សម្តេចតេជោ ហ៊ុន សែន ណែនាំចៅក្រមឱ្យដោះស្រាយវិវាទឱ្យបានឆាប់ កាត់បន្ថយការកកស្ទះសំណុំរឿងនៅតុលាការ
នៅព្រឹកថ្ងៃចន្ទ ៩កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ “អគារសាលាយុត្ដិធម្ម” របស់ក្រសួងយុត្តិធម៌ ដែលមានទីតាំងស្ថិតនៅ សង្កាត់ព្រែកលៀប ខ័ណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ក្នុងឱកាសនោះ សម្តេចតេជោក៏បាន ណែនាំចៅក្រមឱ្យដោះស្រាយវិវាទឱ្យបានឆាប់, កាត់បន្ថយការកកស្ទះសំណុំរឿងនៅតុលាការ, ជួយផ្សះផ្សាការខ្វែងគំនិតគ្នារវាងគូភាគី ដើម្បីបង្កើនសាមគ្គីជាតិ, ភាពសុខដុមរមនា ជាមួយនឹងសណ្តាប់ធ្នាប់សង្គមល្អប្រសើរ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ « រឿងបញ្ហារដ្ឋប្បវេណី អ្នកឈ្នះក្ដីនៅសល់តែខោមួយចង្កេះទេ រីឯអ្នកចាញ់ក្ដីបោសគូទខោតែម្ដង នេះជារឿងពិត ជីដូនខ្ញុំគឺជា មេធាវី ដែលកាលពីជំនាន់មុនហៅថា ស្មាក្ដី ដែលគាត់ឡើងចុះៗជាមួយសាលាដំបូងកំពង់ចាម និងឡើងចុះៗសាលាវិនិច្ឆ័យនៅទីក្រុងភ្នំពេញ ពីដើមអត់មានសាលាកំពូលទេ គឺសាលាវិនិច្ឆ័យ ជីដូនខ្ញុំការពារក្ដីដោយមិនយកប្រាក់ទេ ក៏ប៉ុន្តែគាត់ចង្អុលបង្ហាញអំពី គូភាគីជម្លោះ គ្រាន់តែជម្លោះព្រំដី បងប្អូនបង្កើតក្រទាំងសងខាង ព្រោះក្ដីខ្លះមានអាយុកាលដល់ទៅ ៧ ទៅ ៨ឆ្នាំ វាមិនក្រ ឡើងដល់កំពង់ចាមម្ដងត្រូវអស់លុយប៉ុន្មាន? អ្នកខ្លះឡើងមកដល់សាលាវិនិច្ឆ័យទៀត ដូច្នេះគ្មានអ្នកណាមានផលចំណេញទេ ចឹងខ្ញុំសុំស្នើលើកទឹកចិត្តឱ្យចៅក្រមយើងទាំងអស់ យកចិត្តទុកដាក់ ធ្វើការផ្សះផ្សាបញ្ចប់វិវាទរវាងគូភាគី ហើយត្រូវធ្វើឱ្យបានស្រូត។ ចៅក្រមយើងត្រូវចេះប្រើប្រាស់វិធី គេហៅថារូបមន្តនៃការដោះស្រាយ គឺយើងត្រូវពិនិត្យ ឱ្យបានដឹងថា តើចំណុចណាខ្លះដែលវាត្រូវគ្នា ហើយមានចំណុចណាខ្លះដែលវាអត់ត្រូវគ្នា ទៅរកឱ្យឃើញចំណុចហ្នឹងមុន ចឹងយើងត្រូវដោះស្រាយចំណុចដែលមិនត្រូវគ្នានេះ ពង្រីកទំហំនៃចំណុចត្រូវគ្នា កាត់បន្ថយទំហំ នៃកាលដែរមិនត្រូវគ្នា ហើយទាញទៅរកចំណុចដែលត្រូវគ្នាទាំងស្រុង ចឹងទេទើបយើងឈ្នះទាំងអស់គ្នា»៕



អត្ថបទ៖ លីនី