សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ពីទំហំទឹកប្រាក់ដែលបានចំណាយលើព្រឹត្តការណ៍ស៊ីហ្គេមឆ្នាំ២០២៣
រាជធានីភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថា កម្ពុជាចំណាយលើការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ សរុបចំនួន ១១៨ លានដុល្លារ ដែលការចំណាយនេះ លើការស្នាក់នៅ ហូបចុក និងចំណាយផ្សេងៗ ។ សម្តេចថ្លែងបែបនេះ ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតបញ្ចប់ការសិក្សាផ្នែកកសិកម្មជាង ៣ពាន់នាក់ នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ «ទំហំទឹកប្រាក់ ដែលបានចំណាយលើព្រឹត្តការណ៍ស៊ីហ្គេម ដើម្បីបម្រើដល់ការប្រកួត គឺចំណាយ ១១៨លានដុល្លារ ក្នុងពេលដែលប្រទេសនានា ចំណាយមិនតិចជាង ២០០លានដុល្លារទេ ប្រទេសខ្លះចំណាយដល់ ៤០០លានដុល្លារ ប៉ុន្តែយើងចំណាយត្រឹមតែ ១១៨លានដុល្លារនោះទេ»។
សម្តេចក៏បានថ្លែងអរគុណដល់សិល្បៈករ សិល្បៈការិនី អាជ្ញាធរ កងកម្លាំង និងប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួមថែរក្សាសន្តិសុខ និងធ្វើជាម្ចាស់ផ្ទះដ៏ល្អក្នុងព្រឹត្តិការស៊ីហ្គេម ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ៕




