ព័ត៌មានជាតិ

ស្នងការក្រុង ឆ្លើយតបភ្លាមៗ ចំពោះការចុះផ្សាយមួយសរសេរប្រៀបធៀបសមត្ថកិច្ចពាក់វែនតាខ្មៅ និងរុំកន្សែងបិទមុខ ទៅនឹង «ចោរ»

BY
srey nuch
June 3, 2023

រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញសេចក្តីបកស្រាយបំភ្លឺរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទៅនឹងការចុះផ្សាយផេកសារព័ត៌មានមួយក្នុងស្រុក ដែលសរសេរប្រមាថមើលងាយយ៉ាងធ្ងន់ធ្ងរមកលើមន្ត្រីអនុវត្តច្បាប់។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា បន្ទាប់ពីបានឃើញការចុះផ្សាយព័ត៌មានរបស់ផេកហ្វេសប៊ុករបស់សារព័ត៌មានមួយ ដែលមានលក្ខណៈញុះញង់ បង្កឲ្យមានការរើសអើង បំផុសបំផុល ប្រមាថមើលងាយ មកលើមន្ត្រីនគរបាលចរាចរណ៍ជាអ្នកអនុវត្តច្បាប់ ដោយបានប្រៀបសមត្ថកិច្ចថាជា “ចោរ” ពាក្យមួយនេះគឺ ធ្ងន់ធ្ងរណាស់ សម្រាប់សមត្ថកិច្ចជាមន្ត្រីនគរបាលជាតិ អ្នកអនុវត្តច្បាប់ បែរជាសារព័ត៌មានខ្វះវិជ្ជាជីវៈមួយនេះ ចុះផ្សាយប្រមាថមើលងាយយ៉ាងធ្ងន់ធ្ងរបំផុតមកលើមន្ត្រីនគរបាលជាតិ។

ក្នុងនាមជាមន្ត្រីនគរបាលចរាចរណ៍ទាំងអស់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មិនអាចទទួលយកបាននូវពាក្យនេះប្រមាថនេះជាដាច់ខាត ចំពោះពាក្យដែលញុះញង់ ប្រមាថមើលងាយ ពីអង្គភាពសារព័ត៌មានមួយនេះ ។

ជាក់ស្តែងសមត្ថកិច្ចនៅគោលដៅជាយក្រុង ដែលកំពុងតែអភិវឌ្ឍន៍ ដែលមានស្ថានភាពហុយដី និងអាកាសធាតុក្តៅខ្លាំង ទើបសមត្ថកិច្ចគ្រាន់តែពាក់វែនតាខ្មៅ និងរុំកន្សែងបិទមុខ កុំឲ្យក្តៅខ្លាំង បែរជាមកចោទសមត្ថកិច្ចថាជា «ចោរ» ។ គ្រប់គ្នាដឹងហើយស្ថានភាពអាកាសធាតុពេលនេះគឺក្តៅខ្លាំង ដូច្នេះដេីម្បីការពារកំដៅ និងដីហុយ គ្រាន់តែសមត្ថកិច្ចពាក់មួក វែនតាខ្មៅ ពាក់ម៉ាស់ កន្សែងរុំមុខ ខុសដែរមែនទេ បានជាមកចោទសមត្ថកិច្ចបែបនេះទៅវិញ។

សូមក្រសួងព័ត៌មាន មេត្តាជួយពិនិត្យមេីលឡេីងវិញ នូវសារព័ត៌មានមួយនេះ ដែលជារឿយៗតែងតែចុះផ្សាយព័ត៌មានដោយខ្វះនូវវិជ្ជាជីវៈ ខ្វះសីលធម៌ ជាពិសេសសរសេរពាក្យពេចន៍ប្រមាថមើលងាយធ្ងន់ធ្ងរដល់មន្ត្រីនគរបាលជាតិ ដែលមិនគួរលេីកលែងឲ្យបានឡេីយ ៕

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

Share This Post: