SEA GAMES

កីឡាការិនី មេដាយមាស យិន សូត៖ ខ្ញុំបានប្រឹងអស់ពីសមត្ថភាពដើម្បីយកមេដាយជូនជាតិ ជាពិសេសកិត្តិយសសម្រាប់ជនពិការភាព

BY
srey nuch
June 7, 2023

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដដឹងថា កីឡាការិនី យិន សូត ធ្លាប់ចូលរួមប្រកួតនៅក្រៅប្រទេសជាច្រើនដង តែមិនទទួលបានជោគជ័យ។ បទពិសោធន៍ បរាជ័យដ៏សែនឈឺចាប់នេះ បានធ្វើឱ្យកីឡាការិនីរូបនេះ បានប្រឹងប្រែងហ្វឹកហាត់លែង ខ្លាចឈឺកាយ សប្បាយនឹងគោលដៅចង់បានមេដាយក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម។

ដូចការរំពឹងទុក ពីកីឡាការិនី ធ្លាប់តែអស់សង្ឃឹម ក្លាយជាកីឡាការិនី បានជ័យលាភីមេដាយមាស ក្នុងព្រឹត្តិការណ៍កម្រិតអន្តរជាតិ។ កីឡាការិនី យិន សូត បានឈ្នះមេដាយមាស ក្នុងប្រភេទកីឡាអត្តពលកម្ម វិញ្ញាសារត់ចម្ងាយ ៨០០ម៉ែត្រ T11 នាព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ។

កីឡាការិនី យិន សូត បាននិយាយថា៖ «មិននឹកស្មានថា បានមេដាយមាសទេ គិតថា បានត្រឹមសំរិទ្ធឬមិនបានផង ព្រោះការប្រកួតប្រជែងខ្នាតអន្តរជាតិគឺខ្ញុំធ្លាប់ជួបច្រើនដងហើយគឺសមត្ថភាពពួកគេខ្លាំងៗមែនទែន។ ដល់ពេលធ្វើជាម្ចាស់ផ្ទះនេះគឺខ្ញុំតាំងចិត្តថា នឹងព្យាយាមឱ្យអស់ពីសមត្ថភាពថា នឹងដណ្ដើមយកមេដាយ ទោះបីមេដាយអ្វីក៏ដោយគឺខ្ញុំត្រូវតែយកឱ្យបាន ពេលនេះខ្ញុំធ្វើបានសម្រេចហើយ»។

ឈ្នះមេដាយមាសភ្លាម កីឡាការិនី យិន សូត បានប្រាប់អ្នកសារព័ត៌មានថា៖ «ខ្ញុំមានអារម្មណ៍រំភើប រំភើបខ្លាំងមែនទែន មិននឹកស្មានថា ខ្លួនឯងអាចឈរជើងប្រកួតខ្នាតអន្តរជាតិ មានសមត្ថភាពអាចដណ្ដើមមេដាយមាសបាន ដើម្បីជូនជាតិ និងប្រទេសជាតិទាំងមូល ជាពិសេសបំផុតសម្រាប់ជនមានពិការភាពនៅក្នុងប្រទេសកម្ពុជា»

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: