រដ្ឋមន្ត្រីក្រសួងកសិកម្ម ដាក់វិធានការម៉ឺងម៉ាត់ឱ្យមន្ត្រីជលផលបង្ក្រាបជនសង្ស័យប្រើប្រាស់ឧបករណ៍ឆក់ត្រី
- May 31, 2023
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានដាក់វិធានការម៉ឺងម៉ាត់ឱ្យមន្ត្រីជំនាញជលផល ធ្វើការស្រាវជ្រាវនិងបង្ក្រាបបទល្មើស ហើយឃាត់ខ្លួនជនសង្ស័យណាប្រើប្រាស់ឧបករណ៍ឆក់ត្រី បង្កវិនាសកម្មបំផ្លាញធនធានមច្ឆជាតិ និងត្រីផ្សោត ត្រូវតែនាំខ្លួនមកអនុវត្តច្បាប់។

ក្នុងពិធីប្រគល់ទូកម៉ាស៊ីនចំនួន៥គ្រឿងនិងឧបករណ៍ប្រើប្រាស់សម្រាប់បង្ក្រាបបទល្មើសនេសាទនៅខេត្តស្ទឹងត្រែង ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទមានប្រសាសន៍ថា៖ ផ្សោត និងត្រីមេពូជនៅទន្លេមេគង្គលើ ជាសម្បត្តិធនធានរបស់ជាតិយើង ដូច្នេះមន្ត្រីជំនាញត្រូវបង្កើនបន្ថែម ប្រយុទ្ធប្រឆាំងការនេសាទល្មើសច្បាប់ អនុវត្តឱ្យមានភាពប្រទាក់ក្រឡាគ្នាជាមួយអន្តរស្ថាប័ន ស្របតាម នីតិវិធីជាធរមាន។
ឯកឧត្តមរដ្ឋមន្ត្រីមានប្រសាសន៍បន្តថា៖ ជនសង្ស័យដែលលួចប្រើឧបករណ៍ឆក់ត្រី គឺជាទង្វើខុសច្បាប់ ទាំងស្រុងតែម្ដង ហើយសមត្ថកិច្ចត្រូវតែកម្ទេចចោល មិនចាំបាច់ទាល់តែជួបកំពុងធ្វើសកម្មភាពឆក់នោះ ទេ នៅតាមភូមិឃុំយើងមានប្រជាការពារ នៅតាមដងទន្លេយើងមានឆ្មាំ មានអ្នកស្ម័គ្រចិត្ត សហគមន៍នេ សាទ ដែលត្រូវធ្វើការស្រាវជ្រាវ ជាមួយមន្ត្រីជលផល ជាមួយប៉ូលិស និងជាមួយព្រះរាជអាជ្ញាផងដែរ ។
” កំណត់មុខសញ្ញាឆក់និងលើគោកក៏ខុសច្បាប់ដែរ អាឆក់ហ្នឹងឱ្យតែមានម៉ាស៊ីនឆក់ អាហ្នឹង ដឹងតែខុសច្បាប់ហើយ មិនចាំបាច់តែទៅឃើញគាត់ចេញមកឆក់ទេ រកបានអាប្រដាប់ឆក់ហ្នឹងនៅកន្លែង ណា កន្លែងហ្នឹងហើយបទល្មើស មនុស្សអ្នកកាន់ប្រដាប់ឆក់មកពីណាស្រាវមួយខ្សែហ្នឹងមក អាហ្នឹង ការងារជលផលយើងនៅខេត្តស្ទឹងត្រែង ដែលត្រូវធ្វើជាមួយសមត្ថកិច្ច”។
លោកស្រី សុ វិចិត្រ នាយខណ្ឌជលផលស្ទឹងត្រែងបានបញ្ជាក់ថា៖ កិច្ចការងារនេះមន្ត្រីជំនាញ តែងសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ល្បាតតាមដានផង និងធ្វើការផ្សព្វផ្សាយច្បាប់ជលផលផង ដើម្បី ឱ្យប្រជាអ្នកនេសាទកុំប្រើឧបករណ៍ខុសច្បាប់ទៅនេសាទ ។
លោកបន្តថា៖នៅក្នុងខែឧសភា រដូវបិទនេសាទនេះ មន្ត្រីជលផលធ្វើការបង្ក្រាបបទល្មើសនេសាទ បានចំនួន២០លើក អប់រំអ្នកនេសាទចំនួន៥២នាក់-ធ្វើកិច្ចសន្យា២០នាក់ – ដកហូតឧបករណ៍ល្មើស នៅតាមអន្លង់អភិរក្សត្រីមេពូជ និងនៅតាមអន្លង់អភិរក្សសត្វផ្សោត បានមង៩.៤៥០ម៉ែត្រ -សន្ទូចរនង២.០៦៤ផ្លែ – របាំងស្បៃមុងប្រវែង ២៥០ម៉ែត្រ និងសម្ភារៈផ្សេងៗមួយចំនួនទៀតក្នុងរដូវ បិទនេសាទនេះ ។
សូមបញ្ជាក់ថា៖ដើម្បីបង្កើនដល់ការអភិរក្សត្រីផ្សោតនិងត្រីមេពូជ ឯកឧត្តមរដ្ឋមន្ត្រីបានប្រគល់ ទូកស្មាច់ និងម៉ាស៊ីន២៥សេះបន្ថែមចំនួន៥គ្រឿង-ពិលបំភ្លឺខ្នាតធំចំនួន៥-ហ្ស៊ីម៉ែលមើលឆ្ងាយ ចំនួន៥គ្រឿង និងឧបត្ថម្ភថវិកា៥លានរៀល ដល់មន្ត្រីជំនាញជលផល ដើម្បីបន្តការងារអភិរក្សត្រីផ្សោត និងត្រីមេពូជឱ្យមានប្រសិទ្ធភាព៕








ប្រភព៖ ក្រសួងព័ត៌មាន
- Share This Post:






