ព័ត៌មានជាតិ

ប្រាក់រង្វាន់លើកទឹកចិត្តជាង ៧៨លានរៀលរបស់សម្តេចក្រឡាហោម ស ខេង ប្រគល់ជូនដល់ជ័យលាភីមេដាយកីឡាទូកនាគស៊ីហ្គេម

BY
Khmernote Media
June 23, 2023

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន​ បានឱ្យដឹងថា ថវិកាលើកទឹកចិត្តដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា សរុបចំនួន ៧៨ ៦០០ ០០០ រៀល (ចិតសិបប្រាំបីលាន ប្រាំមួយសែន) ត្រូវបានប្រគល់ជូនដល់មន្ត្រីរៀបចំការប្រកួត គ្រូបង្វឹក និងកីឡាករ កីឡាការិនីមេដាយមាស ប្រាក់ និងសំរឹទ្ធ សរុប០៨គ្រឿង ក្នុងការប្រកួតកីឡាទូក ប្រពៃណីខ្នាតអន្តរជាតិ «ទូកនាគ» នៅមជ្ឈមណ្ឌលកីឡដ្ឋានលើទឹកនៃទីក្រុងកំពត ខេត្តកំពត នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ កាលពីខែឧសភា ឆ្នាំ២០២៣។

ថវិកាលើកទឹកចិត្តរបស់សម្តេចក្រឡាហោម ស ខេង ត្រូវបានប្រគល់ជូនពីឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានទី១ សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងពាណិជ្ជកម្ម។

ឯកឧត្តម ប៉ាន សូរស័ក្តិ មានប្រសាសន៍ថា សរុបថវិកាទាំងអស់មានចំនួន ៧៨ ៦០០ ០០០ រៀល ដោយក្នុងនោះមន្ត្រីគណៈកម្មការរៀបចំការប្រកួតចំនួន ៨១នាក់ ក្នុងម្នាក់ៗទទួលបានថវិកា៤០ម៉ឺនរៀល សរុបថវិកាចំនួន ៣២ ៤០០ ០០០ រៀល។ គ្រូបង្វឹក ០៥នាក់ ក្នុងម្នាក់ៗ ៤០ម៉ឺនរៀល (សរុប ២លានរៀល), កីឡាករ កីឡាការិនី ដណ្ដើមបានមេដាយ មាស១គ្រឿង ទទួលបានថវិកាចំនួន ១លានរៀល ក្នុងម្នាក់ៗ (សរុប ១៤លានរៀល), កីឡាករ កីឡាការិនី ដណ្ដើមបានមេដាយ ប្រាក់១គ្រឿង ទទួលបានថវិកា ៦០ម៉ឺនរៀល ក្នុងម្នាក់ៗ(សរុប ៧ ៨០០ ០០០ រៀល)។ កីឡាករ កីឡាការិនី ដណ្តើមបានមេដាយសំរឹទ្ធ ១គ្រឿង ទទួលបានថវិកា ចំនួន ៤០ម៉ឺនរៀល ក្នុងម្នាក់ៗ(សរុបថវិកា ២២ ៤០០ ០០០ រៀល)។ ប្រភេទកីឡទូកប្រពៃណី ទូកនាគរបស់ម្ចាស់ផ្ទះ កម្ពុជា ដណ្តើមបានមេដាយមាស២វិញ្ញាសា ប្រាក់២វិញ្ញាសា និងសំរឹទ្ធ៤វិញ្ញាសា។

ក្នុងនាមសម្តេចក្រឡាហោមប្រធានសហព័ន្ធ ឯកឧត្តម ប៉ាន សូរស័ក្តិ បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ដែលបានខិតខំរៀបចំការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ ទូកនាគ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡា SEA Games លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះ បានយ៉ាងល្អប្រសើរ និងទទួលបានជោគជ័យគួរជាទីមោទនៈ។ ឯកឧត្តមអនុប្រធានទី១បានកោតសរសើរអស់ពីដួងចិត្តចំពោះក្មួយៗកីឡាករ កីឡាការិនី ដែលបានខិតខំប្រឹងប្រែងបញ្ចេញសមត្ថភាពទេពកោសល្យ ក្នុងការប្រកួតប្រជែង រហូតដណ្តើមបាន មេដាយមាស ចំនួន ០២គ្រឿងប្រាក់ ០២គ្រឿង និងសំរឹទ្ធ ០៤គ្រឿង សរុបទាំងអស់ចំនួន ០៨គ្រឿង ដែលនេះជាតួលេខដ៏ល្អប្រសើរ លើសពីផែនការរបស់សហព័ន្ធ ដែលបានដាក់ជូនគណៈកម្មាធិការជាតិ CAMSOC កាលពីមុនពេលប្រកួត។ ឯកឧត្ដមបញ្ជាក់ថា សមិទ្ធផលរបស់ប្រភេទកីឡាទូកបានរួមចំណែកធ្វើឱ្យម្ចាស់ផ្ទះកម្ពុជាដណ្តើមបានមេដាយមាសសរុប ៨១គ្រឿង ប្រាក់ ៧៤គ្រឿង សំរឹទ្ធ ១២៧គ្រឿង សរុបទាំងអស់មានចំនួន ២៨២គ្រឿង ឈរនៅលេខរៀងទី៤ ក្នុងចំណោមប្រទេសទាំង១១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលលទ្ធផលខាងលើនេះបានបំបែកនូវកំណត់ត្រា នៃព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមកន្លងមក ហើយគឺពិតជាព្រឹត្តិការណ៍ប្រកួតកីឡាជាប្រវត្តិសាស្ត្រធំមួយ ដែលបានលើកតម្កើងមុខមាត់ជាតិទាំងមូល ក្រោមមាគ៌ា ដឹកនាំប្រកបដោយភាពឈ្លាសវៃ និងគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមបណ្ឌិត មាស សារិន អនុប្រធានអចិន្ត្រៃយ៍ សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជាបានបញ្ជាក់ដែរថា ការរៀបចំប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២ ឆ្នាំ២០២៣ ចាប់ពីថ្ងៃទី ១៣-១៦ ខែឧសភា ឆ្នាំ ២០២៣ នៅមជ្ឈមណ្ឌលកីឡដ្ឋានលើទឹក ខេត្តកំពត ដោយមានប្រទេសចូលរួមចំនួន៩ប្រទេស និងមានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី ចូលរួមសរុបទាំងអស់ចំនួន ២៥៨ នាក់ ក្នុងនោះ កីឡាការិនី ៤៨ នាក់។ វិញ្ញាសាដាក់ឲ្យប្រកួតមានសរុបចំនួន១៣ ហើយក្នុងចំណោម ៩ប្រទេស គឺថៃ ឈរលេខ១, ឥណ្ឌូណេស៊ី ឈរលេខ២, លេខ៣ វៀតណាម ខណៈម្ចាស់ផ្ទះ កម្ពុជា ឈរនៅចំណាត់ថ្នាក់លេខ៤៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: