងប្អូនឱ្យយកចិត្តដាក់ថែរក្សាសុខភាព ខណៈពេលកើនឡើងកម្តៅនារដូវក្តៅនេះ។
ឯកឧត្តមអភិបាលខេត្ត បានអំពាវនាវដល់អាជ្ញាធរក្នុងឃុំទាំង៨ នៃស្រុកបាណន់ ត្រូវបន្តអប់រំ ណែនាំដល់ប្រជាពលរដ្ឋឱ្យចេះថែរក្សាអនាម័យបរិស្ថាន ចៀសវាងការដុតសំរាម និងដុតជញ្ជ្រាំងជាដើម ដោយរក្សាទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និងចូលរួមដាំដើមឈើឱ្យបានច្រើនតាមលំនៅឋានទាំងអស់គ្នា។
ឯកឧត្តម សុខ លូ លើកទឹកចិត្តដល់ប្រជាពលរដ្ឋ ចូលរួមរាយការណ៍ចំពោះករណីគ្រឿងញៀនដែលកើតឡើងតាមមូលដ្ឋាន តាមកម្មវិធីទូរសព្ទដៃ «App NoDrug» ដែលជាមធ្យោបាយលឿនឆាប់រហ័ស សុវត្ថិភាព និងរក្សាការសម្ងាត់១០០% ចំពោះអ្នករាយការណ៍ ហើយមានប្រសិទ្ធភាពក្នុងការបង្ក្រាប៕


ប្រភព ក្រសួងព័ត៍មាន