ព័ត៌មានជាតិ

កម្ពុជា និងអូស្រ្ដាលី សហការទប់ស្កាត់ការបោកប្រាស់ទាក់ទាញពលករពីកម្ពុជាឱ្យទៅធ្វើការនៅប្រទេសអូស្ត្រាលី

BY
Khmernote Media
June 5, 2023

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងឯកឧត្តម Justin Kevin Whyatt ឯកអគ្គរដ្ឋទូតអូស្ត្រាលីថ្មីប្រចាំកម្ពុជាបានជួបពិភាក្សាគ្នាលើចំណុចមួយចំនួនពាក់ព័ន្ធនឹងវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដោយភាគីកម្ពុជា និងភាគីអូស្ត្រាលីបានឯកភាពលើកិច្ចសហការទប់ស្កាត់ការបោកប្រាស់ទាក់ទាញពលករពីកម្ពុជាឱ្យទៅធ្វើការនៅប្រទេសអូស្ត្រាលីផ្នែកកសិកម្ម និងនេសាទ។

ការលើកឡើងរបស់ភាគីទាំងពីនេះ បានធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាង ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងឯកឧត្តម Justin Kevin Whyatt ឯកអគ្គរដ្ឋទូតអូស្ត្រាលីថ្មីប្រចាំកម្ពុជា នាព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងការងារ។

ឯកឧត្តម អ៊ិត សំហេង បានជម្រាបជូនថា កន្លងមកក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្ដីជូនដំណឹងរួចហើយ អំពាវនាវសូមឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នអំពើឆបោកដែលជនទុច្ចរិតដែលធានាផ្តល់ឱកាសការងារនៅប្រទេសអូស្រ្តាលី ដោយឱ្យប្រជាពលរដ្ឋបង់ប្រាក់ជាមុន។ ឯកឧត្ដមបានលើកឡើងថា រហូតមកដល់ពេលនេះ កម្ពុជានិងអូស្រ្តាលីមិនទាន់មានកិច្ចសហប្រតិបត្តិការលើការបញ្ជូនពលករកម្ពុជាឱ្យទៅធ្វើការនៅប្រទេសអូស្ត្រាលីនៅឡើយទេ។ ឯកឧត្តមរដ្ឋមន្ត្រីបានក្រើនរម្លឹក និងអំពាវនាវសារជាថ្មីដល់ប្រជាពលរដ្ឋកម្ពុជាសូមកុំចាញ់បោកពួកមេខ្យល់ទាំងនោះ ហើយសូមចូលរួមសហការផ្តល់ព័ត៌មានដល់ក្រសួងការងារបើសិនមានភ្នាក់ងារជ្រើសរើសណាមួយធ្វើការជ្រើសរើសនិងបញ្ជូនពលករធ្វើការនៅប្រទេសអូស្ត្រាលី។

ជាមួយគ្នានេះ ឯកឧត្តម Justin Kevin Whyatt បានកោតសរសើរចំពោះការរីកចម្រើនរបស់ប្រទេសកម្ពុជាក្នុងរយៈពេលដ៏ខ្លី ពិសេសលើវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានបន្តការអភិវឌ្ឍគួរឱ្យកត់សម្គាល់ផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រី អ៊ិត សំហេង បានថ្លែងថា ដោយសាររាជរដ្ឋាភិបាលកម្ពុជាបន្តរក្សាបាននូវសន្តិភាព ស្ថិរភាពនយោបាយ ទើបជំរុញឱ្យមានការអភិវឌ្ឍឈានឡើង ក្នុងនោះវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏ត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់យ៉ាងសំខាន់។ ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា នាពេលថ្មីៗនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានណែនាំឱ្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងក្រសួង/ស្ថាប័នជាសេនាធិការផ្សេងទៀត រួមសហការរៀបចំគោលនយោបាយជាតិបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់យុវជនក្នុងគ្រួសារក្រីក្រ និងងាយរងគ្រោះ ដែលមានចំនួនសរុប្រមាណ១,៥លាននាក់ ដោយរាជរដ្ឋាភិបាលរ៉ាប់រងទទួលបន្ទុកលើថ្លៃសិក្សា និងផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែ។

ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា៖ «ប្រសិនបើការងារនេះជោគជ័យទៅបាន នឹងជួយកាត់បន្ថយគម្លាតរវាងកម្លាំងពលកម្មដែលមានជំនាញ ឱ្យឆ្លើយតបនឹងតម្រូវការទីផ្សារការងារ ព្រមទាំងជួយលើកកម្ពស់ជីវភាពរបស់យុវជនក្រីក្រទាំងនោះឱ្យកាន់តែប្រសើរជាងមុន»

ទន្ទឹមនេះដែរ ភាគីទាំងពីរបានពិភាក្សាលើការបង្កើតតុលាការការងារ ដើម្បីធ្វើឱ្យមានភាពប្រសើរឡើងលើការដោះស្រាយទំនាស់ ឬការមិនចុះសម្រុងគ្នារវាងនិយោជក និងកម្មករ និយោជិត។

ត្រង់ចំណុចនេះ ឯកឧត្តម អ៊ិត សំហេង បានថ្លែងបញ្ជាក់ថា ចំពោះការដោះស្រាយបញ្ហារបស់និយោជក និងកម្មករនិយោជិត កម្ពុជាបានបង្កើតក្រុមប្រឹក្សាអាជ្ញាកណ្ដាលមួយ ហៅកាត់ថា AC រួចមកហើយ ដើម្បីសម្រួលការដោះស្រាយទំនាស់វិវាទក្រៅប្រព័ន្ធតុលាការ ហើយរាជរដ្ឋាភិបាលបានដាក់ឱ្យប្រើប្រាស់ច្បាប់ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការរួចមកហើយដែរ។

តែទោះជាយ៉ាងណា ឯកឧត្ដមរដ្ឋមន្រ្ដីបានអះអាងថា ការរៀបចំបង្កើតតុលាការការងារនៅតែមានការយកចិត្តទុកដាក់ និងឈានទៅការបង្កើតឱ្យបាននៅពេលខាងមុខ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: