ព័ត៌មានជាតិ

ក្រុមនារីកម្ពុជាប្រកួតបើកឆាកប៉ះក្រុមឡាវ រសៀលថ្ងៃទី០៥ ខែកក្កដានេះ នៃពានជើងឯកអាស៊ីអាគ្នេយ៍ នៅប្រទេសឥណ្ឌូណេស៊ី

BY
Khmernote Media
July 5, 2023

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រុមបាល់ទាត់នារីជម្រើសជាតិកម្ពុជាអាយុក្រោម១៩ឆ្នាំ (U19) នឹងត្រូវប្រកួតបើកឆាកជាមួយក្រុមជម្រើសជាតិឡាវ នៅវេលាម៉ោង ១៥៖៣០នាទី រសៀលថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣ នៃពានរង្វាន់បាល់ទាត់ជើងឯកអាស៊ីអាគ្នេយ៍នារីអាយុក្រោម១៩ឆ្នាំ ឆ្នាំ២០២៣ (AFF U19 Women’s Championship 2023) នៅទីក្រុងPalembang ប្រទេសឥណ្ឌូណេស៊ី។

បន្ទាប់ពីដំណើរការហ្វឹកហាត់ក្នុងស្រុក និងសម្រិតសម្រាំងបញ្ជីបេក្ខភាពចុងក្រោយចំនួន២៣នាក់ ក្រុមបាល់ទាត់នារីកម្ពុជាអាយុក្រោម១៩ឆ្នាំ (U19)បានបន្តការហ្វឹកហាត់ត្រៀម២ថ្ងៃ នៅទឹកដីប្រទេសឥណ្ឌូណេស៊ី មុនប្រកួតដំបូងជាមួយក្រុមនារីឡាវរសៀលថ្ងៃទី០៥ ខែកក្កដានេះ ដែលជាការប្រកួតសន្សំពិន្ទុវិលជុំក្នុងពូល A ខណៈក្រុមម្ចាស់ផ្ទះនារីឥណ្ឌូណេស៊ី ប៉ះក្រុមនារីទីម័រខាងកើត នាវេលា ១៩៖៣០នារី នៅល្ងាចថ្ងៃ០៥ ខែកក្កដានេះដែរ។ កម្ពុជាស្ថិតនៅក្នុងពូល A ជាមួយក្រុមម្ចាស់ផ្ទះឥណ្ឌូណេស៊ី ឡាវ និងទីម័រខាងកើត ដោយការប្រកួតពូល A ធ្វើឡើងនៅកីឡដ្ឋាន GeloraSriwijaya ខណៈពូល B រួមមាន៖ ក្រុមវៀតណាម ម៉ាឡេស៊ី និងសិង្ហបុរី។

រីឯពូល C រួមមាន៖ ថៃ មីយ៉ាន់ម៉ា និងហ្វីលីពីនដោយពូល B និងពូល C ធ្វើឡើងនៅកីឡដ្ឋាន Athletic Field។ សម្រាប់ការប្រកួតពានរង្វាន់បាល់ទាត់នារីអាយុក្រោម ១៩ឆ្នាំនេះត្រូវចាប់ផ្តើមប្រកួតពីថ្ងៃទី០៥ ដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣។ ដោយឡែក៣ប្រកួតក្នុងពូល A របស់ក្រុមកម្ពុជាត្រូវប៉ះជាមួយឡាវ រសៀលថ្ងៃទី០៥ ខែកក្កដានេះ និងបន្តប៉ះជាមួយក្រុមទីម័រខាងកើត វេលាម៉ោង ១៥៖៣០ រសៀល ថ្ងៃទី០៧ ខែកក្កដា និងចុងក្រោយប៉ះជាមួយម្ចាស់ផ្ទះ ឥណ្ឌូណេស៊ី នាវេលាម៉ោង ១៩៖៣០នាទីល្ងាចថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣។

យោងតាមរូបមន្តប្រកួតរបស់សហព័ន្ធកីឡាបាល់ទាត់អាស៊ានបានកំណត់ថា នៅក្នុងចំណោម១០ក្រុម ដែលចែកចេញពី៣ពូលនេះ គឺក្រោយពីប្រកួតជម្រុះសន្សំពិន្ទវិលជុំក្នុងពូលរួចហើយ គឺក្រុមដែលឈរនៅចំណាត់ថ្នាក់លេខ១ នៃពូលទាំង៣ស្មើនឹង៣ក្រុមនឹងត្រូវឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈ១ក្រុមទៀត ជាក្រុមលេខ២ល្អផ្តាច់គេ នឹងបានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ជ័យលាភីលេខ១ ប្រចាំពូល B នឹងត្រូវក្រុមលេខ១ មកពីពូល C ខណៈលេខ១ប្រចាំពូល A នឹងត្រូវប៉ះគ្នាជាមួយក្រុមលេខ២ល្អផ្តាច់គេ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

គ្រូបង្គោលក្រុមកម្ពុជា លោក ប្រាក់ វុទ្ធី បានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP មុនពេលចេញដំណើរថា ក្រុមបាល់ទាត់នារីកម្ពុជាអាចប្រជែងយកឈ្នះ ឬប្រជែងស្មើភាពបានជាមួយបណ្តាប្រទេសផ្សេងៗទៀតបាន ជាពិសេសជាមួយក្រុមដែលស្ថិតក្នុងពូល A ជាមួយគ្នា ដូចជាក្រុមឡាវ ឥណ្ឌូណេស៊ី សិង្ហបុរី និងទីម័រខាងកើត។ សម្រាប់កម្ពុជា ដែលស្ថិតក្នុងពូល A មានអំណោយផលមួយដ៏ល្អ ដោយលោកដាក់ក្តីរំពឹងថា ក្រុមនារីកម្ពុជានឹងអាចឆ្លងផុតពីការប្រកួតជម្រុះក្នុងពូល។ គ្រូបង្គោល លោក ប្រាក់ វុទ្ធី បានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងខ្ពស់ថា ស្មារតីក្រុមរបស់ក្រុមនារីកម្ពុជានៅមានឆន្ទៈមោះមុត ក្នុងការប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីធ្វើយ៉ាងណាឱ្យក្រុមកម្ពុជាបានឆ្លងឱ្យផុតវគ្គចែកពូល ហើយឡើងទៅវគ្គបន្ត៕

ប្រភព៖​ ក្រសួងព័ត៌មាន

Share This Post: