ខ្មែរណូត

ស្វែងរក

SEA GAMES

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រកាសផ្តល់ប្រាក់លើកទឹកចិត្ដចំនួន ១ម៉ឺនដុល្លារដល់កីឡាករ កីឡាការិនីហែលទឹកកម្ពុជា ដែលដណ្តើមបានមេដាយមាស

BY Khmernote Media May 5, 2023
ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រកាសផ្តល់ប្រាក់លើកទឹកចិត្ដចំនួន ១ម៉ឺនដុល្លារដល់កីឡាករ កីឡាការិនីហែលទឹកកម្ពុជា ដែលដណ្តើមបានមេដាយមាស

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ សហព័ន្ធខ្មែរកីឡាហែលទឹក បានឱ្យដឹងថា នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម ស៊ុន ចាន់ថុល ប្រកាសផ្តល់ប្រាក់លើកទឹកចិត្ដដល់ កីឡាករ កីឡាការិនីហែលទឹកកម្ពុជា ដែលដណ្តើមបានមេដាយមាស នឹងទទួលបានរង្វាន់ចំនួន ១ម៉ឺនដុល្លារ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣នេះ។

ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក បានអញ្ជើញជួបសំណេះសំណាល ជាមួយគ្រូបង្វឹក កីឡាករ កីឡាការិនី ចំនួន ៤៩រូប ដោយមានការចូលរួមផងដែរពី ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធ។

ជំនួបសំណេះសំណាលនាឱកាសនេះ ត្រូវបានរៀបចំឡើងដើម្បីផ្តល់កម្លាំងចិត្តជូនដល់ កីឡាករ កីឡាការិនី និងគ្រូបង្វឹក នៃសហព័ន្ធខ្មែរកីឡាហែលទឹក ដែលនឹងចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣នេះ។ ឯកឧត្តមទេសរដ្ឋមន្ត្រី ប្រធានសហព័ន្ធ បានថ្លែងកោតសរសើរ និងអំណរគុណដល់កីឡាករ កីឡាការិនី និងគ្រូបង្វឹកគ្រប់រូប ដែលបានចំណាយទាំងកម្លាំងកាយចិត្ត និងពេលវេលាក្នុងការហ្វឹកហាត់តាំងពីដើមរហូតមកដល់ការប្រកួតនាពេលនេះ។

ជាមួយគ្នានេះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានបង្ហាញមោទនភាពចំពោះកីឡាករ កីឡាការិនី និងក្រុមគ្រួសារ ដែលជាកូនខ្មែរនៅបរទេស បានខិតខំបញ្ជូនកូន និងសាច់ញាតិ ឱ្យមកចូលរួមប្រកួតតំណាងឱ្យកម្ពុជា ក្នុងឱកាសព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ ដែលនេះហើយគឺជាការរួបរួមសាច់ឈាមខ្មែរ បេះដូងជាខ្មែរ ដែលតែងតែមកជួយដល់ជាតិខ្មែរ បើទោះជាមិនបានរស់នៅក្នុងប្រទេសក៏ដោយ។

ក្នុងពិធីសំណេះសំណាលនេះដើម្បីជាការលើកទឹកចិត្តដល់ប្រតិភូកីឡាករ កីឡាការិនី ទាំងអស់ ឯកឧត្តមទេសរដ្ឋមន្ត្រី ក្នុងនាមជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក បានឧបត្ថម្ភដល់ កីឡាករ កីឡាការិនី និងគ្រូបង្វឹក វិញ្ញាសាកីឡាហែលទឹក ដែលនឹងចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ក្នុងម្នាក់ៗ ២០០ ដុល្លារអាមេរិក បន្ថែមពីលើទឹកប្រាក់ឧបត្ថម្ភចំនួន ៥០០ដុល្លារអាមេរិកពីសម្តេចតេជោ នាយករដ្ឋមន្ត្រី ជាពិសេសចំពោះកីឡាករ កីឡាការិនីដែលដណ្តើមបានមេដាយមាស នឹងទទួលបានរង្វាន់លើកទឹកចិត្តចំនួន ១ម៉ឺនដុល្លារបន្ថែម៕

ប្រភព៖ សហព័ន្ធខ្មែរកីឡាហែលទឹក Khmer Swimming Federation

Share This Post: