ព័ត៌មានជាតិ

រាជរដ្ឋាភិបាល ប្រកាសផ្ដល់របបថែទាំសុខភាពតាមប្រព័ន្ធមូលនិធិសមធម៌ «ប.ស.ស.» សម្រាប់បុគ្គលបម្រើការក្នុងសេវាកម្សាន្តទេសចរណ៍

BY
Khmernote Media
June 13, 2023

រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ រាជរដ្ឋាភិបាលកម្ពុជា ប្រកាសផ្ដល់របបថែទាំសុខភាពតាមប្រព័ន្ធមូលនិធិសមធម៌ សុខាភិបាល (ប.ស.ស.) សម្រាប់បុគ្គលបម្រើការក្នុងសេវាកម្សាន្តទេសចរណ៍ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរ​បស់ រាជរដ្ឋាភិបាលកម្ពុជា ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ មានខ្លឹមសារយ៉ាងដូច្នេះថា៖ ក្នុងបរិការណ៍នៃសុខសន្តិភាព និងស្ថេរភាពនយោបាយ, រាជរដ្ឋាភិបាលតែងតែគិតគូរយ៉ាងមធ្យ័តអំពី សុខុមាលភាពរបស់ប្រជាជនកម្ពុជាគ្រប់រូប ដោយឈរលើគោលនយោបាយ «មិនបោះបង់ពលរដ្ឋណាម្នាក់» ឡើយ។ ជាមួយនឹងការគិតគូរនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវអន្តរាគមន៍គាំពារសង្គមនានា ក្នុង គោលបំណងធានាឱ្យបាននូវសន្តិសុខប្រាក់ចំណូល កាត់បន្ថយភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សំដៅកាត់បន្ថយ និងទប់ស្កាត់ការធ្លាក់ចុះក្នុងភាពក្រីក្រជាអតិបរមា ជូនប្រជាជនគ្រប់រូប។ ពេលនេះ រាជរដ្ឋាភិបាលសម្រេចផ្តល់របបថែទាំសុខភាពតាមប្រព័ន្ធមូលនិធិសមធម៌សុខាភិបាល សម្រាប់បុគ្គលបម្រើការក្នុងសេវាកម្សាន្តទេសចរណ៍នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាពិសេសស្ត្រីដែលបម្រើការ នៅតាមរង្គសាល, ឌីស្កូតក, ខារ៉ាអូខេ, បៀរហ្គាឌិន, កន្លែងម៉ាស្សា និងស្ប៉ា ស្របតាមលិខិតបទដ្ឋាន គតិយុត្តជាធរមាន ដែលរដ្ឋនឹងរាប់រងនូវចំណាយទាំងស្រុង។

ក្នុងន័យនេះ ខ្ញុំសូមអំពាវនាវដល់និយោជក ឬម្ចាស់សហគ្រាស គ្រឹះស្ថាន ក្នុងវិស័យសេវាកម្សាន្ត ទេសចរណ៍ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ត្រូវរៀបចំបញ្ជីឈ្មោះបុគ្គលបម្រើការក្នុងសេវាកម្សាន្តទេសចរណ៍ ន សេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងសហគ្រាស គ្រឹះស្ថានរបស់ខ្លួន ដើម្បីបញ្ចូនទៅរដ្ឋបាលរាជធានី-ខេត្ត ឬក្រុង/ស្រុក/ ខណ្ឌ ដើម្បីផ្ទៀងផ្ទាត់ពីភាពត្រឹមត្រូវ មុននឹងស្នើទៅបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ដើម្បីចុះបញ្ជីឱ្យ ពួកគាត់អាចទៅទទួលយកអត្ថប្រយោជន៍ក្រោមកញ្ចប់មូលនិធិសមធម៌សុខាភិបាល នៅតាមមូលដ្ឋាន សុខាភិបាលសាធារណៈ នៅទូទាំងប្រទេស ដោយឥតបង់ថ្លៃ ៕

ប្រភព៖ ក្រសួងព័ត៌មាន – Ministry of Information

Share This Post: