ព័ត៌មានជាតិ

សម្ដេចតេជោហ៊ុន សែន ថ្លែងប្រាប់កម្មករថា រាជរដ្ឋាភិបាលកំណត់ក្នុងមួយឆ្នាំយ៉ាងហោចណាស់ ត្រូវតែបង្កើតការងារឱ្យបានពី២០ ទៅ៣០ម៉ឺនកន្លែង

BY
Khmernote Media
June 24, 2023

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងថា រាជរដ្ឋាភិបាលបានកំណត់នូវគោដៅជាក់លាក់ ក្នុងមួយឆ្នាំយ៉ាងហោចណាស់ ត្រូវតែបង្កើតការងារឱ្យបានពី២០ ទៅ៣០ម៉ឺន កន្លែង ហើយក្រៅពីនេះក៏មានគោលដៅត្រូវដោះស្រាយ ក្នុងមួយអាណត្តិរបស់រាជរដ្ឋាភិបាល ដែលមានរយៈពេលប្រាំឆ្នាំ ត្រូវបង្កើតការងារឱ្យបាន ១លាន៥សែនកន្លែង។

ក្នុងពិធីបន្តជួបសំណេះសំណាលជាមួយកម្មករកម្មការិនី ចំនួន ១៩ ០០៤នាក់មកពីរោងចក្រ សហគ្រាចំនួន១៣នៅរាជធានីភ្នំពេញនិង ខេត្តកណ្ដាល នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ នៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ក្នុង១ អាណត្តិរបស់នាយករដ្ឋមន្រ្តីរយៈពេល ៥ឆ្នាំត្រូវបង្កើតការងារឱ្យបានចំនួន ១,៥លានកន្លែង។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏ត្រូវចំណាយប្រាក់ដើម្បីបណ្តុះបណ្តាលវិជ្ជាជីវៈសម្រាប់ពលរដ្ឋក្រីក្រ១,៥លាននាក់ផងដែរ។

សម្តេចតេជោបញ្ជាក់ថា នេះគឺជាកម្មវិធីជាក់លាក់ដែលរាជរដ្ឋាភិបាលបានដាក់ ចេញសម្រាប់បម្រើឱ្យការអភិវឌ្ឍបន្ត។ ជាមួយគ្នានេះរាជរដ្ឋាភិបាលក៏ខិតខំប្រឹងប្រែងអភិវឌ្ឍន៍ហេដ្ឋារចនាប្រព័ន្ធផ្លូវ ទឹក ភ្លើង ដើម្បីទាក់ទាញអ្នកមកវិនិយោគឱ្យចូលមកជួយកែច្នៃកសិផល ដែលមានស្រាប់នៅក្នុងប្រទេសយើង ដែលសម្បូរដោយវត្ថុធាតុដើមប៉ុន្តែខ្វះការកែច្នៃ សម្រាប់បម្រើឱ្យការនាំចេញផងដែរ។

សម្ដេចតេជោគូសបបញ្ជាក់ថា សមិទ្ធផលដែលកើតមាន នៅលើទឹកដីកម្ពុជា គឺជាចំណែករបស់គណបក្ប្រជាជនកម្ពុជា ដែលក្នុងនោះ ក៏មានការចូលរួមរបស់ជីដូនជីតា ឪពុកម្ដាយ បងប្អូន របស់ក្មួយៗកម្មករផងដែរ។

សម្តេចតេជោបន្តថា នេះហើយលទ្ធផល នៃការអភិវឌ្ឍ ហើយ រាជរដ្ឋាភិបាល បានខិតខំខ្លាំងណាស់ ក្នុងការបង្កើតការងារ សម្រាប់បងប្អូន បង្កើនប្រាក់ខែ គិតគូរអំពីសុខុមាលភាព និងខិតខំទប់ស្កាត់ការឡើងថ្លៃទំនិញ ថ្លៃភ្លើង ថ្លៃទឹក ដើម្បីធានាជីវភាពរបស់បងប្អូនការខិត ខំស្វែងរកទីផ្សារ ដើម្បីនាំចេញទំនិញរបស់កម្ពុជា ដើម្បីធានាថា ផលិតផល ដែលផលិត នៅកម្ពុជា មានទីផ្សារ អាចនាំចេញទៅបាន។ ទន្ទឹមនេះ វិស័យកាត់ដេរ បាននាំចេញ ប្រមាណ ១៣ ពាន់លានដុល្លារអាម៉េរិក ក្នុងចំនួន ទំហំនាំចេញសរុបរបស់កម្ពុជា មានប៉ុន្មានជាង ២៩ ពាន់លានដុល្លារអាម៉េរិក។

បើតាមរបាយការណ៍របស់ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា រោងចក្រសហគ្រាទាំង១៣ ដែលអនុញ្ញាតឱ្យកម្មករ និយោជិតចូលរួម ក្នុងពិធីសំណេះសំណាលនេះ មកពីស្រុកមុខកំពូល ខេត្តកណ្តាលចំនួន៣ និងរាជធានីភ្នំពេញចំនួន១០ (ខណ្ឌឫស្សីកែវចំនួន៨ ខណ្ឌជ្រោយចង្វារ ចំនួន ១ និងខណ្ឌពោធិ៍សែនជ័យចំនួន១)។ រោងចក្រ សហគ្រាសទាំង១៣នេះ មានរោងចក្រកាត់ដេរចំនួន១០ ផលិតផលិតផលធ្វើដំណើរ និងកាបូបចំនួន២ និងផលិតស្បែកជើងចំនួន១។ ឯកឧត្តមថ្លែងថា ផលិតផលរោងចក្រ សហគ្រាសទាំងនេះ ត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ ដូចជាសហគមន៍អឺរ៉ុប សហរដ្ឋអាម៉េរិក ចិន និងអូស្ត្រាលីជាដើម។

ឯកឧត្ដមថ្លែងបន្តថា រាជធានីភ្នំពេញ និងខេត្ត កណ្តាល គឺជាតំបន់ដែលមានការអភិវឌ្ឍរោងចក្រ សហគ្រាសច្រើន បានរួមចំណែកផ្តល់ការងារជាច្រើនកន្លែងសម្រាប់ប្រជាពលរដ្ឋ និងគាំទ្រដល់សេដ្ឋកិច្ចជាតិ។ នៅឆ្នាំ២០២៣នេះ រាជធានីភ្នំពេញ មានរោងចក្រ សហគ្រាសចំនួន៩ ៣១៤ មានកម្មករ និយោជិតជាង ៦៦ម៉ឺននាក់ ដែលមានប្រាក់ឈ្នួលមធ្យមប្រមាណ ២ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។

ក្នុងនោះ រោងចក្រ សហគ្រាសវិស័យកាត់ដេរចំនួន ៧២៧ មានកម្មករ និយោជិតប្រមាណ ៣៤ម៉ឺននាក់ មានប្រាក់ឈ្នួលមធ្យមសរុបប្រមាណ ១.១ពាន់លានដុល្លារអាម៉េរិកក្នុងមួយឆ្នាំ។ ដោយឡែកនៅខេត្តកណ្តាលវិញ នៅឆ្នាំ២០២៣នេះ មានរោងចក្រ សហគ្រាសចំនួន៤៨៣ មានកម្មករ និយោជិតប្រមាណ ១៥ម៉ឺននាក់ ដែលមានប្រាក់ឈ្នួលមធ្យមសរុបប្រមាណ ៤៧៣លានដុល្លារអាម៉េរិកក្នុងមួយឆ្នាំ។ ឯកឧត្តមរដ្ឋមន្រ្តីបន្ថែមថា រោងចក្រ សហគ្រាសក្នុងវិស័យកាត់ដេរមានចំនួន១៧១ មានកម្មករ និយោជិតសរុបជាង ១៣ម៉ឺន ២ពាន់នាក់ ដែលមានប្រាក់ឈ្នួលសរុបប្រមាណ ៤១១លានដុល្លារអាម៉េរិកក្នុងមួយឆ្នាំ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: