សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ «ទឹក និងភ្លើង កុំនិយាយពាក្យថាគ្រប់គ្រាន់ឲ្យសោះ ព្រោះមនុស្សកើតរាល់ថ្ងៃ តម្រូវការប្រើប្រាស់ក៏កើនឡើង»
សម្តេចតេជោនាយករដ្ឋមន្រ្ដីបានលើកឡើងថា បើនិយាយពីបញ្ហាទឹក និងភ្លើង កុំនិយាយពាក្យថាគ្រប់គ្រាន់ឱ្យសោះ ព្រោះមនុស្សកើតរាល់ថ្ងៃ ហើយបើនិយាយពីតម្រូវការប្រើប្រាស់មានការកើនឡើង។ សម្ដេចតេជោ បានលើកឡើងបែបនេះ នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ស្ថិតនៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នាព្រឹកថ្ងៃចន្ទ ទី១៩ ខែមិថុនា ឆ្នាំ២០២៣ នេះ។

សម្ដេចតេជោ បានមានប្រសាសន៍ថា៖ « បើនិយាយពីបញ្ហាទឹក និងភ្លើង កុំនិយាយពាក្យថា គ្រប់គ្រាន់ឱ្យសោះ។ ហេតុអីបានជានិយាយពីបញ្ហាទាំងពីរនេះ ថាមិនអាចគ្រប់គ្រាន់ ព្រោះមនុស្សកើតរាល់ថ្ងៃ ហើយបើនិយាយពីតម្រូវការប្រើប្រាស់មានការកើនឡើង »។
សម្ដេចបានគូសបញ្ជាក់ផងដែរថា៖ « នៅពេលដែរយើងកំពុងអង្គុយនៅទីនេះតើមានទារកប៉ុន្មាននាក់ដែលត្រូវកើត ហើយយើងកំពុងអង្គុយនេះ តើមានមនុស្សប៉ុន្មានគូរដែលកំពុងរៀបការ។ អីចឹងតែកាលណាចំនួនមនុស្សកើនឡើង តម្រូវការប្រើប្រាស់ នឹងកើនឡើង។ នៅពេលដែលគេរៀបការច្បាស់ជាត្រូវការផ្ទះសម្បែង និងកសាងក្រុមគ្រួសារ ដូច្នេះវាត្រូវតែមានការបំបែកផ្ទះ ហើយត្រូវការភ្លើង ត្រូវការទឹក។ អីចឹងទេបានជាយើងដាក់ផែនការផលិតរបស់យើងជាបន្តបន្ទាប់មិនអាចនៅទ្រឹង មួយកន្លែងនោះទេ»៕



អត្ថបទ៖ លីនី