អន្តរជាតិ

រថយន្ត​ហោះដើរដោយ​អគ្គិសនីដំបូងបំផុត ​និងមានតម្លៃ​ ៣០០,០០០ ដុល្លារ បានទទួលការយល់ព្រមឱ្យសាកល្បងហោះហើរពីរដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិក

BY
autoadmin
July 3, 2023

រថយន្ត​ហោះដើរដោយ​អគ្គិសនី​សុទ្ធសាធ និងមាន​តម្លៃ​ប្រហែល ៣០០,០០០ ដុល្លារ របស់ក្រុមហ៊ុន Alef Aeronautics ​ទើប​បាន​ទទួលការ​យល់ព្រម​ឱ្យចាប់​ផ្តើម​ការ​សាកល្បង​ទាំងនៅ​លើ​ផ្លូវ និង​លើ​អាកាស នៅសហរដ្ឋអាមេរិក។ Alef Aeronautics ដែលជាក្រុមហ៊ុនផលិតរថយន្តនៅរដ្ឋកាលីហ្វ័រញ៉ា បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ខ្លួនបានទទួលវិញ្ញាបនប័ត្រពិសេស ពីរដ្ឋបាលអាកាសចរណ៍សហព័ន្ធ (FAA) សម្រាប់ Model A។ វាជាការអនុម័តលើកដំបូងសម្រាប់រថយន្តដែលមានសមត្ថភាពហោះហើរ នេះបើយោងតាមក្រុមហ៊ុនថ្មីថ្មោង ដែលត្រូវបានគាំទ្រដោយក្រុមហ៊ុន SpaceX មួយនេះ។

នាយកប្រតិបត្តិក្រុមហ៊ុន Alef Aeronautics លោក Jim Dukhovny បាននិយាយថា៖«វាអនុញ្ញាតឱ្យយើងកាន់តែខិតជិតទៅរកការធ្វើដំណើរប្រកបដោយភាពស្និទ្ធស្នាលទៅនឹងបរិស្ថាន និងការធ្វើដំណើរលឿនជាងមុន ដោយជួយសន្សំសំចៃពេលវេលារបស់បុគ្គល និងក្រុមហ៊ុនជាច្រើនម៉ោងក្នុងមួយសប្តាហ៍។ ហើយជាជំហានដ៏ធំថ្មីមួយសម្រាប់រថយន្ត»។ ដោយសារតែមានការរឹតបន្តឹងពី FAA ទាក់ទងទៅនឹងសមត្ថភាពដែលមិនធ្លាប់មានពីមុនមកនៃរថយន្តហោះហើរ ក្រុមហ៊ុន Alef Aeronautics បាននិយាយថា វានឹងមានការកំណត់ទីតាំង និងបញ្ជាក់ពីគោលបំណង ដើម្បីអាចឱ្យរថយន្តសាកល្បងហោះហើរបាន។

Alef Aeronautics មានគោលបំណងផលិតរថយន្តហោះដំបូង ដែលមានទាំងការបើកបរតាមផ្លូវ និងសមត្ថភាពហោះឡើងលើអាកាស។ វាត្រូវបានរចនាឡើងដើម្បីឱ្យសមនឹងហេដ្ឋារចនាសម្ព័ន្ធទីក្រុងដែលមានស្រាប់សម្រាប់ការបើកបរ និងចំណតរថយន្ត។ រថយន្ត​នេះ​អាច​ហោះ​ឡើង​បញ្ឈរ ឬ​ផ្ដេក ហើយ​អាច​ដឹក​មនុស្ស​បាន​ ២​នាក់​។ វា​ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​អាចជិះបានចម្ងាយ​ផ្លូវ ២០០ ម៉ាយ និង​ចម្ងាយ​ហោះហើរ ១១០ ម៉ាយ រាល់ពេលសាកអាគុយពេញម្ដង។ អ្នកទិញអាចបង់ប្រាក់កក់ ១៥០ ឬ ១,៥០០ ដុល្លារ ដើម្បីទទួលបានសិទ្ធិអាទិភាពកក់នៅពេលការដឹកជញ្ជូនចាប់ផ្តើម។

ក្រុមហ៊ុនបាននិយាយនៅក្នុងខែមករាថា មនុស្សប្រហែល ៤៤០ នាក់ បានបង់ប្រាក់ដើម្បីសិទ្ធិអាទិភាពទិញវាក្នុងរយៈពេលបីខែចុងក្រោយនៃឆ្នាំ ២០២២។ នៅក្នុងខែធ្នូ លោក Dukhovny បានប្រាប់ CNBC Make It ថាអតិថិជនអាចរំពឹងថា នឹងឃើញរថយន្តរបស់ពួកគេនៅលើមេឃនៅឆ្នាំ២០២៥៕

Model A

អត្ថបទ៖ លីដា
ប្រភព៖ Business Insider

Share This Post: