សម្ដេចតេជោ ហ៊ុន សែន ផ្ដាំទៅអ្នកលេងបណ្ដាញហ្វេសប៊ុកទាំងអស់ ហាមដាច់ខាតយករឿងសន្តិសុខជាតិ មកបង្ហោះតាមហ្វេសប៊ុក (មានវីដេអូ)
ក្នុងពិធីសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបប្រមាណជិត ២ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសចំនួន១១ នៅក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានផ្ដាំទៅអ្នកលេងបណ្ដាញហ្វេសប៊ុកទាំងអស់ ហាមដាច់ខាតយករឿងសន្តិសុខជាតិ មកបង្ហោះតាមហ្វេសប៊ុក បើគ្មានបទបញ្ជា និងអនុញ្ញាតពីផ្នែកយោធា។

សម្ដេចតេជោបានថ្លែងយ៉ាងដូច្នេះថា៖ «ខ្ញុំសូមផ្ដាំផ្ញើអ្នកលេងហ្វេសប៊ុកទាំងអស់ ហាមដាច់ខាតយករឿងសន្ដិសុខជាតិ បង្ហោះតាមហ្វេសប៊ុក អត់អនុញ្ញាតទេ បើគ្មានបទបញ្ជា និងគ្មានការអនុញ្ញាតពីខាងផ្នែកយោធា មិនអាចលេងសើចទេ»។ ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា នៅកម្ពុជា គឺជាតំបន់ឆ្លងកាត់ របស់យន្ដហោះច្រើនណាស់ ដូច្នេះ រឿងសន្ដិសុខជាតិ មិនមែនជារឿងតូចតាចឡើយ។
សូមបញ្ជាក់ផងដែរថា ការផ្ដាំផ្ញើរបស់សម្ដេចតេជោ ខាងលើនេះ បានធ្វើឡើងក្រោយមានគណនីហ្វេសប៊ុកចំនួន ២ បានបង្ហោះពាក់ព័ន្ធនឹងរឿងយន្តហោះគ្មានមនុស្សបើកចូលមកកម្ពុជា កាលពីយប់មិញនេះ ដោយតាមពិតមិនមែនជាយន្តហោះគ្មានមនុស្សបើកឡើយ គឺយន្តហោះពាណិជ្ជកម្ម តែប៉ុណ្ណោះ៕
ប្រភពវីដេអូ៖ ទូរទស្សន៍ជាតិកម្ពុជា
អត្ថបទ៖ លីនី