អង្គការឃ្លាំមើលរបស់អង្គការសហប្រជាជាតិ បានអនុញ្ញាតលើផែនការរបស់ប្រទេសជប៉ុន នៅក្នុងការបញ្ចេញទឹកសំណល់ពីរោងចក្រនុយក្លេអ៊ែរ Fukushima
- BY
- autoadmin
- July 5, 2023
អង្គការឃ្លាំមើលរបស់អង្គការសហប្រជាជាតិ (UN) បាននិយាយថា ផែនការរបស់ប្រទេសជប៉ុនក្នុងការបញ្ចេញទឹកសំណល់ពីរោងចក្រនុយក្លេអ៊ែរ Fukushima ដែលត្រូវបានបំផ្លាញដោយរលកយក្សស៊ូណាមិចូលទៅក្នុងសមុទ្រ គឺស្របទៅតាមស្តង់ដារអន្តរជាតិ។ ជម្រាបដែរថា រោងចក្រ Fukushima កំពុងអស់កន្លែងដាក់ទឹក ដែលត្រូវបានគេប្រើសម្រាប់ធ្វើឱ្យម៉ាស៊ីនប្រតិកម្មនុយក្លេអ៊ែរត្រជាក់ ប៉ុន្តែផែនការនេះ ប្រឈមនឹងការប្រឆាំងយ៉ាងខ្លាំងពីសំណាក់ប្រទេសចិន និងកូរ៉េខាងត្បូង។ ទីក្រុងតូក្យូក៏មិនប្រកាសពីកាលវិភាគនៃការបញ្ចេញទឹកសំណល់នោះដែរ ហើយវានឹងត្រូវការការយល់ព្រមពីនិយតករជាមុនសិន។

ក្នុងឆ្នាំ២០១១ រលកយក្សស៊ូណាមិដែលបង្កឡើងដោយការរញ្ជួយដីកម្រិត ៩.០ រ៉ិចទ័រ បានជន់លិចម៉ាស៊ីនរ៉េអាក់ទ័រចំនួន ៣ របស់រោងចក្រថាមពលនុយក្លេអ៊ែរ Fukushima Daiichi។ វាត្រូវបានគេចាត់ទុកថា ជាគ្រោះមហន្តរាយនុយក្លេអ៊ែរដ៏អាក្រក់បំផុតរបស់ពិភពលោកចាប់តាំងពី Chernobyl។ កាលនោះមានមនុស្សជាង ១៥០ ០០០ នាក់ ត្រូវបានជម្លៀសចេញពីតំបន់ជុំវិញរោងចក្រនេះ។ ការរុះរើរោងចក្រក៏បានចាប់ផ្តើមផងដែរ ប៉ុន្តែដំណើរការអាចចំណាយពេលរាប់ទសវត្សរ៍។

អត្ថបទ៖ លីដា
ប្រភព៖ BBC
- Share This Post:






