ម្ចាស់មេដាយមាស ប៉ាល់ ឆរស្មី សម្រេចក្តីបំណងធំជូនជាតិ មុនចូលនិវត្តន៍ពីអាជីពជាកីឡាការិនីវ៉ូវីណាម
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ម្ចាស់មេដាយមាស ៤គ្រឿង ប្រាក់១ និងសំរឹទ្ធ១ កីឡាការិនីវ៉ូវីណាម ប៉ាល់ ឆរស្មី បានសម្រេចក្តីបំណងដ៏ធំរបស់ខ្លួនជូនជាតិ ក្នុងនាមជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ មុនចូលនិវត្តន៍ពីអាជីពកីឡាវ៉ូវីណាម។
ក្រោយបញ្ចប់ការប្រកួតកីឡាវ៉ូវីណាម ម្ចាស់មេដាយមាសដ៏ឆ្នើមរូបនេះ សម្រាប់ ព្រឹត្តិការណ៍ស៊ីហ្គេម រៀងរាល់២ឆ្នាំម្តង ជាពិសេសគឺស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែល កម្ពុជាទទួលធ្វើម្ចាស់ផ្ទះ គឺជាព្រឹត្តិការណ៍កីឡាចុងក្រោយសម្រាប់រូបនាង ដោយនាងថា នាងមានវ័យច្រើនហើយ ចង់លាឈប់ពីអាជីពជាកីឡាការិនី។
កីឡាការិនី ប៉ាល់ ឆរស៊្មី គូសបញ្ជាក់យ៉ាងដូច្នេះថា «នាងខ្ញុំពិតជាមាន មោទកភាព ចំពោះជាតិខ្មែរខ្លាំងណាស់ ខ្ញុំចង់ប្រើពាក្យនេះឱ្យបានច្រើនដងដដែលៗ។ ចាប់តាំងពីពិធីបើកស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ កាលពីយប់ថ្ងៃទី០៥ ខែឧសភា គឺពិតជា អស្ចារ្យខ្លាំងណាស់ ដោយពិធីបើកដ៏អស្ចារ្យនេះបានជំរុញទឹកចិត្តនាង ខ្ញុំឱ្យមានថាមពលខ្លាំង រួមទាំងការផ្តល់ការលើកទឹកចិត្តដ៏ក្លៀវក្លាពីប្រជាពលរដ្ឋទាំងអស់ ក្នុងការលើកទឹក ចិត្តបន្ថែមដល់ការប្រកួតរបស់កីឡាករ កីឡាការិនីកម្ពុជាទាំងអស់ រួមទាំងនាងខ្ញុំផ្ទាល់»។
«ខ្ញុំបានដាក់គោលដៅដណ្តើមមេដាយមាសឱ្យបាន៣គ្រឿង ដើម្បីជាកំណត់ត្រា ថ្មីជាប្រវត្តិសាស្ត្រជូនជាតិ ប៉ុន្តែពេលនេះ ខ្ញុំដណ្តើមបានមេដាយមាសដល់ទៅ ៤គ្រឿង ប្រាក់១ និងសំរឹទ្ធ១ ពីព្រោះការចូលរួមប្រកួតកីឡាស៊ីហ្គេម ៣លើកមុនៗ ខ្ញុំបានឈ្នះមេដាយ មាសតែ១គ្រឿងៗប៉ុណ្ណោះ។ នៅក្នុងស៊ីហ្គេម លើកទី៣២ ក្នុងនាមជាកីឡាការិនីម្ចាស់ផ្ទះ ខ្ញុំមានក្តីប្រាថ្នាចង់បានមេដាយមាស៣គ្រឿង ហើយខ្ញុំធ្វើបានល្អឈ្នះមេដាយមាស៤ ដែលនេះលើសពីការរំពឹងទុក។ ដូច្នេះហើយទើបពេលនេះ ខ្ញុំសប្បាយចិត្ត រំភើបខ្លាំងបំផុត។ នេះជាមេដាយច្រើនបំផុតរបស់ខ្ញុំ សម្រាប់ស៊ីហ្គេម ជាប្រវត្តិសាស្ត្រ ក្នុងឆ្នាំ២០២៣នេះ»។ នេះជាការលើកឡើបន្ថែមរបស់ ប៉ាល់ ឆរស្មី។
សម្រាប់ស៊ីហ្គេម នៅកម្ពុជា ម្ចាស់មេដាយមាសរូបនេះចាត់ទុកថា នេះជាក្តីបំណងដ៏ធំបំផុត និងចុងក្រោយបង្អស់មុនចូលនិវត្តន៍ ប៉ុន្តែនាងត្រូវបានគ្រូបង្វឹក ស្នើឱ្យត្រៀមចូលរួមប្រកួតជើងឯកពិភពលោកមួយទៀត នៅប្រទេសវៀតណាម នាខែវិច្ឆិកា ឆ្នាំ២០២៣នេះម្តងទៀត។
«ក្នុងនាមជាខ្មែរ យើងពិតជាមានកិត្តិយសដ៏អស្ចារ្យណាស់ សម្រាប់ស៊ីហ្គេម ២០២៣នេះ ដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានផ្តល់ការហូបចុក ស្នាក់នៅ និងការដឹកជញ្ជូនដោយឥតគិតថ្លៃ សម្រាប់ប្រតិភូកីឡាមកពីក្រៅប្រទេសទាំងអស់ ដោយភ្ញៀវបរទេសចូលរួមនានាបានកោតសរសើរខ្លាំងថា កម្ពុជាមានទឹកចិត្តទូលំទូលាយ ហើយយើងជាកីឡាករ កីឡាការិនីជាម្ចាស់ផ្ទះទទួលបាននូវកិត្តិយសដ៏ធំធេងនេះ ដូចគ្នាផងដែរ»។ ប៉ាល់ ឆរស្មី បានបន្ថែម៕





ប្រភព៖ ក្រសួងព័ត៌មាន