ស្ត្រីម្នាក់ជំពាក់លុយគេមិនព្រមសង ពេលម្ចាស់បំណុលរកឃើញនាំយកទៅប៉ុស្តិ៍ប៉ូលិស បែរជាផុសបំពុលសង្គមថា ជាករណីប្លន់ទៅវិញ
- May 31, 2023
រាជធានីភ្នំពេញ៖ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញសេចក្តីបកស្រាយបំភ្លឺ និងបដិសេធព័ត៌មាន របស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងករណីចុះផ្សាយព័ត៌មានមិនពិតរបស់គណនីហ្វេសប៊ុកមួយឈ្មោះថា Sery Oun ថាជាករណីប្លន់ម៉ូតូ តាមពិតជាក់ស្តែងមិនមែនជាករណីប្លន់ទេ គឺជាករណីម្ចាស់បំណុលបាននាំអ្នកជំពាក់លុយគេចវេះមិនព្រមសងទៅប៉ុស្តិ៍នគរបាលរដ្ឋបាល។

បន្ទាប់ពីបានឃើញការចុះផ្សាយព័ត៌មានតាមបណ្តាញសង្គម ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានទាក់ទងផ្តល់ព័ត៌មានឲ្យអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីធ្វើការស្រាវជ្រាវករណីនេះ។ បន្ទាប់ពីធ្វើការស្រាវជ្រាវកម្លាំងជំនាញបានធ្វើការកោះហៅអ្នកជំពាក់លុយដែលបំផុសព័ត៌មានមិនពិត និងម្ចាស់លុយ ដើម្បីសាកសួរ បកស្រាយបំភ្លឺនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទំនប់ទឹក។
ក្រោយពីធ្វើការសាកសួររួចរាល់ ម្ចាស់គណនីហ្វេបុកខាងលើសារភាពទទួលកំហុស ដែលបានផុសព័ត៌មានមិនពិត បំពុលសង្គម ថាជាករណីប្លន់ ជាក់ស្តែង គឺជាករណីជំពាក់លុយគេមិនព្រមសង ក្រោយពីធ្វើការសាកសួរចប់ ស្ត្រីរូបនោះបានឯកភាពយល់ព្រមសងលុយជំពាក់ទៅម្ចាស់លុយ ហើយកម្លាំងជំនាញបានធ្វើការណែនាំអប់រំ និងធ្វើកិច្ចសន្យាដោយឈប់ប្រព្រឹត្តអំពើខុសឆ្គងបែបនេះតទៀត ដែលធ្វើឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំ ៕


- Share This Post:






