ខ្មែរណូត

ស្វែងរក

SEA GAMES

ម្ចាស់មេដាយមាស ស្រួង ភាវី ៖«នាងខ្ញុំចង់សាងប្រវត្តិសាស្ត្រថ្មីមួយលើទឹកដីកម្ពុជា»

BY Khmernote Media May 9, 2023
ម្ចាស់មេដាយមាស ស្រួង ភាវី ៖«នាងខ្ញុំចង់សាងប្រវត្តិសាស្ត្រថ្មីមួយលើទឹកដីកម្ពុជា»

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រោយពីក្លាយជាម្ចាស់មេដាយមាសលើវិញ្ញាសាប៊ីយ៉ាការ៉ុម ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ កីឡាការិនីជម្រើសជាតិកម្ពុជា ស្រួង ភាវី បានបង្ហាញក្តីរំភើបរីករាយថា ៖«ទោះបីជាប្រភេទកីឡាប៊ីយ៉ា ការ៉ុមមិនសូវល្បីដូចប្រភេទកីឡាដទៃ ប៉ុន្តែឱ្យតែមានក្នុងបញ្ជីប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នាងខ្ញុំចង់ឱ្យមានប្រវត្តិសាស្ត្រថ្មីមួយ លើទឹកដីកម្ពុជា តាមរយៈការកសាងសមិទ្ធផលមេដាយមាស ជូនជាតិ នាពេលនេះ ក្រោមការគាំទ្ររបស់ប្រជាពលរដ្ឋខ្មែរជាង១៦លាននាក់។

ម្ចាស់មេដាយមាសរូបនេះគូសបញ្ជាក់ទៀតថា «នាងខ្ញុំរំភើបរីករាយរកពាក្យអ្វីប្រៀប ផ្ទឹមពុំបានឡើយ ក្នុងនាមជាស្ត្រីម្នាក់ដែលបានខិតខំរហូតមានភាពល្បីល្បាញ នៅកូរ៉េខាងត្បូង ហើយពេលនេះទទួលបានការគាំទ្រ ក្នុងនាមជាកីឡាការិនីជម្រើសជាតិកម្ពុជា។

ជាធម្មតា ភាពជោគ ជ័យតែងតែមានឧបសគ្គ ប៉ុន្តែនៅក្នុងឧបសគ្គនេះ យើងត្រូវរំដោះខ្លួនបែបណា ហើយទោះបីជាយើង ខ្លាំងប៉ុណ្ណា ក៏ត្រូវការភាពច្នៃប្រឌិតនៅក្នុងហ្នឹង ជាពិសេស នៅពេលដែលនាងខ្ញុំប្រកួតដល់វគ្គផ្តាច់ព្រ័ត្រ មិនដែលងាយស្រួលនោះទេ ដោយភាពលំបាកនេះហើយ គឺពោពេញដោយអត្ថន័យដ៏អស្ចារ្យ អ្នកធ្វើ និងអ្នកមើល គឺមានភាពខុសគ្នា។ ដូច្នេះ កម្រិតនៃភាពលំបាកខ្លាំង ដែលយើងធ្វើបានជោគជ័យ នោះគឺជាសមិទ្ធផលដ៏អស្ចារ្យ សម្រាប់យើងជាងអ្នកកីឡា។

កីឡាការិនីកម្ពុជាដ៏ឆ្នើមរូបនេះបានបង្ហាញចំណាប់អារម្មណ៍ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ ដណ្តើម មេដាយមាសថា «កីឡាការិនីវៀតណាម និងខ្ញុំមានពិន្ទុខុសគ្នាឆ្ងាយ ប៉ុន្តែចិត្តយើងអត់សូវស្រួល បែរជាខ្លាចដៃគូប្រកួតទៅវិញ។ វាជាចំណុចខ្សោយក្នុងចិត្តយើង បើទោះជាបីនាងខ្ញុំតាំងចិត្តថា មិនអីៗក៏ដោយ»។ «នៅពេលខ្ញុំបានចាប់ផ្តើមលេងប៊ីយ៉ាការ៉ុម ស្វាមីខ្ញុំមានក្តីប្រាថ្នាធំមួយឱ្យនាងខ្ញុំ ដណ្តើមមេដាយមាសជូនជាតិ និងប្រជាពលរដ្ឋខ្មែរបានម្តង។

ទោះបីជាខ្ញុំធ្លាប់ដណ្តើម មេដាយមាសកម្រិតពិភពលោក នៅកូរ៉េខាងត្បូង យ៉ាងណាក្តី គឺមិនស្មើនឹងគុណតម្លៃនៃមេដាយ មាសជូនប្រជាពលរដ្ឋខ្ញុំ ដូចក្នុងឱកាសស៊ីហ្គេម ២០២៣ នៅកម្ពុជានោះឡើយ។ ឥឡូវនេះ ឱកាសរង់ចាំក្តីសុបិនដ៏ធំធេង រយៈពេល១០ឆ្នាំ ក្នុងអាជីពជាកីឡាការិនីប៊ីយ៉ាការ៉ុម បានក្លាយការពិត។ ក្តីសប្បាយរីករាយនេះមិនសំខាន់សម្រាប់ខ្ញុំប៉ុន្មានទេ ប៉ុន្តែខ្ញុំចង់ឱ្យប្រជាពលរដ្ឋខ្មែរទាំងមូលបាន សប្បាយជាមួយនឹងវិស័យកីឡា ហើយខ្ញុំក៏មិននឹកស្មានថា និស្ស័យកីឡារបស់នាងខ្ញុំទទួលបាន ការគាំទ្រយ៉ាងខ្លាំងក្លាបែបនេះឡើយ»។ លោកស្រី ស្រួង ភាវី បានបន្ថែម។

លោកស្រីបានរម្លឹកថា ការចេញទៅរស់នៅសាធារណរដ្ឋកូរ៉េ បំណងប្រាថ្នាគឺចង់បានគ្រួសារ ចង់ធ្វើការងារនៅតាមរោងចក្រជាដើម ប៉ុន្តែស្វាមីរបស់លោកស្រីតែងតែផ្តល់ការ លើកទឹកចិត្តហាត់កីឡាឱ្យបានខ្លាំងពូកែ ដើម្បីភាពល្បីល្បាញ ពេលនោះនឹងរកលុយបានហើយ។ ខ្ញុំទៅរស់នៅកូរ៉េ​ ដើម្បីរកលុយជួយគ្រួសារ ប៉ុន្តែខ្ញុំអត់បានជួយគ្រួសារទេ ដោយបានលះបង់ ខិតខំហ្វឹកហាត់កីឡា ជាង៧ឆ្នាំ ដើម្បីស្វែងរកកេរ្តិ៍ឈ្មោះជូនប្រជាពលរដ្ឋ គ្រួសារ និងខ្លួនឯង ជាពិសេសជួយចែករំលែកដល់ក្មេងៗ ដែលមានការលំបាក នៅតាមតំបន់នានា (ក្នុងប្រទេសកម្ពុជា) ដោយក្នុងរយៈពេល៨ឆ្នាំនេះ ខ្ញុំតែងតែធ្វើកិច្ចការសប្បុរសធម៌ជួយដល់ពួកគាត់ តាមរយៈវិស័យកីឡា។

ក្នុងនាមជាពលរដ្ឋខ្មែរម្នាក់ លោកស្រីបានបង្ហាញទស្សនៈរបស់ខ្លួនថា «ខ្ញុំចង់ឱ្យស្ត្រីនានា ស្រឡាញ់ប្រជាពលរដ្ឋ​ ទឹកដី និយាយរួមគឺស្រឡាញ់អ្នកជុំវិញឱ្យបានច្រើនជាងខ្លួនឯង ដោយយើង អាចស្វែងរកវិធី និងផ្លូវជាច្រើនយ៉ាងទូលំទូលាយ។ ខ្ញុំទុកមនុស្សជុំវិញខ្លួន គឺជាក្តីសង្ឃឹម ជាកម្លាំង ចិត្តសម្រាប់ខ្ញុំ។ នៅពេលហត់នឿយ ខ្ញុំតែងតែនឹកឃើញដល់ពលរដ្ឋខ្មែរជានិច្ច ទោះខ្ញុំរស់នៅ កូរ៉េតែម្នាក់ឯង ប៉ុន្តែខ្ញុំតែងគិតថា នៅកម្ពុជាមានក្រុមគ្រួសារ និងបងប្អូនប្រជាពលរដ្ឋខ្មែរ នៅគាំទ្រខ្ញុំពីក្រោយខ្នងជានិច្ច។ នាងខ្ញុំសូមអំពាវនាវដល់ស្ត្រីខ្មែរទាំងអស់ចូលរួមក្នុងវិស័យកីឡា ដែលមានឥទ្ធិពលខ្លាំង និងអាចចូលរួមកសាងប្រទេសជាតិឱ្យកាន់តែរីកចម្រើន តាមរយៈវិស័យកីឡា»

ជាមួយគ្នានេះ ឯកឧត្តម ជុំ កុសល រដ្ឋលេខាធិការ ក្រសួងព័ត៌មាន និងជាប្រធាន សហព័ន្ធកីឡាប៊ីយ៉ាកម្ពុជា គូសបញ្ជាក់ថា ក្នុងនាមសហព័ន្ធពិតជារំភើបណាស់ ដែលមេដាយមាសនេះ គឺជាកិត្តិយសដ៏ឧត្តុងឧត្តមសម្រាប់ជាតិ និងក្នុងនាមជាម្ចាស់ផ្ទះ​ស៊ីហ្គេម ដែលជាប្រវត្តិសាស្ត្រ ខណៈវិញ្ញាសានេះ គឺថ្មីសម្រាប់កម្ពុជា។ «ខ្ញុំរំពឹងថា តាមរយៈមេដាយមាសរបស់កីឡាការិនី ស្រួង ភាវី លើវិញ្ញាសាប៊ីយ៉ាការ៉ុម ៣បាំងនេះនឹងក្លាយជាប្រភេទកីឡាមួយកាន់តែមានប្រជាប្រិយភាពកាន់តែខ្លាំង និងជាទីចាប់អារម្មណ៍កាន់តែខ្លាំង សម្រាប់បងប្អូនប្រជាពលរដ្ឋចូលរួមលេងកាន់តែច្រើនបន្ថែមទៀត។

ជាក្តីរំពឹង ឯកឧត្តមបានសង្កត់ធ្ងន់ថា កីឡាការិនី ស្រួង ភាវី នឹងអាចដណ្តើមេដាយមាស១គ្រឿងទៀត លើវិញ្ញាប៊ីយ៉ាការ៉ុម ១បាំង ដោយមានភាពងាយស្រួលជាងប៊ីយ៉ាការ៉ុម ៣បាំង ដែលទើប ដណ្តើមបានមេដាយមាស កាលពីល្ងាចថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: