ព័ត៌មានជាតិ

ក្រុមហ៊ុនពិភពដីមាស ប្តឹងស្នងការខេត្តកំពត ពីបទបរិហាកេរ្តិ៍ជាសាធារណៈ ក្រោយបង្ហោះលិខិតកោះហៅ ពាក់ព័ន្ធបណ្តឹងពលរដ្ឋ 259 គ្រួសារ

BY
Khmernote Media
June 17, 2023

ខេត្តកំពត៖ កាលពីយប់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុក ស្នងការ​នគរបាល​ខេត្ដកំពត បានអោយ​ដឹង​ថា «ក្រុមហ៊ុន ពិភពដីមាស ស្នើសុំថ្នាក់ដឹកនាំពិនិត្យបញ្ហាសតិអារម្មណ៍របស់លោក ពាក់ពន្ធ័ដំណើរការនិតិវិធីលើបណ្តឹងរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តកំពត ២៥៩គ្រួសារ ដែលបានដាក់ទុនវិនិយោគជាមួយក្រុមហ៊ុនជិត ៥លានដុល្លារ។ បើលោកមានបញ្ហាសតិអារម្មណ៍គឺដោយសារការអាណិតប្រជាពលរដ្ឋដែលត្រូវរងគ្រោះដោយសារក្រុមហ៊ុនពិភពដីមាសនេះឯង»។

តាមរយៈសំណេរ ក្នុងខ្លឹមសាររបស់ ក្រុមហ៊ុន ពិភពដីមាស អ៊ិនសេសម៉ិន ឯ.ក. បានស្នើសុំការអន្តរាគមន៍ដល់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សូមមេត្តាជួយស្វែងរក យុត្តិធម៌ដល់ក្រុមហ៊ុន និងបងប្អូនអតិថិជន ស្នើសុំ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ដើម្បីចុះពិនិត្យ លើភាពមិនប្រក្រតីចំពោះប្រធានអង្គភាពខាងលើ ក្នុងការណែនាំអំពីវិជ្ជាជីវៈរបស់នគរបាលឲ្យបានប្រសើរឡើងវិញផង បើពុំនោះទេ ក្រុមហ៊ុន និងអតិថិជន ដែលជាប្រជាពលរដ្ឋស្លូតត្រង់ នឹងមិនអាចបន្តប្រកបរបរចិញ្ចឹមជីវិតឬបង្កើតជាអាជីវកម្ម បានរលូនឡើយ។

ក្រុមហ៊ុន ពិភពដីមាស ក៏បានបញ្ជាក់ផងដែរថា ក្នុងករណី ស្នងការ​នគរបាល​ខេត្ដកំពត មិនកែសម្រួល ឈប់ធ្វើទង្វើញុះញង់ និងសុំទោសជាសាធារណៈមកក្រុមហ៊ុន និងអតិថិជន៖

១. ឆ្លើយតបតាមបណ្តាញសង្គមទៅវិញ

២. ស្នើសុំការអន្តរាគមន៍ពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ស្នើ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ពិនិត្យសតិអារម្មណ៍របស់ថ្នាក់ដឹកនាំអង្គភាព និងដាក់ពិន័យលើវិជ្ជាជីវៈ។

៣. ប្តឹងពីបទបរិហាកេរ្តិ៍ជាសាធារណៈទៅតុលាការ ដើម្បីស្វែងរកយុត្តិធម៌។

សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ ស្នងការ​នគរបាល​ខេត្ដកំពត បានចេញលិខិតផ្លូវការនិងទៅដល់លោកអគ្គនាយកនិងអគ្គនាយករងក្រុមហ៊ុនពិភពដីមាសឆាប់ៗខាងមុខនេះ ដើម្បីមកពិភាក្សាលើបណ្តឹងរបស់ប្រជាពលរដ្ឋនៅខេត្តកំពតចំនួន ២៥៩បណ្តឹង នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ៩ព្រឹកនៅស្នងការដ្ឋាននគរបាលខេត្តកំពត៕

Share This Post: