ឯកឧត្តម ឃួង ស្រេង បានជំរុញឱ្យមន្ដ្រីប៉ូលិស ចុះធ្វើអត្តសញ្ញាណប័ណ្ណ ជូនប្រជាពលរដ្ឋឱ្យបានលឿន ខណៈការបោះឆ្នោតបានខិតជិតមកដល់
- June 21, 2023
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានស្នើឱ្យស្នងការដ្ឋាននគរបាល តាមបណ្ដាខណ្ឌទាំង១៤ ត្រូវបន្ដចុះធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋឱ្យបានលឿន ខណៈការបោះឆ្នោតបានខិតជិតមកដល់។ ឯកឧត្តម ឃួង ស្រេង បានជំរុញបែបនេះ នាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល ការផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នៅសាលា រាជធានីភ្នំពេញ។

ឯកឧត្តម ឃួង ស្រេង បានជំរុញឱ្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ចេញឈ្មោះប្រជាពលរដ្ឋដែលមានអត្តសញ្ញាណប័ណ្ណ ហួសសុពលភាព បញ្ជូនទៅ អធិការខណ្ឌ និងអភិបាលខណ្ឌទាំង១៤ ដើម្បីសាវជ្រាវធ្វើអត្តសញ្ញាណប័ណ្ណទាំងនេះ ជូនពួកគាត់ឡើងវិញ។ ចំពោះការធ្វើអត្តសញ្ញាណប័ណ្ណដែលហួសសុពលភាពនេះ បើ ធ្វើមិនទាន់មុនពេលបោះឆ្នោតទេ លោកបានជំរុញឱ្យអាជ្ញាធរខណ្ឌទាំង១៤ ណែនាំ ទៅសង្កាត់ទាំង១០៥ ដើម្បីធ្វើលិខិតបញ្ជាក់ អត្តសញ្ញាណសម្រាប់ការបោះឆ្នោតជូនពួកគាត់ មានន័យថា នៅពេលដែលអត្តសញ្ញាណប័ណ្ណធ្វើមិនបានរួចរាល់ តែពួកគាត់នៅតែអាច បោះឆ្នោតបាន។
ឯកឧត្តម ឃួង ស្រេង ក៏បានណែនាំឱ្យរដ្ឋបាលរាជធានីភ្នំពេញធ្វើលិខិត ដើម្បីរំលឹក ដល់បងប្អូនប្រជាពលរដ្ឋ ដែលមានកូនអាយុ១៥ឆ្នាំហើយ ត្រូវនាំកូនទៅធ្វើអត្តសញ្ញាណប័ណ្ណ កុំចាំពេលដែលត្រូវការទើបសម្រុកទៅធ្វើអត្តសញ្ញាណប័ណ្ណនោះ។ឯកឧត្តម ឃួង ស្រេង ក៏បានធ្វើការណែនាំ ដោយអាជ្ញាធរខណ្ឌទាំង១៤ ជួយជំរុញ ប្រជាពលរដ្ឋឱ្យភ្ជាប់ប្រព័ន្ធតេឡេក្រាម ជាមួយសម្ដេចតេជោ ហ៊ុន សែន និងរដ្ឋបាល រាជធានីភ្នំពេញ។ ដើម្បីឱ្យពួកគាត់បានទទួលព័ត៌មានជាក់លាក់ចៀសវាង ការជឿញុះញង់ ពីពួកអគតិមួយចំនួន។
បើតាមស្នងការរងរាជធានីភ្នំពេញបានឱ្យដឹងថា គិតពីឆ្នាំ២០១២ រហូតមកដល់ ឆ្នាំ២០២៣នេះ យើងបានផ្ដល់អត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ចំនួន ជាង១លាន ៦ម៉ឺនសន្លឹក។ តាមទិន្នន័យ ដែលអាចព្យាករណ៍បាន នៅឆ្នាំ២០២៤ អត្តសញ្ញាណប័ណ្ណប្រជាពលរដ្ឋនៅភ្នំពេញ ដែលអស់សុពលភាពមានចំនួន ១៣២ ១០៣ សន្លឹក នៅឆ្នាំ២០២៥ អត្តសញ្ញាណប័ណ្ណអស់សុពលភាពចំនួន ៣៤៩ ២១៨សន្លឹក នៅឆ្នាំ២០២៦ អត្តសញ្ញាណប័ណ្ណអស់សុពលភាពចំនួន ២៧៦ ៧៦២សន្លឹក និងនៅ ឆ្នាំ២០២៧ អត្តសញ្ញាណប័ណ្ណអស់សុពលភាពចំនួន ២៧ ៤៣៦សន្លឹក៕



ប្រភព៖ ក្រសួងព័ត៌មាន
- Share This Post:






