អន្តរជាតិ

តុលាការប្រេសុីល បានហាមឃាត់អតីតប្រធានាធិបតីលោក Bolsonaro ពីការឈរឈ្មោះក្នុងតំណែងរយៈពេល ៨ឆ្នាំ

BY
autoadmin
July 1, 2023

តុលាការបោះឆ្នោតកំពូលរបស់ប្រទេសប្រេស៊ីល បានហាមឃាត់អតីតប្រធានាធិបតីលោក Jair Bolsonaro មិនឱ្យឈរឈ្មោះក្នុងតំណែងរយៈពេល ៨ ឆ្នាំ។ កាលពីថ្ងៃសុក្រចៅក្រម ៥នាក់ ក្នុងចំណោមចៅក្រមទាំង ៧រូប បានបោះឆ្នោតកាត់ទោសលោក Bolsonaro ពីបទរំលោភអំណាច នៅមុនការបោះឆ្នោតប្រធានាធិបតីកាលពីឆ្នាំមុន និងបង្ហាញការសង្ស័យដោយគ្មានមូលដ្ឋានលើប្រព័ន្ធបោះឆ្នោតរបស់ប្រទេស។ រំលឹកដែរថា លោក Bolsonaro បានចាញ់ការបោះឆ្នោតនៅខែតុលា។

មុនពេលបោះឆ្នោត លោកបានបរិហារប្រព័ន្ធបោះឆ្នោតអេឡិចត្រូនិករបស់ប្រទេសប្រេស៊ីលម្តងហើយម្តងទៀត ដោយនិយាយថា វាងាយនឹងមានការក្លែងបន្លំ។ តុលាការបានពិនិត្យមើលថា តើការរិះគន់របស់លោក Bolsonaro លើម៉ាស៊ីនបោះឆ្នោត នៅក្នុងកិច្ចប្រជុំជាមួយអ្នកការទូតបរទេសកាលពីខែកក្កដាឆ្នាំមុន គឺជាការបំពានអំណាច ឬយ៉ាងណា។

លោក Bolsonaro បានឆ្លើយតបទៅនឹងសេចក្តីសម្រេចរបស់តុលាការ ដោយសួរថា ហេតុអ្វីបានជាការព្យាយាមបង្កើនភាពជឿជាក់នៃការបោះឆ្នោត គឺជាបទឧក្រិដ្ឋទៅវិញ។ លោក​ថា លោក​នឹង​ពិភាក្សា​ជាមួយ​មេធាវី​របស់​លោក។ លោក Bolsonaro នៅតែរក្សាឥទ្ធិពល និងការគាំទ្រយ៉ាងសំខាន់ពីអ្នកគាំទ្រស្នូលរបស់គាត់ ដែលភាគច្រើនជាពួកអភិរក្សនិយម។ ប្រព័ន្ធផ្សព្វផ្សាយប្រេស៊ីលកំពុងរាយការណ៍ថា ការសម្រេចចិត្តរបស់តុលាការទំនងជានឹងមានឥទ្ធិពលយ៉ាងខ្លាំងទៅលើនយោបាយរបស់ប្រទេសនេះ៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: