SEA GAMES

វីរកីឡាការិនីឆ្នើម វ៉ិត ចន្ថា ការពារមេដាយមាសទី២ បានជោគជ័យ

BY
srey nuch
June 6, 2023

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា កីឡាការិនីអត្តពលកម្ម វ៉ិត ចន្ថា បានការពារមេដាយមាសទី២ របស់ខ្លួនបានជោគជ័យ លើវិញ្ញាសារត់ចម្ងាយ ៤០០ម៉ែត្រ កម្រិតពិការ T64 កាលពីល្ងាចថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣ នៅទីលានពហុកីឡដ្ឋាជាតិមរតកតេជោ នៃព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២២០២៣។

ម្ចាស់មេដាយាមាស វ៉ិត ចន្ថា ធ្វើសម្រេចក្នុងថេរៈវេលា ១:១២.៦៩ ខណៈមេដាយ ប្រាក់បានទៅលើកីឡាការិនី Law Lar Win ធ្វើសម្រេចក្នុងថេរៈវេលា ១:២១.៩៦។ នេះជាមេដាយមាសទី៣ របស់កម្ពុជា ខណៈការគោរពទង់ជាតិនៃព្រះរាជណា ចក្រកម្ពុជាត្រូវបានប្រាព្ធធ្វើឡើងប្រកបដោយមោទកភាពជាតិ។

កីឡាការិនី វ៉ិត ចន្ថា បង្ហាញក្តីរំភើបរីករាយជាខ្លាំង ដែលការពារមេដាយមាស សម្រេចក្តីប្រាថ្នាធំរបស់ខ្លួន ដោយបានលើកឡើងថា «ដោយសារការហ៊ោកញ្ចៀវ លើកទឹកចិត្តពីអ្នកគាំទ្រ ខ្ញុំកាន់តែមានកម្លាំងចិត្តខ្លាំងក្លា រត់វ៉ាម្នាក់ហើយម្នាក់ទៀត រហូតបញ្ចប់ទីបានល្អដាច់គេ ហើយដណ្តើមបានមេដាយមាសតែម្តង។ លើកនេះ មានវត្តមានម្តាយ ប្តី ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋខ្មែរបានចូលរួមគាំទ្រ បើទោះជាខ្ញុំឈឺជើង ក៏ខ្ញុំស៊ូទ្រាំ និងប្រាប់ខ្លួនឯងស៊ូៗថារត់ជិតដល់ទីហើយ»។ «ពេលទទួលបានមេដាយមាសនេះហើយ ខ្ញុំបំពាក់ជូនម្តាយរបស់ខ្ញុំមុនគេ។ គេតែងតែហៅខ្ញុំថា វីរកីឡាការិនី ប៉ុន្តែវីរកីឡាការិនីពិតប្រាកដ គឺជាម្តាយរបស់ខ្ញុំ ដែលគាត់តែងតែតស៊ូចិញ្ចឹមកូន លះបង់ឈាមស្រស់ ដើម្បីចម្លងកូនឱ្យ ឆ្លងផុតភាពក្រីក្រ និងការលំបាកទាំងឡាយក្នុងជីវិត។

ភាពក្រីក្រនេះហើយ ដែលបណ្តុះ ស្មារតីជីវិត ខ្លួនឯងឱ្យពុះពាររហូតដល់ចូលប្រកួតក្នុងវិស័យកីឡាទទួលបានជោគជ័យ និងដណ្តើមបានសមិទ្ធផលជូនជាតិ»។

ជាថ្មីម្តងទៀត ម្ចាស់មេដាយមាស២គ្រឿងម្នាក់ឯងរូបនេះបង្ហាញការថ្លែងអំណរគុណ ដ៏ជ្រាលជ្រៅជូនសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ឯកឧត្តម យី វាសនា អគ្គលេខាធិការ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ព្រមទាំថ្នាក់ដឹកនាំគ្រប់ថ្នាក់ និងការគាំទ្រ របស់ប្រជាពលរដ្ឋ ដែលបានជួយសង្គ្រោះជីវិត វ៉ិត ចន្ថា ជាជនពិការឱ្យមាន មុខមាត់ក្នុងសង្គមជាតិ។ «អ្វីដែលពិសេស នាងខ្ញុំ ថ្លែងអំណរគុណឯកឧត្តម ហ៊ុន ម៉ានី ប្រធានស.ស.យ.ក និងជាតំណាងគណៈកម្មាធិការជាតិ CAMAPGOC ដែលបានទិញជើងសប្បនិមិត្តរាប់ពាន់ដុល្លារនេះដល់នាងខ្ញុំ ដើម្បីចូលរួម ប្រកួតប្រជែងមេដាយបានសម្រេចនាពេលនេះ»។

ទោះបីជាពេលនេះ វ៉ិត ចន្ថា ដណ្តើមបានមេដាយមាស២គ្រឿងជូនជាតិ ក្នុងនាមជាម្ចាស់ផ្ទះហើយក្តី ក៏កីឡាការិនីវ័យ៤០ឆ្នាំរូបនេះនៅសល់១វិញ្ញាសាទៀត គឺរត់ចម្ងាយ ២០០ម៉ែត្រ ដោយចន្ថានៅតែបន្តការប្តេជ្ញាចិត្តប្រឹងប្រែងដណ្តើមមេដាយបន្ថែម ទោះខ្លួនឯងនៅឈឺជើងយ៉ាងណាក្តី៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: