សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវកុំឱ្យមានការរើសអើងចំពោះស្រ្ដីដែលបម្រើការងារនៅកន្លែងផ្ដល់សេវាកម្សាន្តនានា
ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយបងប្អូនជួបកម្មករ កម្មការិនីជិត ២ម៉ឺននាក់នៅខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៨ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវកុំឱ្យមានការរើសអើងចំពោះស្រ្ដីដែលបម្រើការងារនៅកន្លែងផ្ដល់សេវាកម្សាន្តនានា។

នាឱកាសនោះផងដែរថា សម្ដេចតេជោ បានណែនាំដល់ភរិយាអភិបាលខេត្ត និងអភិបាលរងខេត្តជាស្រ្ដី ត្រូវធ្វើជាប្រធានក្នុងការគ្រប់គ្រងដល់ស្រ្ដីបម្រើការងារនៅតាមទីតាំងកម្សាន្តនេះ ដើម្បីចូលរួមជួយដោះស្រាយទុក្ខលំបាកនានារបស់ពួកគាត់។
សម្ដេចតេជោបានមានប្រសាសន៍ថា៖ « ខ្ញុំសូមបញ្ជាក់ផងដែរថា សុំកុំឱ្យមានការរើសអើងជាមួយនឹងស្រ្តីបម្រើការក្នុងសេវាកម្សាន្ត គាត់ក៏ជាមនុស្សដូចយើងដែរ ពេលខ្លះគាត់ធ្វើការក្នុងកន្លែងបម្រើសេវា ប៉ុន្តែពេលថ្ងៃគាត់ពាក់អាវកាកបាទក្រហមធ្វើការងារសង្គម ចឹងទេកុំមើលឱ្យតែអ្នកណាធ្វើការនៅកន្លែងកម្សាន្តក្នុងពេលយប់ គឺសុទ្ធតែមិនល្អ មិនមែនចឹងទេ ធ្វើចឹងគឺវាខុស ចឹងទេបានជាខ្ញុំថា កុំឱ្យពិបាក ប្រពន្ធចៅហ្វាយខេត្ត ត្រូវតែធ្វើជាអ្នកដឹកនាំដើម្បីធ្វើការជាមួយនឹងស្រ្តីដែលបម្រើការសេវាកម្សាន្តសម្រាប់មនុស្សពេញវ័យ កុំឱ្យពូកែប្រច័ណ្ឌពេក ក្រែងចៅហ្វាយខេត្តទៅប្រពន្ធប្រច័ណ្ឌ ចឹងប្រើប្រពន្ធចៅហ្វាយខេត្តឱ្យទៅហ្មងទៅ មានតែវិធីសាស្រ្តនេះទេដេញឱ្យទាន់ម្ដង កុំឱ្យពូកែប្រច័ណ្ឌពេក ហើយយើងមានអភិបាលរងខេត្តជាស្រ្តីធ្វើការជាមួយ។ កែវភ្នែករបស់យើងកុំសម្លឹងឱ្យតែអ្នកចម្រៀង អ្នកសិល្បៈ សុទ្ធតែស្រ្តីមិនល្អ គឺមិនអ៉ីចឹងទេ ខ្លះគ្នាតម្រូវការជីវភាពឱ្យធ្វើអ៉ីចឹង»៕

អត្ថបទ៖ លីនី