កម្មករជិតកន្លះលាននាក់នៅកូរ៉េខាងត្បូង គ្រោងនឹងធ្វើកូដកម្មទូទាំងប្រទេសរយៈពេល ២សប្តាហ៍ ទាមទារឱ្យលោក Yoon Suk Yeol ចុះចេញពីតំណែង
- BY
- autoadmin
- July 3, 2023
សហភាពសហជីពកូរ៉េបានប្រកាសពីការធ្វើកូដកម្មរយៈពេល ២សប្តាហ៍ ដែលនឹងចាប់ផ្តើមពីថ្ងៃច័ន្ទ ដើម្បីអំពាវនាវឱ្យលោកប្រធានាធិបតី Yoon Suk Yeol ចុះចេញពីតំណែង។ កូដកម្មនេះត្រូវបានគេរំពឹងថា នឹងមានកម្មករអ្នកតវ៉ាសរុបពី ៤០០,០០០ ទៅ ៥០០,០០០ នាក់ មកចូលរួម ដើម្បីប្រឆាំងនឹងវិធានការកំណែទម្រង់ការងារដែលបានស្នើឡើងដោយលោក Yoon និងជាការជំរុញយ៉ាងទូលំទូលាយ ដើម្បីបដិសេធនឹងគោលនយោបាយប្រឆាំងសហជីពរបស់គាត់។ ទីភ្នាក់ងារនគរបាលជាតិ ក៏គ្រោងនឹងដាក់ពង្រាយប៉ូលីសរហូតដល់ទៅ ៩,៣០០ នាក់ ក្នុងមួយថ្ងៃ ដើម្បីឆ្លើយតបនឹងការប្រមូលផ្តុំទាំងនោះផងដែរ។

នៅថ្ងៃច័ន្ទ កម្មករប្រមាណ ៣,០០០ នាក់ ដែលភាគច្រើនជាអ្នកនាំសំបុត្រ និងបុគ្គលិកជួសជុលឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ នឹងចាប់ផ្តើមធ្វើកូដកម្មនៅទីលាន Gwanghwamun កណ្តាលទីក្រុងសេអ៊ូល។ នៅថ្ងៃពុធ ការប្រមូលផ្តុំគ្នាទ្រង់ទ្រាយធំត្រូវបានគ្រោងទុកនៅទូទាំងប្រទេស រួមទាំងនៅទីក្រុងសេអ៊ូល ដេហ្គូ ប៊ូសាន ក្វាងជូ និងកោះជេជូភាគខាងត្បូង។ នៅថ្ងៃបន្ទាប់ បុគ្គលិកផ្នែកសេវាកម្មមួយ នឹងធ្វើបាតុកម្មនៅមុខ Sungnyemun ក្នុងទីក្រុងសេអ៊ូល។ នៅថ្ងៃទី០៨ ខែកក្កដា មន្ត្រីសាធារណៈនឹងធ្វើបាតុកម្មនៅ Yeouido ទីក្រុងសេអ៊ូល។

អត្ថបទ៖ លីដា
ប្រភព៖ The Nation Thailand
- Share This Post:






