ព័ត៌មានជាតិ

ក្រុមនារីកម្ពុជាអាយុក្រោម១៩ឆ្នាំ ចេញទៅប្រជែងពានជើងឯកអាស៊ីអាគ្នេយ៍ នៅប្រទេសឥណ្ឌូណេស៊ី

BY
Khmernote Media
July 3, 2023

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា​ បន្ទាប់ពីដំណើរការហ្វឹកហាត់ក្នុងស្រុក និងសម្រិតសម្រាំងបញ្ជីបេក្ខភាពចុងក្រោយចំនួន២៣នាក់ ក្រុមបាល់ទាត់នារីកម្ពុជាអាយុក្រោម១៩ឆ្នាំ(U19) បានចេញដំណើរហើយនៅយប់ថ្ងៃទី០២ រំលងអធ្រាត្រឈានចូលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣នេះ ទៅកាន់ប្រទេសឥណ្ឌូណេស៊ី ដើម្បីចូលរួមប្រកួតពានរង្វាន់បាល់ទាត់ជើងឯកអាស៊ីអាគ្នេយ៍នារីអាយុក្រោម១៩ឆ្នាំ ឆ្នាំ២០២៣ (AFF U19 Women’s Championship 2023)។

ក្រុម U19 នារីកម្ពុជា ក្រោមការដឹកនាំពីគ្រូបង្គោលជម្រើសជាតិកម្ពុជា លោក ប្រាក់ វុទ្ធី ដោយក្រុមនារីកម្ពុជា ស្ថិតនៅក្នុងពូល A ជាមួយក្រុមម្ចាស់ផ្ទះឥណ្ឌូណេស៊ី ឡាវ សិង្ហបុរី និងទីម័រខាងកើត ខណៈពូល B រួមមាន៖ ក្រុមវៀតណាម ម៉ាឡេស៊ី និងសិង្ហបុរី។ រីឯពូល C រួមមាន៖ ថៃ មីយ៉ាន់ម៉ា និងហ្វីលីពីន។ សម្រាប់ការប្រកួតពានរង្វាន់បាល់ទាត់នារីអាយុក្រោម ១៩ឆ្នាំ (AFF U19 Women’s Championship 2023) នៅប្រទេសឥណ្ឌូណេស៊ី នឹងត្រូវចាប់ផ្តើមប្រកួតពីថ្ងៃទី០៥ ដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣។

លោក ប្រាក់ វុទ្ធី ធ្លាប់មានប្រសាសន៍ប្រាប់អំឡុងពេលហ្វឹកហាត់ កាលពីពេលថ្មីៗនេះថា ការប្រមូលផ្តុំហ្វឹកហាត់ក្រុមនារីនេះមានរយៈពេល២សប្តាហ៍ ហើយនៅយប់ចូលថ្ងៃទី០៣ ខែកក្កដា នឹងត្រូវចេញដំណើរទៅចូលរួមប្រកួតតែម្តង។ ដូច្នេះការប្រមូលផ្តុំហ្វឹកហាត់នេះមានរយៈពេល១៤ថ្ងៃ ដោយនឹងរៀបចំការប្រកួតមិត្តភាពកម្តៅសាច់ដុំចំនួន២ប្រកួតផងដែរ ដើម្បីត្រៀមAFF U19 Women’s Championship 2023 នៅប្រទេសឥណ្ឌូណេស៊ី។ គ្រូបង្គោលរូបនេះ គឺក្រុមបាល់ទាត់នារីអាចប្រជែងយកឈ្នះ ឬប្រជែងស្មើភាពបានជាមួយបណ្តាប្រទេសផ្សេងៗទៀតបាន ជាពិសេសជាមួយក្រុមដែលស្ថិតក្នុងពូល A ជាមួយគ្នា ដូចជាក្រុមឡាវ ឥណ្ឌូណេស៊ី សិង្ហបុរី និងទីម័រខាងកើត។ លោកបានបញ្ជាក់ថា សម្រាប់កម្ពុជា ដែលស្ថិតក្នុងពូល A មានអំណោយផលមួយដ៏ល្អ ដោយលោកដាក់ក្តីរំពឹងថា ក្រុមនារីកម្ពុជានឹងអាចឆ្លងផុតពីការប្រកួតជម្រុះក្នុងពូល។

គ្រូបង្គោល លោក ប្រាក់ វុទ្ធី បានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងខ្ពស់ថា ស្មារតីក្រុមរបស់ក្រុមនារីកម្ពុជានៅមានឆន្ទៈមោះមុត ក្នុងការប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីធ្វើយ៉ាងណាឱ្យក្រុមកម្ពុជាបានឆ្លងឱ្យផុតវគ្គចែកពូល ហើយឡើងទៅវគ្គបន្ត៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: