កម្ពុជាសង្ឃឹមលើកីឡា ៤ប្រភេទ ដែលមានសក្ដានុពល ដើម្បីយកមេដាយមាសបានច្រើនជាងគេ
- BY
- srey nuch
- June 2, 2023
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នឹងបើកជាផ្លូវការនៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣ស្អែកនេះ។ ក្នុងព្រឹត្តិការប្រកួតនេះ អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាបានលើកឡើងថា កម្ពុជាសង្ឃឹមលើកីឡា៤ប្រភេទដែលមានសក្ដានុពល ដើម្បីដណ្ដើមយកមេដាយមាសបានច្រើនជាងគេ ខណៈកីឡា១០ប្រភេទផ្សេងទៀត បង្ហាញសញ្ញាវិជ្ជមានខ្ពស់ផងដែរ។
បន្ទាប់ពីពិធីបើកមជ្ឈមណ្ឌលព័ត៌មានកណ្ដាល (MPC) និងមជ្ឈមណ្ឌលផ្សាយព័ត៌មាន (IBC) បម្រើព្រឹត្តិការណ៍នៃការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នាព្រឹកថ្ងៃទី០២ខែមិថុនា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ឯកឧត្តម យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា និងជាអគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ បានប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP ឱ្យដឹងថា «ប្រភេទកីឡាដែលកម្ពុជាគិតឃើញថា មានសក្ដានុពលនោះគឺយើងមានកីឡាអត្តពលកម្ម កីឡាហែលទឹក កីឡាបាល់ទះអង្គុយ និងកីឡាបាល់បោះរទេះ។ បួនប្រភេទកីឡានេះយើងរំពឹងទុកថា នឹងមានមេដាយមាសច្រើនជាងប្រភេទកីឡាដទៃទៀត។ ប៉ុន្តែក្នុងចំណោម ដប់ ប្រាំបី និងប្រាំបួនកីឡាទៀតមិនមែនថា អត់នោះទេ ខ្ញុំនៅតែសង្ឃឹមថា នឹងនៅតែមានមេដាយមាសដដែល»។
យោងតាមតារាង គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានបញ្ជាក់ថា ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២នេះ មានកីឡា១៤ប្រភេទគឺ៖ កីឡាអត្តពលកម្មជនពិការ Para Athletic, កីឡាហែលទឹកជនពិការ Para Swimming, កីឡាបាល់បោះរទេះ Wheelchair Basketball,កីឡាបាល់ទះអង្គុយ Sitting Volleyball,កីឡាវាយកូនឃ្លីលើតុជនពិការ Para Table Tennis, កីឡាវាយសីជនពិការ Para Badminton, កីឡាបាល់ទាត់ជនពិការ Football 5 Aside, កីឡាបាល់ទាត់ចលករខួក្បាល CP Football /Football 7 Aside, កីឡាបាល់បោះជនពិការ Para Goalball, កីឡាលើកទម្ងន់ជនពិការ Para Powerlifting, កីឡាយូដូជនពិការ Para Judo, កីឡាបូស្យា Boccia, កីឡាអុក Chess និងកីឡា E-Sport៕
ប្រភព៖ ក្រសួងព័ត៌មាន
- Share This Post: