ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ម្ចាស់បុរីទាំងអស់ ធ្វើការទៅលើរឿងសេវាទូរស័ព្ទ និងអ៉ីនធើណេតក្នុងបុរី ដោយសារពិបាកប្រើប្រាស់ខ្លាំងពេក

BY
Liny Chan
May 24, 2023

សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ម្ចាស់បុរីទាំងអស់ ធ្វើការទៅលើរឿងសេវាទូរស័ព្ទ និងអ៉ីនធើណេតក្នុងបុរី ព្រោះពិបាកប្រើប្រាស់ខ្លាំងណាស់។ សម្ដេចតេជោ បានអំពាវនាវបែបនេះ នៅក្នុងពិធីសម្ពោធទីតាំងថ្មី នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដែលស្ថិតក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ និង ពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិត នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣។

សម្ដេចតេជោ បានមានប្រសាសន៍ថា៖ « ប៉ុន្មានថ្ងៃនេះ អ៉ីនធឺណេតនៅក្នុងប្រទេសរបស់យើងមានភាពរអាក់រអួលបន្តិច មិនដឹងមកពីមូលហេតុអី ប៉ុន្តែអាចថាវារអាក់រអួលម្ដងម្កាល។ អ្វីដែលខ្ញុំចង់និយាយនៅថ្ងៃនេះ ទៅកាន់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក៏ដូចជាទៅតាមបុរីនានា ដែលកន្លងទៅតែងចុះហត្ថលេខាផ្ដាច់មុខឱ្យក្រុមហ៊ុននេះ ក្រុមហ៊ុននោះ អ្នកឯងចុះហត្ថលេខាបំពានលើច្បាប់ ក្រោយមក គឺគ្រប់បុរីអនុញ្ញាតឱ្យក្រុមហ៊ុនណាចូលក៏បាន ប៉ុន្តែគេដាក់ចេញឧបសគ្គរារាំង ព្រោះដោយសារអី។ ខ្ញុំអំពាវនាវគ្រប់ម្ចាស់បុរីទាំងអស់ ព្រោះឥលូវ អ្នករកស៊ី មន្រ្តីរាជការដែលយើងធ្វើការជាមួយ រស់នៅតាមបុរី ក្នុងពេលដែលបុរីហ្នឹងអត់មានសេវាអ៉ឺនធឺណេត ហើយសេវាទូរស័ព្ទក៏ខ្សោយកន្លែងហ្នឹង ហើយក្រុមហ៊ុនតែមួយទៀត»។

ជាមួយគ្នានេះដែរ សម្ដេចចង្អុលបង្ហាញពីក្រុមហ៊ុនអ៉ីនធឺណេតមួយដែលមានសេវាអ៉ឺនណេតអន់បំផុតនៅស្រុកខ្មែរ ហើយស្នើឱ្យក្រសួងប្រៃសណីយ៍ ចុះត្រួតពិនិត្យក្រុមហ៊ុនមួយនេះ ខណៈទាំងសេវា និងបុគ្គលិក មិនបានផ្ដល់សេវាល្អដល់អតិថិជន។ ទន្ទឹមនឹងនេះ សម្ដេចតេជោ ស្នើឱ្យក្រុមហ៊ុនអ៉ីនធឺណេរដំឡើងអង់តែនឱ្យបានច្រើន ហើយបន្ថែមល្បឿនលើសេវាអ៉ីនធឺណេត។ ចំនែកឯបុរី ត្រូវបើកឱកាសឱ្យក្រុមហ៊ុនផ្សេងៗចូល ដោយធ្វើបែបនេះទើបម្ចាស់បុរីលក់ផ្ទះដាច់ ព្រោះមានសេវា មានអ៉ីនធឺណេតគ្រប់គ្រាន់ អ្នករស់នៅទីនោះងាយស្រួលក្នុងការទំនាក់ទំនងការងារ៕

អត្ថបទ៖ លីនី

Share This Post: