ព័ត៌មានជាតិ

ប្រជាពលរដ្ឋ នឹងលែងប្រឈមការអត់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទៅប្រើប្រាស់ទៀតហើយនាពេលខាងមុខ

BY
Khmernote Media
June 15, 2023

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចក្រឡាហោម ស ខេង បានអះអាងថា ប្រជាពលរដ្ឋនឹងលែងប្រឈមការអត់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ​ទៅប្រើប្រាស់ទៀតហើយនាពេលខាងមុខ ដើម្បីជួយដោះស្រាយបញ្ហាប្រជាជនមួយចំនួនបានធ្វើចំណាកស្រុកពីខេត្តមួយទៅខេត្តមួយ ឬចំណាក ស្រុកទៅក្រៅប្រទេស និងយកទៅបញ្ចាំជាមួយមីក្រូហិរញ្ញវត្ថុ និងខ្ចី ប្រាក់ក្រៅប្រព័ន្ធជាដើម។

ឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារទទួលខុសត្រូវដឹកនាំ និងជំរុញការផ្តល់អត្តសញ្ញាណប័ណ្ណ​សញ្ជាតិខ្មែរ​ទុតិយតា បានលើកឡើងថា ចំពោះករណីការផ្តល់ជូនអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរសេសសល់មិនទាន់បានផ្តល់ជូន គឺដោយសារក្រុមការងារ កំពុងមានបញ្ហាប្រឈមសំខាន់ៗមួយចំនួន ដូចជា មានប្រជាជនមួយចំនួនបានធ្វើចំណាកស្រុកពីខេត្តមួយទៅខេត្តមួយ ឬចំណាកស្រុកទៅក្រៅប្រទេស មិនអាចត្រឡប់មកបំពេញបែបបទផ្តល់អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរទុតិយតាបាន។ ក្រៅពីនេះ មានប្រជាពលរដ្ឋមួយ ចំនួន បានយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ទៅប្រើប្រាស់ខុសគោលដៅ ដូចជា យកទៅបញ្ចាំជាមួយមីក្រូហិរញ្ញវត្ថុ និងខ្ចីប្រាក់ក្រៅប្រព័ន្ធជាដើម។

ថ្លែងក្នុងឱកាសដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលនៃការអនុវត្តផែនការយុទ្ធនាការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា នៅទីស្ដីការក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា បញ្ហានេះនឹងលែងមានតទៅទៀត បន្ទាប់ពីសេចក្តីព្រាងច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ត្រូវបានអនុម័តដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលដ៏ខ្លីខាងមុខនេះ។

ទន្ទឹមនឹងនេះ សម្តេចក៏បានវាយតម្លៃខ្ពស់ចំពោះក្រុមការងារទទួល ខុសត្រូវដឹកនាំ និងជំរុញការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា និងអង្គភាពពាក់ព័ន្ធដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្តអនុវត្តសម្រេចបានលទ្ធផល និងវឌ្ឍនភាពយ៉ាងល្អប្រសើរ៕ ​

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: