អបអរសាទរ! កីឡាករ សុខ លឹមហេង ឈ្នះបានមេដាយមាស លើវិញ្ញាសាអុកចត្រង្គ ក្រោយយកឈ្នះកីឡាករវៀតណាម
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានព័ត៌មាន បានឱ្យដឹងថា កីឡាករ សុខ លឹមហេង ឈ្នះមេដាយមាស លើវិញ្ញាសាឯកត្តជនបុរស ៥នាទី លើវិញ្ញាសាអុកចត្រង្គក្រោយឈ្នះកីឡាករវៀតណាម នៅសាលដំបូលទូក នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
បន្ទាប់ពីការប្រកួតយ៉ាងស្វិតស្វាញ លើប្រភេទកីឡាអុកចត្រង្គ វិញ្ញាសាឯកត្ដជនបុរស ៥នាទី នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ នៅកម្ពុជាហើយ កីឡាករ សុខ លឹមហេង ដណ្ដើមបានមេដាយមាស ជូនជាតិ យកឈ្នះកីឡាករវៀតណាម Quang Trung Nguyen ក្នុងវគ្គផ្ដាច់ព្រ័ត្រ។
ក្រោយចប់ការប្រកួត កីឡាករ សុខ លឹមហេង បានថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងស្រុកឱ្យដឹងថា លោកពិតជាសប្បាយចិត្តណាស់ដែលបានយកមោទកភាពជូនជាតិ និងជាក្តីប្រាថ្នាក្នុងការបង្ហាញប្រទេសកម្ពុជានៅលើឆាកអន្តរជាតិ។ ម្ចាស់មេដាយមាសកីឡាអុកចត្រង្គ រូបនេះបានបន្ថែមថា៖ «នេះជាលើកទីមួយហើយដែលខ្ញុំចូលរួមប្រកួតក្នុងកម្រិតអន្តរជាតិនេះ ដោយកន្លងមក ខ្ញុំធ្លាប់តែចូលរួមប្រកួតក្នុងឆាកជាតិធំៗ ដូចជាកម្មវិធីអង្គរសង្រ្កាន្តជាដើម ហើយខ្ញុំកាន់តែសប្បាយចិត្តខ្លាំងនៅពេលដែលទទួលបានមេដាយមាសសម្រាប់កីឡាដែលខ្ញុំស្រឡាញ់មួយនេះ ហើយវាជាជោគជ័យមួយយ៉ាងធំធេងនៅក្នុងអាជីពកីឡាមួយនេះរបស់ខ្ញុំ»។
កីឡាករ សុខ លឹមហេង បានលើកឡើងថា សម្រាប់ការទទួលបានជ័យជម្នះនេះ គឺមានការជំរុញ និងលើកទឹកចិត្តខ្លាំងពីឪពុកម្តាយ ក្រុមគ្រួសារ ប្រធានសហព័ន្ធកីឡាអុកចត្រង្គកម្ពុជា គ្រូបង្វឹក និងក្រុមការងារទាំងអស់ ដែលធ្វើឱ្យរូបគាត់ខិតខំប្រឹងប្រែងរហូតបានឈានមកដល់ថ្ងៃនេះ៕


ប្រភព៖ ក្រសួងព័ត៌មាន