ព័ត៌មានជាតិ

ក្រុមជម្រើសជាតិហុកគីនារីកម្ពុជា ត្រៀមប្រកួត Asian Games នៅប្រទេសចិន

BY
Khmernote Media
June 13, 2023

រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា ក្រោយទទួលបានសិទ្ធិជាផ្លូវការពីសហព័ន្ធកីឡាហុកគីអាស៊ី ក្រុមកីឡាហុកគីនារីកម្ពុជាបាន​ក្លាយ​ជាបេក្ខភាពមួយ ត្រៀមចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាអាស៊ី (ASIAN Games) លើកទី១៩ ដែលគ្រោងនឹងធ្វើឡើងនៅទីក្រុង Hangshou សាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី២៣ ខែកញ្ញា ដល់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣ ក្រោយពីបានពន្យារពេលក្នុងឆ្នាំ២០២២ ដោយសារវិបត្តិ​ជំងឺ​កូវីដ-១៩។

លោក កាំង សុធា អគ្គលេខាធិការ​ សហព័ន្ធកីឡាហុកគីកម្ពុជាគូសបញ្ជាក់ថា ក្រុមជម្រើស​ជាតិ​ហុកគីនារីកម្ពុជាបានក្លាយជាបេក្ខភាពមួយក្នុងចំណោមបេក្ខភាពជាច្រើនទៀត ក្នុងអាស៊ីទាំង​មូល សម្រាប់ការប្រកួតកីឡាអាស៊ី ឆ្នាំ២០២៣ គឺដោយសារក្រុមហុកគីនារីកម្ពុជា​បានឆ្លងកាត់​ការប្រកួតអន្តរជាតិនានា កន្លងមក បូករួមទាំងការទទួលធ្វើម្ចាស់ផ្ទះ កីឡាស៊ីហ្គេម លើកទី៣២ ពីថ្ងៃទី​០៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ដោយក្រុមកម្ពុជាទទួលបានមេដាយសំរឹទ្ធ​លើវិញ្ញា សា​ហុកគីនារីនេះ។ លោកអគ្គលេខាធិការរូបនេះបន្ថែមថា នេះជាក្តីរីករាយមួយ ដែលហុកគីនារី​កម្ពុជា​មានកៅអី១ចូលរួមប្រកួតកីឡាអាស៊ី ចុងឆ្នាំ២០២៣ខាងមុខនេះ ដែលជាព្រឹត្តិការណ៍​កីឡា​ដ៏ធំប្រចាំទ្វីបអាស៊ីទាំងមូល បន្ទាប់ពីហុកគីកម្ពុជាតែងតែខិតខំប្រឹងប្រែងចូលរួមប្រកួតប្រជែង ក្នុង​ព្រឹត្តិការណ៍អន្តរជាតិនានាជាបន្តបន្ទាប់ កន្លងមក។

ក្រោយពីវត្តមានប្រភេទកីឡាហុកគី នៅកម្ពុជា ជិត២០ឆ្នាំមកនេះ លោក កាំង សុធា បាន​បង្ហាញពីការខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍប្រភេទកីឡាអូឡាំពិកមួយនេះកាន់តែមានល្អប្រសើរបន្តិចម្តងៗ បើទោះបីជាការអភិវឌ្ឍនេះមានដំណើរយឺតក្តី ក៏លោកចាត់ទុកថា នេះជាមោទនភាព​មួយ ដែលយើងដើរឆ្ពោះទៅមុខជានិច្ចមិនថយក្រោយ ពោលគឺពីការប្រកួតអន្តរជាតិពី​ការចាញ់​គ្រាប់ច្រើនមកគ្រាប់តិច ហើយពេលខ្លះមានស្មើ ហើយក៏មានឱកាសឈ្នះខ្លះ។ លោកបានបន្ថែម​ថា ក្នុងនាមជាម្ចាស់ផ្ទះ ស៊ីហ្គេម ២០២៣ ជាប្រវត្តិសាស្រ្តដំបូង គឺប្រភេទកីឡាហុកគីទទួលបាន​មេដាយសំរឹទ្ធ ដែលជាក្តីសង្ឃឹម និងមោទនភាព បន្តដំណើរឆ្ពោះទៅមុខមិនរាថយ។

គួរបញ្ជាក់ថា កីឡាអាស៊ី គឺជាព្រឹត្តិការណ៍ពហុកីឡាដ៏ធំជាងគេប្រចាំទ្វីបអាស៊ី ដែលធ្វើ​ឡើង​រៀងរាល់៤ឆ្នាំម្តង ដោយកីឡាអាស៊ីនេះបានប្រារព្ធបាន១៨លើក ស្មើនឹង ៧២ឆ្នាំមកហើយ ខណៈព្រឹត្តិការណ៍បន្ទាប់ លើកទី១៩ នឹងធ្វើឡើងនៅទីក្រុមទីក្រុង Hangshouសាធារណរដ្ឋ​ប្រជា​មានិតចិន ដោយម្ចាស់ផ្ទះមួយនេះបានប្រកាសពីចំនួន ៤០ប្រភេទកីឡា ស្មើនឹង ៤៨២វិញ្ញាសា៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា

Share This Post: