អន្តរជាតិ

YouTube កំពុងសាកល្បងការប្លុកមិនឱ្យចូលមើលវីដេអូ ប្រសិនបើអ្នកប្រើប្រាស់បើកកម្មវិធី Ad-Block

BY
autoadmin
July 4, 2023

YouTube កំពុងអនុវត្តជំហរតឹងរ៉ឹងរបស់ខ្លួនប្រឆាំងនឹង Ad-Block ដោយកំណត់ឱ្យអ្នកប្រើប្រាស់អាចមើលបានត្រឹមតែ ៣ វីដេអូប៉ុណ្ណោះ ប្រសិនបើឧបករណ៍របស់អ្នកប្រើប្រាស់ណាម្នាក់ បានបើក Ad-Block។ អ្នកប្រើប្រាស់នឹងឃើញផ្ទាំងលោតដែលបានសរសេរថា «ការ​ចាក់​វីដេអូ​នឹង​ត្រូវ​បិទ​បន្ទាប់​ពី​វីដេអូទី៣» ហើយមូលហេតុគឺ ការបើក Ad-Block ដើម្បីរារាំងការផ្សាយពាណិជ្ជកម្ម។ ការផ្សាយពាណិជ្ជកម្មបានជួយឱ្យ YouTube អាចចូលបានពីអ្នកប្រើប្រាស់រាប់ពាន់លាននាក់នៅទូទាំងពិភពលោក ហើយប្រសិនបើពួកគេមិនចង់ឃើញពាណិជ្ជកម្ម ពួកគេគួរតែប្រើប្រាស់ YouTube Premium។ បន្ទាប់ពីទទួលបានផ្ទាំងព្រមាននោះហើយ អ្នកប្រើប្រាស់មានជម្រើសតែ ២ ប៉ុណ្ណោះ៖ បិទកម្មវិធី Ad-Block ឬជាវ YouTube Premium ដើម្បីជៀសវាងការមើលការផ្សាយពាណិជ្ជកម្ម។

YouTube បានបញ្ជាក់ទៅកាន់សារព័ត៌មានមួយចំនួនថា នេះគឺជាផ្នែកមួយនៃការពិសោធន៍ជាសាកល ដើម្បីលើកទឹកចិត្តអ្នកមើលឱ្យអនុញ្ញាតការផ្សាយពាណិជ្ជកម្មនៅលើវេទិកា។ នៅពេលសួរថា តើក្រុមហ៊ុនមានគម្រោងហាមឃាត់ការចូលប្រើរបស់អ្នកប្រើប្រាស់ដែរ ឬទេ ប្រសិនបើពួកគេប្រើ Ad-Block នៅលើវេទិកានេះ? ក្រុមហ៊ុនបាននិយាយថា ការចាក់វីដេអូអាចនឹងត្រូវបានបិទជាបណ្តោះអាសន្ន នៅក្នុងករណីជាក់លាក់មួយចំនួន។ វាកើតឡើងនៅពេលដែលអ្នកប្រើមិនអើពើនឹងការព្រមានរបស់ YouTube ហើយបន្តប្រើ Ad-Block ដើម្បីទប់ស្កាត់ការផ្សាយពាណិជ្ជកម្ម។ YouTube មិន​បាន​បង្ហាញ​ពី​តំបន់​មួយ​ណា ឬ​តំបន់​ចំនួនប៉ុន្មាន ​ដែល​កំពុង​ចូល​រួម​ក្នុង​ការ​ពិសោធន៍​នេះ​ទេ។

កាលពីខែឧសភា ពួកគេក៏បានសាកល្បងដោយផ្ទាល់នូវការទប់ស្កាត់អ្នកប្រើប្រាស់ Ad-Block ពីការចូលទៅកាន់ YouTube ផងដែរ។ នៅពេលនោះ អ្នកនាំពាក្យបាននិយាយថា អាកប្បកិរិយានេះមិនមែនជារឿងថ្មីថ្មោងទេ ហើយវេទិកាផ្សព្វផ្សាយផ្សេងទៀត តែងតែតម្រូវឱ្យអ្នកមើលបិទ Ad-Block។ យោងតាម ​​Variety ថ្មីៗនេះ YouTube Music និង Premium មានអ្នកជាវ ៨០ លាននាក់ ដោយបន្ថែម ៣០ លាននាក់ ត្រឹមតែរយៈពេល ១ ឆ្នាំ។ ក្នុងតម្លៃ ១១.៩៩ ដុល្លារ/ខែ ឬ ១១៩.៩៩ ដុល្លារ/ឆ្នាំ YouTube Premium លុបបំបាត់ការផ្សាយពាណិជ្ជកម្មនៅលើវេទិកា និងផ្តល់អត្ថប្រយោជន៍បន្ថែមដូចជា ការមើល offline និង YouTube Music Premium ជាដើម៕

អត្ថបទ៖ លីដា
ប្រភព៖ Vietnam Insider

Share This Post: