កុំប្រហែស! អ៊ំប្រុសម្នាក់ បរិភោគផ្លែម៉ាក់ប្រាងទាំងគ្រាប់អស់ជាច្រើនថ្ងៃ បណ្ដាលឱ្យឈឺចុកឆ្អល់នៅចុងដង្ហើម ក៏សម្រេចមកមន្ទីរពេទ្យកាល់ម៉ែត ត្រូវបានគ្រូពេទ្យសង្គ្រោះចាប់យកគ្រាប់នោះចេញម្តងមួយៗ ដោយជោគជ័យ
- June 6, 2023
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ មន្ទីរពេទ្យកាល់ម៉ែត បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបរិភោគផ្លែឈើដែលមានគ្រាប់ធំៗ ដោយប្រុងប្រយ័ត្ន និងមិនគួរបរិភោគទាំងគ្រាប់ឡើយ ដែលអាចបង្កហានិភ័យគ្រោះថ្នាក់ដល់អាយុជីវិតបាន។

ជាក់ស្តែងនៅល្ងាចថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ មានអ៊ំប្រុសម្នាក់អាយុ ៤៨ឆ្នាំ មកពីខេត្តតាកែវ បានចូលមកមន្ទីរពេទ្យកាល់ម៉ែត ដោយមានអាការៈឈឺចុកឆ្អល់នៅចុងដង្ហើម និងក្អួតជាច្រើនដង ដែលអាការៈនេះមានប្រហែលជិតមួយខែហើយ គឺបន្ទាប់ពីគាត់បានពិសា ផ្លែម៉ាក់ប្រាង ដោយមិនបានយកគ្រាប់ចេញ។
តាមរយៈការសាកសួរ អ្នកជំងឺផ្ទាល់ គឺគាត់បានពិសាផ្លែម៉ាក់ប្រាងជាច្រើនគ្រាប់តាំងពីដើមខែមេសា ពោលគឺប្រហែលថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ និងបន្តពិសានៅថ្ងៃបន្តបន្ទាប់មកទៀត ដោយពុំបានយកគ្រាប់ចេញទេ។ ប្រហែលជា ៤ ទៅ ៥ថ្ងៃបន្ទាប់ពីការហូប គាត់ក៏មានអាការៈឆ្អល់នៅចុងដង្ហើម និង ក្អួតជាបន្តបន្ទាប់។ ដោយការធ្វើទុកបែបនេះពីមួយថ្ងៃទៅមួយថ្ងៃ ពុំមានការធូរស្រាល បើទោះបី គាត់បានពិសាថ្នាំពេទ្យមួយចំនួនក៏ដោយ គាត់ក៏សម្រេចមកមន្ទីរពេទ្យកាល់ម៉ែត នៅថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០២៣។
ក្រោយពីការសាកសួរពីគ្រូពេទ្យជំនាញយ៉ាងម៉ត់ចត់រួច គ្រូពេទ្យក៏បានស្នើរសុំធ្វើ អេកូពោះ និងស្កេនពោះ។ ជាលទ្ធផល យើងឃើញមានគ្រាប់ម៉ាក់ប្រាងមួយគ្រាប់ ជាប់នៅនឹងគល់ពោះវៀនតូច (Bulbe) ដែលជាមូលហេតុនាំឲ្យគ្រាប់ជាច្រើនផ្សេងទៀត ចាល់នៅពេញក្រពះ។
ក្រោយពីបានពិភាក្សាគ្នាយ៉ាងម៉ត់ចត់រវាង គ្រូពេទ្យឯកទេស ថ្លើម ក្រពះ ពោះវៀន និងគ្រូពេទ្យឯកទេស ថ្នាំសណ្តំ រួចមក យើងក៏សម្រេចចិត្ត ធ្វើការឆ្លុះក្រពះ ទាំងយប់ ដើម្បីចាប់គ្រាប់ទាំងនោះចេញ។ ក្រុមគ្រូពេទ្យបានព្យាយាមចាប់គ្រាប់ម៉ាក់ប្រាងទាំងនោះចេញម្តងមួយៗ បានដោយជោគជ័យ ដែលមានចំនួនសរុប ៧៣ គ្រាប់ ក្នុងរយៈពេលជិត ៣ម៉ោង។
ផលវិបាកធ្ងន់ធ្ងរ (ករណីមិនបានព្យាបាលទាន់ពេលវេលា)៖
១- គ្រាប់ដែលកកស្ទះយូរក្នុងពោះវៀនធំ ដែលនៅលាយឡំនឹងលាមកក្ដៀនបង្កឲ្យពោះវៀនបាត់បង់សមត្ថភាពរុញកាកសំណល់ចេញមកក្រៅ ធ្វើឲ្យអ្នកជំងឺមិនអាចជុះលាមកច្រើនថ្ងៃ រហូតដល់តឹងពោះខ្លាំង ហូបមិនបាន និងមានការក្អួតខ្លាំងក្រោយហូបអាហារ។
២- គ្រាប់ដែលកកស្ទះយូរក្នុងពោះវៀន បានកកិតនឹងភ្នាសពោះវៀនដែលកំពុងរលាក គឺអាចបង្កឲ្យមានការចាក់មុតធ្លុះដាច់ធ្លាយពោះវៀនសាយភាយលាមកនិងមេរោគ បណ្ដាលឲ្យរលាកស្រោមពោះធ្ងន់ធ្ងរ (Péritonite) ដែលពេលខ្លះការមកដល់មន្ទីរពេទ្យយឺតយាវរបស់អ្នកជំងឺ ធ្វើឲ្យមានការលំបាកក្នុងការសង្រ្គោះអាយុជីវិត ទោះបីបានព្យាបាលដោយការវះកាត់ក៏ដោយ ៕




- Share This Post:






