ព័ត៌មានជាតិ

ឯកឧត្តម វ៉ាត់ ចំរើន លើកបង្ហាញចំណុចពិសេសសំខាន់ៗ ដែលជំរុញឱ្យស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ទទួលបានជោគជ័យធំធេង និងល្បីល្បាញលើពិភពលោក

BY
Khmernote Media
June 22, 2023

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅក្នុងឱកាសបិទសន្និបាតបូកសរុបការងារទេសចរណ៍ ការបូកសរុបផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា កាលពីល្ងាចថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិ​ CAMSOC-CAMAPGOC បានកំណត់បង្ហាញនូវចំណុចពិសេសសំខាន់ៗ ក្នុងការជំរុញឱ្យព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ របស់កម្ពុជាទទួលបានជោគជ័យធំធេង និងល្បីល្បាញលើពិភពលោក។

នៅក្នុងបទបង្ហាញនេះ ឯកឧត្តម វ៉ាត់ ចំរើន បានគូសបញ្ជាក់ថា ការទទួលរៀបចំស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម​ ឆ្នាំ២០២៣ របស់កម្ពុជាទទួលបានជោគជ័យ ហើយជាប្រវត្តិសាស្ត្រមួយ ដែលបានបំបែកឯតទគ្គកម្មលើការរៀបចំកីឡាអូឡាំពិកធំៗទាំងអស់ ដោយនៅប្រទេសណា ក៏គេយកលុយដែរ ខណៈកម្ពុជាបានធ្វើឱ្យមានការភ្ញាក់ផ្អើលមួយលើការមិនយកលុយ លើការចូលរួមរបស់ប្រតិភូកីឡា មិនយកលុយលើការចូលរួមទស្សនាទាំងពីបើក-បិទ និងការប្រកួតកីឡាទាំងអស់, ការមិនយកលុយលើការផ្សព្វផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយ និងការមិនយកលុយលើការផ្តល់ទិដ្ឋាការគ្រប់ប្រតិភូកីឡា អត្តពលិកអន្តរជាតិទាំងអស់ ដោយគ្រាន់តែមានប័ណ្ណស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម។ «យុទ្ធសាស្ត្រដ៏សំខាន់មួយទៀត គឺការសន្សំសំចៃ ប៉ុន្តែធ្វើឱ្យមានភាពអស្ចារ្យ។ ដូច្នេះ នៅក្នុងយុទ្ធសាស្ត្រទាំង៥នេះ គឺជាសសរស្តម្ភដ៏សំខាន់ដែលធ្វើឱ្យការធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ទទួលបានជោគជ័យធំធេង»។

ប្រតិបត្តិករកីឡារូបនេះបានសង្កត់ធ្ងន់ថា «ឥទ្ធិពលនៃស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមបានជះឥទ្ធិពល និងផលចំណេញយ៉ាងច្រើនដល់វិស័យទេសចរណ៍ ដោយព្រឹត្តិការណ៍នេះទទួលបានប្រតិភូ គ្រូបង្វឹក អត្តពលិកសរុប ១២៤០៤នាក់ ដោយឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍​ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាតែងតែមានប្រសាសន៍ថា ព្រឹត្តិការណ៍កីឡា គឺជាព្រឹត្តិការណ៍ទេសចរណ៍។ ក្នុងព្រឹត្តិការណ៍កីឡានេះ មានអ្នកគាំទ្រផ្លូវការជាង ១ម៉ឺននាក់ដែរ ដែលមានន័យថា ពួកគាត់មកតាមកីឡាករ កីឡាការិនី ដែលបានចុះបញ្ជីផ្លូវការ ខណៈអ្នកគាំទ្រ ដែលជាសាច់ញាតិរបស់អត្តពលិកមានចំនួនជិត១ម៉ឺននាក់ដែរ ដែលសណ្ឋាគារលំដាប់ផ្កាយ៣ ឡើងទៅ នៅភ្នំពេញបានទទួលការស្នាក់នៅរបស់ពួកគាត់ពេញស្ទើរទាំងអស់ រីឯជើងហោះហើរ ក៏ពេញដែរ ក្នុងអំឡុងពេល១ខែ នៃការរៀបចំស៊ីហ្គេម»។

«ដោយឡែកសម្រាប់ចំនួនអ្នកគាំទ្រទូទៅ មានជនបរទេសប្រមាណ ៥ម៉ឺននាក់ រីឯអ្នកទេសចរទូទៅ ក្នុងអំឡុងពេលស៊ីហ្គេម មានប្រមាណ ១០ម៉ឺននាក់។ អ្នកគាំទ្រខ្មែរដែលរស់នៅក្រៅប្រទេសបានមកទស្សនានៅកម្ពុជា ប្រមាណ ៥០០០នាក់។ ជារួម ក្នុងអំឡុងពេលព្រឹត្តិការណ៍ស៊ីហ្គេម ត្រូវបានវាយតម្លៃថា មានមនុស្សចូលមកកម្ពុជា មិនក្រោម ២០ម៉ឺននាក់នោះទេ ដោយចំនួននេះមិនរាប់បញ្ចូលទាំងអ្នកគាំទ្រក្នុងស្រុកទេ បើនិយាយសរុប គឺប្រមាណ កន្លះលានលាក់ ដោយចំនួននេះកើនឡើ២ដង នៃចំនួនអ្នកចូលរួមគាំទ្រសរុបនឹងស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២២ នៅប្រទេសវៀតណាមកន្លងទៅ។ នេះជាចំនួនភ្ញៀវទេសចរ ជាក់ស្តែង ដោយបានមកចូលរួមទស្សនាគាំទ្រដោយផ្ទាល់»។ ឯកឧត្តម វ៉ាត់​ ចំរើន មានប្រសាសន៍បន្ថែម។

ចំណុចសំខាន់មួយទៀត ដែលឯកឧត្តមអគ្គលេខាធិការបានលើកឡើង និងនឹកស្មានមិនដល់ គឺភាពជោគជ័យ ក្នុងការលក់ទេសចរណ៍ ឬក៏ហៅថាលក់កម្ពុជាទៅពិភពលោក តាមប្រព័ន្ធផ្សព្វផ្សាយ។ «តាមរយៈការលក់កម្ពុជា ឆ្នាំ២០២៣ ទៅកាន់ពិភពលោក ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២នេះ គឺទទួលបានចំនួនអ្នកគាំទ្រយ៉ាងច្រើនខ្លាំង សូម្បីតែអូឡាំពិកហ្គេម ក៏ស្ទើរតែមិនស្មើនឹងស៊ីហ្គេម ស្រុកខ្មែរដែរ។ អ្នកទស្សនាផ្ទាល់តាមទូរទស្សន៍មានចំនួន ៥៥០លាននាក់។ រីឯអ្នកមើលតាមប្រព័ន្ធ Tik Tok (គិតត្រឹមថ្ងៃពិធីបិទអាស៊ានប៉ារ៉ាហ្គេម កាលពីថ្ងៃទី០៩ ខែមិថុនា​ ឆ្នាំ២០២៣) មានចំនួន ២៦ ប៊ីលានដង (Views) ដោយក្រុមហ៊ុន Tik Tok ជាដៃគូផ្លូវការសហការជាមួយគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC»។ «ចំនួននេះបើយើងពិនិត្យមើលលើចំនួនអ្នកទស្សនាលើពិភពលោក តើព្រឹត្តិការណ៍កីឡារបស់កម្ពុជាបានកម្រើកការទាក់ទាញធំធេងប៉ុនណា។ ដោយឡែក ប្រព័ន្ធទំនាក់ទំនងសង្គមផ្សេងទៀត ដូចជា Facebook និង YouTube មានចំនួនអ្នកទស្សនាប្រមាណ ១០០០ លាននាក់ទៀត។

ដូច្នេះវាចំណេញច្រើនណាស់ ក្នុងការផ្សព្វផ្សាយពីព្រឹត្តិការណ៍កីឡាទាំងមូលទៅកាន់ពិភពលោក។ ឥឡូវនេះ គេបានយកគំរូរបស់កម្ពុជាយកទៅរៀបចំការផ្សព្វផ្សាយបន្ត នៅលើចលនាអូឡាំពិកអន្តរជាតិ ដែលការផ្សព្វផ្សាយចលនាអូឡាំពិកក៏ជាការផ្សព្វផ្សាយចលនាទេសចរណ៍មួយដែរ»។ រដ្ឋលេខាធិការ ក្រសួងទេសចរណ៍បានបន្ថែម។ ជាឧទាហរណ៍ជាក់ស្តែង ដែលជាសច្ចភាពនៃព្រឹត្តិការណ៍ គឺគ្រាន់តែការផ្សព្វផ្សាយតែវីដេអូ១ មានអ្នកទស្សនាជាង ២០០០ លាននាក់ លើវីដេអូរបស់កីឡាការិនី បូ សំណាង ដែលបានព្យាយាមរត់ប្រណាំងដល់ទីក្រោមដំណក់ទឹកភ្លៀងយ៉ាងជោគជាំ ដែលជាស្មារតីចលនាអូឡាំពិកពិតប្រាកដ នៅក្នុងសកម្មភាពរបស់កីឡាការិនីកម្ពុជារូបនេះ។ អ្នកជំនាញកីឡារូបនេះបញ្ជាក់ជូនបន្ថែមថា «អីចឹងហើយបានជា CNN ផ្សាយហើយផ្សាយទៀត និយាយហើយនិយាយទៀតពីចំណុចដ៏លេចធ្លោគួរជាទីទាក់ទាញបំផុតបែបនេះឡើយ បើសូម្បីតែនៅក្នុងការប្រកួតអូឡាំពិកហ្គេមធំៗលើពិភពលោក ក៏គេពិបាកនឹងរកភាពលេចធ្លោខ្លាំង ដូចកីឡាការិនី បូ សំណាង ខំរត់ប្រណាំងក្រោមភ្លៀងមកដល់ទីបែបនេះដែរ។ ក្រៅពីនេះ សូម្បីតែទស្សនាវដ្តីអូឡាំពិកអាស៊ីក៏យករូប បូ សំណាង យកមកដាល់លើក្របមុខដែរ ដោយសរសរជា និងមានន័យថា ស្មារតីកីឡាអូឡាំពិកពិតប្រាកដរបស់កម្ពុជា, ស៊ីហ្គេម ឆ្នាំ២០២៣របស់កម្ពុជា។ នេះជាភាពជោគជ័យធំធេងណាស់ ដែលកម្ពុជាធ្វើឱ្យមានភាពអស្ចារ្យល្បីល្បាញលើពិភពលោក»។

កម្ពុជាទទួលបានផលប្រយោជន៍នៃឥទ្ធិពលការទទួលរៀបចំស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ២០២៣អ្វីខ្លះ? ត្រង់ចំណុចនេះ ឯកឧត្តមអគ្គលេខាធិការពន្យល់ថា គ្រាន់តែពិធីបើកស៊ីហ្គេមមួយ ត្រូវបានគេវាយតម្លៃថា វាស្ថិតក្នុងកម្រិតស្តង់ដារអូឡាំពិកហ្គេម ឬអាចលើសពីកម្រិតស្តង់ដាអូឡាំពិកហ្គេមទៅទៀត ដោយសារពិធីបើកនេះត្រូវបានគេផ្តល់គុណតម្លៃថាបានប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ មានលក្ខណៈពិសេស ដែលមានអ្នកចូលរួមទស្សនាគាំទ្រច្រើន និងល្បីល្បាញ។ ដូច្នេះ ការលក់កម្ពុជា ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣បានថ្លៃមែនទែន ដែលកម្ពុជាបានចំណាយជាង ១០០លានដុល្លារសហរដ្ឋអាមេរិក ប៉ុន្តែកម្ពុជាទទួលបានគុណតម្លៃពិសេសមែនទែន ដោយមនុស្សជាតិរាប់ពាន់លាននាក់បានផ្តល់ការគាំទ្រ និងល្បីសុះសាយពាសពេញពិភពលោក។ គុណតម្លៃសំខាន់មួយទៀត ត្រូវបានគេមើលឃើញពីភាពខ្លាំងនៃវិស័យកីឡាកម្ពុជា ដែលធ្លាប់ត្រូវបានគេមើលងាយនៃកីឡាកម្ពុជា ប៉ុន្តែកម្ពុជាដណ្តើមបាន ៨១មេដាយមាស ដោយលោតពីចំណាត់ថ្នាក់លេខ៨ មកលេខ៤ ក្នុងចំណោម១១ប្រទេសនៃអាស៊ីអាគ្នេយ៍ ដោយក្នុងប្រវត្តិសាស្ត្រស៊ីហ្គេម មិនធ្លាប់មានប្រទេសណាលោតផ្លោះបែបនេះនោះទេ ដោយលោតខ្លាំងបំផុតត្រឹម១ថ្នាក់ ឬ២ថ្នាក់ប៉ុណ្ណោះ។

ចំណុចនេះក៏ធ្វើឱ្យពិភពលោកបានផ្តោតការចាប់អារម្មណណ៍ខ្លាំងដែរ ដែលកូនខ្មែររបស់យើងមានទេពកោសល្យខាងកីឡាផងដែរ។ អ្វីៗទាំងនេះបានធ្វើឱ្យទស្សនៈជាតិនិយមរបស់ជនជាតិខ្មែរ ទាំងក្នុងនិងក្រៅប្រទេសស្រឡាញ់ជនជាតិខ្លួនឯង និងទឹកដីខ្លួនឯងកាន់តែខ្លាំងក្លាបន្ថែមទៀត ដោយការស្រឡាញ់នេះហើយ ដែលជាដំណើរការនៃការទាក់ទាញវិស័យទេសចរណ៍ក្នុងពេលជាមួយគ្នាផងដែរ។ «ដូច្នេះ រឿងទាំងអស់នេះមិនអាចកាត់ថ្លៃបានទេ ខណៈភ្ញៀវអន្តរជាតិក៏បានចាប់អារម្មណ៍ពីពិធីបើកបិទស៊ីហ្គេម ក្រៅពីពិធីបើកបិទ ដែលមានលក្ខណៈពិសេស គឺអ្នកចូលរួមទស្សនាផ្ទាល់ប្រមាណ ៦ម៉ឺននាក់ហ៊ោកញ្ជៀ្រវចង់បែកស្តាត ដោយអូឡាំពិកហ្គេមធំៗកន្លងមកមិនធ្លាប់មានសំឡេងកងរំពងគាំទ្របែបនេះឡើយ។ ចំណុចនេះហើយធ្វើឱ្យជនបរទេសមួយចំនួនបានស្រក់ទឹកភ្នែកថា មិនដឹងប្រទេសរបស់គាត់អាចធ្វើបានដូចកម្ពុជាឬអត់ទេ ជាពិសេសគឺប្រទេសថៃថា ដោយគាត់បារម្ភថា តើប្រជាជនរបស់គាត់មានឯកភាពបេះដូងតែ១ សម្រែកតែ១ ដូចខ្មែរដែរឬអត់ សម្រាប់ការទទួលរៀបចំធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣៣ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១៣ នាឆ្នាំ២០២៥ ខាងមុខ?» ឯកឧត្តម វ៉ាត់ ចំរើន បានអះអាងបន្ថែម។

ទាំងនេះ គឺអ្វីដែលខ្មែរអាចធ្វើ ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម បាន ជាលើកដំបូង ហើយធ្វើបានអស្ចារ្យ ដោយការចំណាយថវិកាជាង ១០០លានដុល្លារ ជាចំនួនសន្សំសំចៃជាងគេ និងអស្ចារ្យជាងគេ ដែលប្រទេសគេធ្វើចន្លោះពី ២០០ ទៅ ៣០០លានដុល្លារ ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: