ព័ត៌មានជាតិ

ក្រសួងអប់រំ ប្រកាសជ្រើសរើសមន្រ្ដីរដ្ឋបាលទូទៅចំនួន ១០០នាក់ សម្រាប់បម្រើការងារនៅតាមអង្គភាព និងគ្រឹះស្ថានសិក្សា ផុតកំណត់នៅថ្ងៃទី២៧ ខែមិថុនា

BY
Khmernote Media
June 15, 2023

រាជធានីភ្នំពេញ​៖ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការប្រឡងជ្រើសរើសមន្រ្ដីរដ្ឋបាលទូទៅ ដើម្បីបម្រើការងារនៅតាមអង្គភាព និងគ្រឹះស្ថានសិក្សានានា ក្រោមឱវាទទីស្ដីការក្រសួងអប់រំ យុវជន និងកីឡា។

នៅឆ្នាំ២០២៣នេះ ក្រសួងនឹងរៀបចំប្រឡងជ្រើសរើសមន្ត្រីរដ្ឋបាលទូទៅ ប្រភេទក្របខណ្ឌ ក (ពុំមែនជា ក្របខណ្ឌគ្រូបង្រៀន) ចំនួន ១០០ នាក់ សម្រាប់បម្រើការងារនៅតាមអង្គភាព និងគ្រឹះស្ថានសិក្សានានា ក្រោមឱវាទទីស្តីការក្រសួងអប់រំ យុវជន និងកីឡា។

ក្រសួងអប់រំ យុវជន និងកីឡា បានសហការជាមួយ ក្រសួងមុខងារសាធារណៈ(សាលាភូមិន្ទរដ្ឋបាល) ដើម្បីរៀបចំដំណើរការប្រឡងនិងការបណ្ដុះបណ្តាល។ បេក្ខជនត្រូវជ្រើសរើសអង្គភាព ឬ គ្រឹះស្ថានសិក្សាដែលមានតម្រូវការមុខវិជ្ជាជំនាញ តាមចំនួនជាក់ ស្តែងក្នុងតារាងជូនភ្ជាប់ និងត្រូវពិនិត្យស្ថានភាពទីតាំងអង្គភាព ឬ គ្រឹះស្ថានសិក្សា ដែលត្រូវទៅបំពេញ ការងារឱ្យបានច្បាស់លាស់មុននឹងសម្រេចចិត្តជ្រើសរើស ព្រមទាំងត្រូវធ្វើកិច្ចសន្យាជាមួយប្រធានអង្គភាព ឬនាយកគ្រឹះស្ថានសិក្សាទៅបម្រើការងារនៅទីនោះបន្ទាប់ពីបញ្ចប់ការបណ្តុះបណ្តាលជាស្ថាពរ។

បេក្ខជនដែលបានប្រឡងជាប់ជាស្ថាពរ នឹងត្រូវធ្វើកម្មសិក្សា និងតាំងស៊ប់ក្នុងក្របខណ្ឌជាមន្ត្រី គ្រប់គ្រងរដ្ឋបាល ប្រភេទក្របខណ្ឌ ក (ក.៣.៤) ព្រមទាំងទទួលបានប្រាក់បំណាច់មុខងារជាមន្ត្រីគ្រប់គ្រង រដ្ឋបាល (ពុំមែនប្រាក់បំណាច់មុខងារជាគ្រូបង្រៀនកម្រិតឧត្តម) និងត្រូវចាត់បញ្ជូនឱ្យទៅបម្រើការងារនៅ តាមអង្គភាព ឬ គ្រឹះស្ថានសិក្សានានាក្រោមឱវាទទីស្ដីការក្រសួងអប់រំ យុវជន និងកីឡា តាមការជ្រើសរើស របស់សាមីខ្លួន ផ្អែកលើចំនួនបែងចែកទៅតាមអង្គភាពដូចមានក្នុងតារាងភ្ជាប់ បន្ទាប់ពីបានបញ្ចប់ការ បណ្ដុះបណ្តាលជាស្ថាពរ ៕

ប្រភព៖ MoEYS Cambodia

Share This Post: