ព័ត៌មានជាតិ

កាលពីម្សិលមិញនេះ ​អគ្គិភ័យឆាបឆេះហាង Meet You Here នៅខណ្ឌទួលគោក កម្លាំងសមត្ថកិច្ចជំនាញប្រើប្រាស់រថយន្តជិត ១០គ្រឿងទើបរលត់

BY
Khmernote Media
June 27, 2023

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ
បានឱ្យដឹងថា អគ្គិភ័យឆាបឆេះហាង Meet You Here មួយកន្លែង បានឆេះបំផ្លាញបន្ទប់ជាន់ទី១ អស់ទាំងស្រុង និងពុំបណ្តាលឲ្យឆេះរាលដាល់ដល់អ្នកក្បែរខាងឡើយ។

ហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១២និង១៥នាទីថ្ងៃត្រង់នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ ដែលស្ថិតនៅផ្លូវ៥៩០ ក្នុងក្រុម៤៩ ភូមិ១១ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ បានបន្ថែមថា ក្រោយពីបានទទួលព័ត៌មានពីប្រជាពលរដ្ឋរាយការណ៍មកកាន់មន្ត្រីជំនាញ ភ្លាមៗនោះ លោកបានបញ្ជាទៅរថយន្តពន្លត់អគ្គិភ័យគ្រប់គោលដៅទាំងអស់ ធ្វើការចេញរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍ផងដែរ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានឱ្យដឹងថា ដោយនៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងជំនាញ បានធ្វើការអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លាមៗ ក្នុងនោះ កម្លាំងសមត្ថកិច្ចជំនាញរបស់យើងបានបាញ់ទឹកទប់ស្កាត់ មិនឲ្យអណ្តាតភ្លើងឆាបឆេះរាលដាលទៅមុខទៀតឡើយ។ ដោយក្នុងនោះ កម្លាំងសមត្ថកិច្ចជំនាញបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យជិត១០គ្រឿង ក្នុងនោះរួមមាន រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យរាជធានីភ្នំពេញ ចំនួន១០គ្រឿង ប្រើប្រាស់ទឹកអស់០៨ឡាន ប្រើប្រាស់ទឹកអស់៣២ម៉ែត្រគូប។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបញ្ជាក់ថា ចំពោះករណីគ្រោះអគ្គិភ័យខាងលើនេះ បានឆាបឆេះបន្ទប់ជាន់ទី១ អស់ទាំងស្រុង នឹងពុំបានបណ្តាលឲ្យឆាបឆេះរាលដាលដល់អ្នកក្បែរខាងឡើយ។ ដោយក្នុងនោះ ជាប្រភេទសំណង់ ថ្មបេតុង ដែលមានទំហំ (១៥ម៉ែត្រ គុណ២០ម៉ែត្រ)។ ចំពោះគ្រោះអគ្គិភ័យខាងលើនេះ គឺមិនបណ្តាលឲ្យមានអ្នកណាម្នាក់រងរបួសនោះឡើយ៕

ប្រភព៖ ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ

Share This Post: