ខ្មែរណូត

ស្វែងរក

SEA GAMES

ក្រោយឈ្នះមេដាយសំរឹទ្ធ កីឡាករទ្រីយ៉ាត្លុងរបស់សិង្ហបុរី បានសុំមិត្តស្រីដែលទាក់ទងគ្នាជាច្រើនឆ្នាំរៀបការ នៅឯឆ្នេរកែបរបស់កម្ពុជា (មានវីដេអូ)

BY autoadmin May 10, 2023
ក្រោយឈ្នះមេដាយសំរឹទ្ធ កីឡាករទ្រីយ៉ាត្លុងរបស់សិង្ហបុរី បានសុំមិត្តស្រីដែលទាក់ទងគ្នាជាច្រើនឆ្នាំរៀបការ នៅឯឆ្នេរកែបរបស់កម្ពុជា (មានវីដេអូ)

កាលពីថ្ងៃច័ន្ទ ទី០៨ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ កីឡាករទ្រីយ៉ាត្លុងរបស់សិង្ហបុរី Bryce Chong បានសុំមិត្តស្រីរបស់គាត់ ដែលទាក់ទងគ្នាជាច្រើនឆ្នាំរៀបការ នៅឯឆ្នេរកែប របស់ប្រទេសកម្ពុជា នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Straits Times។ កីឡាករវ័យ ២៦ ឆ្នាំរូបនេះ បានលុតជង្គង់នៅនឹងមុខមិត្តស្រីរបស់គាត់ ដែលមានឈ្មោះថា Sheryl Foo មិនប៉ុន្មានម៉ោង បន្ទាប់ពីចប់ភារកិច្ចនៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះ។

លោក Bryce Chong បានសុំមិត្តស្រីរៀបការ នៅចំពោះ​មុខ​មិត្ត​រួម​ក្រុម និង​មិត្តភ័ក្ដិ ​ដែល​បាន​មក​ជួប​ជុំ​គ្នា​ដើម្បី​ធ្វើ​ជា​សាក្សី​ក្នុង​ឱកាស​ដ៏​សំខាន់នេះ។

ជម្រាបដែរថា លោក Bryce Chong បានឈ្នះមេដាយសំរឹទ្ធដំបូងឱ្យសិង្ហបុរី សម្រាប់វិញ្ញាសាអាគ័រត្លុងផ្នែកបុរស (aquathlon) កាលពីថ្ងៃសៅរ៍ ប៉ុន្តែគាត់ធ្វើបានត្រឹមចំណាត់ថ្នាក់ទី៥ប៉ុណ្ណោះ ក្នុងវិញ្ញាសាទ្រីយ៉ាត្លុងកាលពីថ្ងៃច័ន្ទ។ ដំបូងឡើយ គាត់គិតចង់សុំមិត្តស្រីរៀបការនៅកន្លែងប្រារព្ធពិធីទទួលមេដាយ ប៉ុន្តែមានមនុស្សច្រើនពេកទើបគាត់មកសុំនាងរៀបការនៅឯឆ្នេរកែបវិញ។ ទោះបីជាគាត់បានភ័យផង អរផងយ៉ាងណាក៏ដោយ មិត្តស្រីរបស់គាត់ក៏បាន «យល់ព្រម» ចំពោះសំណើសុំរៀបការរបស់លោក Bryce Chong យ៉ាងរីករាយបំផុត៕

អត្ថបទ៖ លីដា
ប្រភព៖ The Straits Times

Share This Post: