កូរ៉េខាងត្បូងបានទាញយកបំណែកផ្កាយរណបចារកម្ម ដែលកូរ៉េខាងជើងបានបង្ហោះសាកល្បងកាលពីចុងខែឧសភា
- BY
- autoadmin
- July 5, 2023
យោធាកូរ៉េខាងត្បូងបាននិយាយថា ខ្លួនបានទាញយកបំណែកនៃផ្កាយរណបចារកម្មកូរ៉េខាងជើង ដែលបានបរាជ័យនៅក្នុងការបង្ហោះសាកល្បងកាលពីចុងខែឧសភា ចេញពីសមុទ្រ ហើយបានសន្និដ្ឋានថា ផ្កាយរណបនោះមិនមានឧបករណ៍យោធានោះទេ។ ប្រទេសកូរ៉េខាងជើងបានបាញ់បង្ហោះផ្កាយរណបកាលពីថ្ងៃទី៣១ ខែឧសភា ប៉ុន្តែក្រោយមកបានប្រកាសថា រ៉ុក្កែតដែលប្រើសម្រាប់ដឹកឧបករណ៍នោះ បានជួបប្រទះបញ្ហាម៉ាស៊ីន ហើយបានធ្លាក់ជាមួយផ្កាយរណបចូលទៅក្នុងសមុទ្រលឿង។

យោធាកូរ៉េខាងត្បូងបានប្រកាសនៅថ្ងៃពុធនេះថា ខ្លួនបានបញ្ចប់ប្រតិបត្តិការរុករក និងជួយសង្គ្រោះរបស់ខ្លួន បន្ទាប់ពីថ្មីៗនេះបានទាញយកផ្នែកសំខាន់ៗរបស់ផ្កាយរណបចេញពីដែនទឹក នៅឆ្នេរសមុទ្រភាគខាងលិចរបស់ប្រទេស។ កាលពីខែមុន វាក៏បានរកឃើញបំណែកនៃគ្រាប់រ៉ុក្កែតផងដែរ។ ការវិភាគដោយអ្នកជំនាញកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបានរកឃើញថា ផ្កាយរណបនេះមិនមានអ្វីដែលអាចបញ្ជាក់ថា វាជាផ្កាយរណបឈ្លបយកការណ៍ទេ ប៉ុន្តែក៏មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមនោះដែរ។
ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាងត្បូងបានរាយការណ៍ថា បំណែកផ្កាយរណបទំនងជាមានកាមេរ៉ានៅក្នុងនោះផងដែរ។ រំលឹកដែរថា កូរ៉េខាងជើងបាននិយាយថា ខ្លួននឹងធ្វើការប៉ុនប៉ងជាលើកទី២ ដើម្បីបាញ់បង្ហោះផ្កាយរណបចារកម្មក្នុងពេលឆាប់ៗនេះ។ ក្រុងព្យុងយ៉ាងក៏បានប្រាប់ដែរថា ខ្លួននឹងដាក់ផ្កាយរណបច្រើនជាង ១ ទៅក្នុងគន្លងតារាវិថីឱ្យបាន៕


អត្ថបទ៖ លីដា
ប្រភព៖ យ៉ុងហាប់
- Share This Post:






