ព័ត៌មានជាតិ

ក្រសួងសុខាភិបាល ហាមឃាត់ការចែកចាយ ឬលក់ផលិតផលជំនួយសុខភាព ក្លែងបន្លំឈ្មោះ «COOL-KID» ជាបន្ទាន់

BY
Khmernote Media
June 21, 2023

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលស្តីពីការហាមឃាត់ការចែកចាយ ឬលក់ផលិតផលជំនួយសុខភាព ក្លែងបន្លំឈ្មោះ COOL-KID។

ក្រសួងសុខាភិបាលពិនិត្យឃើញមាន ការចែកចាយ និងលក់ផលិតផលជំនួយសុខភាពក្លែងបន្លំឈ្មោះ COOL-KID B/6 COOL Sheets មានបិទលតាបត្រ CAMN0077Ih-12 របស់ក្រុមហ៊ុន INTERMEDICA ដែលមានរចនាបទស្រដៀងនឹង ផលិតផលជំនួយសុខភាពមានលេខបញ្ញិកាត្រឹមត្រូវដែលចែកចាយដោយក្រុមហ៊ុន K1000 TRADING Co., LTD មាន លេខបច្ឆិកា CAM R3 0077 I-12 ។

ក្រសួងសុខាភិបាល សូមជូនព័ត៌មានដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ជ្រាបថា ផលិតផលជំនួយសុខភាពឈ្មោះ COOL-KID B/ COOL Sleets មានបិទលតាបត្រ CAMN0077Ih-12 របស់ក្រុមហ៊ុន INTERMEDICA ជាផលិតផល ក្លែងបន្លំ ព្រោះក្រុមហ៊ុន INTERMEDICA បានបិទពីក្រសួងសុខាភិបាលរយៈពេល ៧ឆ្នាំហើយ។

ដូចនេះ សូមបងប្អូនអាជីវករ និងប្រជាពលរដ្ឋទាំងអស់ត្រូវបញ្ឈប់ការលក់ ទិញ ឬប្រើប្រាស់ផលិតផលជំនួយសុខភាពក្លែងបន្លំខាងលើ ជាបន្តទៀត ព្រោះផលិតផលជំនួយសុខភាពខាងលើមិនអាចធានាបាននូវ គុណភាព សុវត្ថិភាព និងប្រសិទ្ធភាពបានឡើយ ហើយអាចបណ្តាលឱ្យប៉ះពាល់សុខភាព ឬមានគ្រោះថ្នាក់ដល់អាយុជីវិតរបស់អ្នកប្រើប្រាស់ទៀតផង។ ក្រសួងសុខាភិបាលតម្រូវឱ្យបុគ្គលដែលចែកចាយ ឬលក់ផលិតផលជំនួយសុខភាពក្លែងបន្លំខាងលើ រួមទាំង ជនពាក់ព័ន្ធដទៃទៀតត្រូវបញ្ឈប់ការនាំចូល ចែកចាយ ឬលក់ផលិតផលជំនួយសុខភាពនេះជាបន្ទាន់។ ក្រសួងសុខាភិបាល នឹងមានវិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ចំពោះជនណាចែកចាយ ឬលក់ផលិតផលជំនួយសុខភាពក្លែងបន្លំ និងជនពាក់ព័ន្ធ ដទៃទៀតទៅតាមច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្ដីពីការគ្រប់គ្រងឱសថជាធរមាន។

ក្នុងករណីបងប្អូនប្រជាពលរដ្ឋបានជួបប្រទះឃើញជនណាកំពុងចែកចាយ ឬលក់ផលិតផលជំនួយសុខភាព ក្លែងបន្លំខាងលើ សូមបងប្អូនប្រញាប់ផ្ដល់ព័ត៌មាន និងត្រូវការព័ត៌មានបន្ថែមពីនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និង គ្រឿងសំអាង សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖ ០១២ ៣៥៥ ១៦១, ០១២ ៩០៤ ៣៨៥, ០១២ ៩៨៣ ៣៣៤, ០១៧ ៦០៦ ៦៧០, ០១២ ៥៦២ ៤៤៦,០១៧ ៨៦៦ ៧៦០ ៕

ប្រភព៖ នាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង

Share This Post: