យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” សម្រាប់កុមារកម្ពុជា ទទួលបានថវិកាបរិច្ចាគជិត ២លានដុល្លារអាមេរិក ក្នុងអំឡុងពេល ២សប្ដាហ៍
- June 14, 2023
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ មូលនិធិគន្ធបុប្ផាកម្ពុជា បានឱ្យដឹងថា បន្ទាប់ពីបានបើកយុទ្ធនាការបានរយៈពេល២សប្ដាហ៍មក យុទ្ធនាការ “១ម៉ឺនរៀល១ម៉ឺននាក់” សម្រាប់កុមារកម្ពុជា ដែលត្រូវបានបង្កើតឡើងដើម្បីចូលរួមអបអរសាទរ ទិវាកុមារអន្តរជាតិ១ មិថុនា ទទួលបានថវិកាបរិច្ចាគចំនួនជិត ២លានដុល្លារអាមេរិក ពីសប្បុរសជនជាង២០ម៉ឺននាក់ (គិតរួមទាំងការបរិច្ចាគតាមប្រព័ន្ធធនាគារ និងដោយផ្ទាល់នៅមន្ទីរពេទ្យគន្ធបុប្ផា) ។

សូមរលឹកជូនថា មូលនិធិគន្ធបុប្ផាកម្ពុជា គឺជាស្ថាប័នជាតិមួយដែលមានតួនាទីក្នុងការកៀរគរការបរិច្ចាគ ពីសប្បុរសជន ដើម្បីរួមគ្នារក្សានិរន្តរភាពរបស់មន្ទីរពេទ្យគន្ធបុប្ផាទាំង៥ទីតាំង ខណៈចំណាយជាមធ្យមប្រចាំសប្ដាហ៍អស់ប្រមាណ ៨៤ ម៉ឺនដុល្លារអាមេរិក ឬស្មើនឹងជាង៤០លានដុល្លារក្នុង១ឆ្នាំៗ ឯណោះ។
មូលនិធិគន្ធបុប្ផាកម្ពុជា សូមលើកទឹកចិត្តសប្បុរសជននានា បន្តរួមគ្នាជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងស្មារតី “ខ្មែរជួយខ្មែរ” ដើម្បីនាំមកនូវភាពញញឹមរបស់កុមារដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា ទោះបីជានៅពេលយុទ្ធនាការ “១ម៉ឺនរៀល១ម៉ឺននាក់”សម្រាប់កុមារកម្ពុជា នឹងត្រូវបញ្ចប់នៅដំណាច់ខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះក៏ដោយ ៕



ប្រភព៖ មូលនិធិគន្ធបុប្ផាកម្ពុជា – Cambodia Kantha Bopha Foundation
- Share This Post:






