ក្មេងស្រីតូចម្នាក់ មានជំងឺរលាកសួតក្លាយជាបូសសួតខាងស្តាំយ៉ាងធ្ងន់ធ្ងរ ត្រូវបានមន្ទីរពេទ្យគន្ធបុប្ផាសង្រ្គោះជីវិតទាន់ពេល
- June 8, 2023
នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ មន្ទីរពេទ្យគន្ធបុប្ផា បានឱ្យដឹងថា ក្មេងស្រីតូចម្នាក់ មានជំងឺរលាកសួតក្លាយជាបូសសួតខាងស្តាំយ៉ាងធ្ងន់ធ្ងរបំផុត ត្រូវបានមន្ទីរពេទ្យគន្ធបុប្ផាសង្រ្គោះជីវិតទាន់ពេល ។

ក្មេងស្រីតូចម្នាក់នេះ មានអាយុ១ឆ្នាំ មកពីខេត្តកំពង់ចាម មកដល់មន្ទីរពេទ្យគន្ធបុប្ផាដោយដង្ហក់ហត់ថប់ដង្ហើម និងបាត់បង់ស្មារតីធ្ងន់ធ្ងរបំផុត មានជំងឺរលាកសួតក្លាយជាបូសសួតខាងស្តាំយ៉ាងធ្ងន់ធ្ងរបំផុត នាងត្រូវបានជួយសង្រ្គោះជីវិតនៅផ្នែកសង្រ្គោះបន្ទាន់គន្ធបុប្ផាអស់រយៈពេល៣៦ថ្ងៃ។
មន្ទីរពេទ្យគន្ធបុប្ផា សូមឱ្យអាណាព្យាបាល ថែរទាំសុខភាព ពិសេសក្មេងតូចៗ ព្រោះជំងឺរលាកសួត អាចវិវត្តទៅជាធ្ងន់ធ្ងរ បណ្តាលឲ្យរលួយក្លាយជាបូសក្នុងសួត និងធ្លុះធ្លាយសួតបាន ភាគច្រើនបណ្តាលមកពីមេរោគបាក់តេរីកាចៗ និងពិបាករកប្រភេទមេរោគនោះឲ្យឃើញច្បាស់នោះទេ តាមរយៈការបណ្តុះមេរោគក្នុងឈាម ព្រោះភាគច្រើនកុមារទាំងនោះ តែងតែទទួលការព្យាបាលដោយថ្នាំអង់ទីប៊ីយ៉ូទិក ពុំមានប្រសិទ្ធភាពសម្លាប់បាក់តេរីនោះរួចទៅហើយ មុនពេលមកដល់មន្ទីរពេទ្យ សូមប្រុងប្រយ័ត្នក្នុងការប្រើប្រាស់ថ្នាំអង់ទីប៊ីយ៉ូទិក ដោយគ្មានវេជ្ជបញ្ជា។
អរគុណគន្ធបុប្ផា រាល់ការព្យាបាល ទាំងអស់ គឺឥតគិតថ្លៃ សម្រាប់គ្រប់ៗគ្នា ដោយគ្មានការរើសអើង អរគុណមូលនិធិគន្ធបុប្ផាស្វីស និងមូលនិធិគន្ធបុប្ផាកម្ពុជា អរគុណចំពោះសប្បុរសជនគ្រប់ៗរូប ដែលតែងតែគាំទ្រដល់ដំណើរការមន្ទីរពេទ្យគន្ធបុប្ផា ៕

ប្រភព៖ Dr. Beat Richner
- Share This Post:






