ករណីបងប្អូនប្រជាពលរដ្ឋណា ដែលរងគ្រោះដោយសារកម្ចីខុសច្បាប់ ឬកម្ចីអនឡាញ សូមទំនាក់ទំនងមកកាន់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា
- July 6, 2023
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានចេញសេចក្ដី ជូនដំណឹងដល់សាធារណៈជនឱ្យបានជ្រាបថា ក្នុងករណីប្រជាពលរដ្ឋទាំងឡាយណា ដែលរងគ្រោះដោយសារកម្ចីខុសច្បាប់ ឬកម្ចីអនឡាញជាដើម ប្រជាពលរដ្ឋដែលរងគ្រោះអាចទំនាក់ទំនងទៅកាន់លេខ ០២៣ ៧២ ៦៨ ២២ ឬទៅទំនាក់ទំនងផ្ទាល់ នៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដែលមានទីតាំងនៅក្នុងក្រសួងមហាផ្ទៃ រៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពេលព្រឹកចាប់ពីម៉ោង ៧៖៣០នាទី ដល់ម៉ោង ១១៖៣០នាទី និងពេលរសៀល ចាប់ពីម៉ោង១៤៖៣០នាទី ដល់ម៉ោង១៧៖៣០នាទី។

សូមបញ្ជាក់ផងដែរថា កាលពីទីថ្ងៃ២៧ ខែមករា ឆ្នាំ២០២៣ យោងតាមសេចក្ដីថ្លែងការណ៍រួមរវាង ធនាគារជាតិនៃកម្ពុជា និងអគ្គស្នងការដ្ឋាននគរបាលជាតិ បានសង្កេតឃើញថា មានសកម្មភាពផ្សព្វផ្សាយនិងផ្តល់សេវាហិរញ្ញវត្ថុ ក្រៅផ្លូវការ ជាពិសេសសេវាឥណទាន តាមរយៈទូរស័ព្ទ បណ្ដាញសង្គមនានា និងអនឡាញ យ៉ាងអនាធិបតេយ្យដោយគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវពីធនាគារជាតិនៃកម្ពុជា ដោយបានធ្វើឱ្យ សាធារណជនមានការភាន់ច្រឡំ និងបានបង្កផលវិបាកជាច្រើនមកលើសេដ្ឋកិច្ចនិងសង្គមតាមរយៈ ការយកអត្រាការប្រាក់ខ្ពស់ហួសហេតុ ការគំរាមកំហែងបំភិតបំភ័យ ការអនុវត្តកិច្ចសន្យាមិនសុចរិត ដោយបង្កប់នូវការកេងចំណេញហួសហេតុពីអ្នកខ្ចីប្រាក់ ដែលបណ្ដាលឱ្យប៉ះពាល់ដល់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋនិងធ្វើឱ្យធ្លាក់ក្នុងបំណុលច្រើនលើសលប់ទៀតផង ៕



ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា Anti Cyber Crime Department
- Share This Post:






