ក្រសួងសុខាភិបាល ឈប់សម្រាកនូវការចាក់វ៉ាក់សាំងកូវីដ-១៩ ចំនួន ៣ថ្ងៃ ក្នុងអំឡុងពេលបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា
- July 1, 2023
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនដំណឹង ស្តីពីការឈប់សម្រាកនូវការចាក់វ៉ាក់សាំងកូវីដ-១៩ ចំនួន ០៣ថ្ងៃ ក្នុងអំឡុងពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។

ការផ្ដល់ការចាក់វ៉ាក់សាំងកូរីដ-១៩ នៅទូទាំងប្រទេស នឹងត្រូវបានអនុញ្ញាតឱ្យសម្រាកចំនួន ០៣ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ ដើម្បីបង្កលក្ខណៈងាយស្រួល ក៏ដូចជាទុកពេលវេលាឱ្យមន្ដ្រីសុខាភិបាល និងប្រជាពលរដ្ឋក្នុងការត្រៀមខ្លួន និងទៅចូលរួមបោះឆ្នោតឱ្យបានច្រើនកុះករនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។
ការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាជន នឹងត្រូវដំណើរការជាប្រក្រតីឡើងវិញចាប់ពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ ដោយក្រុមការងារនឹងរៀបចំឱ្យបានរួចរាល់ ដើម្បីធានាបានថាប្រជាជនអាចមកចាក់វ៉ាក់សាំងវិញបាននៅថ្ងៃទី២៥ ខែកក្កដានេះ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូម បងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ កម្មករ កម្មការិនី សិស្ស និស្សិត ទាំងអស់ជ្រាបជាព័ត៌មាន៕

- Share This Post:






