គ.ជ.ប ទិញទឹកខ្មៅជ្រលក់ដៃ៥ម៉ឺន២ពាន់ដប ក្នុងតម្លៃជាង៩១ម៉ឺនដុល្លារ សម្រាប់បម្រើការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រខាងមុខនេះ
- July 6, 2023
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប សម្រេចប្រើទឹកខ្មៅពីប្រទេសឥណ្ឌាដូចគ្រាបោះឆ្នោតមុនៗដដែល សម្រាប់បម្រើការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នាថ្ងៃទី២៣ កក្កដាខាងមុខនេះ។

ទឹកខ្មៅជ្រលក់ម្រាមដៃ បញ្ជាទិញពីក្រុមហ៊ុននៅប្រទេសឥណ្ឌា ដែលមិនអាចលាងជ្រះវិញដោយទឹកសាប៊ូ ទឹកលាងថ្នាំសក់ ទឹកអូសាវ៉ែល និងទឹកលាងជម្រះផ្សេងទៀត ក្នុងថ្ងៃតែមួយនៃថ្ងៃបោះឆ្នោតនោះ គឺមានចំនួន៥ម៉ឺន២ពាន់ដប ក្នុងតម្លៃសរុបជាង៩១ម៉ឺនដុល្លារអាមេរិក។ ទឹកខ្មៅនេះ ក្នុង១ដប មានចំណុះ៧០មីលីលីត្រ ហើយនឹងត្រូវចែកតាមការិយាល័យបោះឆ្នោតនីមួយៗចំនួន២ដប ក្នុងចំណោមការិយាល័យបោះឆ្នោតសរុបនៅទូទាំងប្រទេស ចំណែកចំនួនដែលនៅសល់ គឺទុកបម្រុងបង្ការទុកនៅគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត និងនៅគ.ជ.ប មួយចំនួន។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគ.ជ.ប ក្នុងពិធីប្រកាសជាសាធារណៈ និងដាក់ឱ្យសាកល្បងនូវគុណភាពទឹកខ្មៅនេះដោយផ្ទាល់ពីគណបក្សនយោបាយ អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ ស្ថាប័នរដ្ឋ អង្គទូតប្រចាំនៅកម្ពុជា និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ នៅទីស្តីការគ.ជ.ប ព្រឹកថ្ងៃទី៦ ខែកក្កដានេះ។
ឯកឧត្តម បានឱ្យដឹងថា «គ.ជ.ប បានធ្វើការសាកល្បងគំរូទឹកខ្មៅលុបមិនជ្រះដែលក្រុមហ៊ុនបានផ្តល់ជូនចំនួន៤កម្រិតនេះ ឃើញថា ទឹកខ្មៅលុបមិនជ្រះ កម្រិតសូលុយស្យុងប្រាក់នីត្រាតកម្រិត២០ភាគរយ មានគុណភាពល្អ ជាពិសេសភាពដិតខ្មៅជាប់នឹងស្បែកដៃ ក្រចក និងគល់ក្រចក ព្រមទាំងកម្រិតជាតិស្ងួតលឿនក្នុងបរិយាកាស មិនអាចលាងសម្អាតឱ្យបានស្អាតល្អភ្លាមៗនោះទេ ហើយគុណភាពនេះប្រហាក់ប្រហែលនឹងគុណភាពទឹកខ្មៅលុបមិនជ្រះ ដែលគ.ជ.ប បានប្រើប្រាស់ក្នុងការបោះឆ្នោតកន្លងមក ដែលអាចធានាបានទាំងគុណភាពប្រើប្រាស់ និងអាចធានាបានទាំងសុខភាពរបស់អ្នកប្រើប្រាស់។ ទឹកខ្មៅលុបមិនជ្រះនេះ មានសុពលភាព៦ខែ គិតចាប់ពីថ្ងៃផលិត»។
តំណាងគណបក្សនយោបាយ អង្គការឃ្លាំមើលដំណើរការបោះឆ្នោត ដែលបានចូលរួមពិសោធន៍ទឹកខ្មៅនេះ ទទួលស្គាល់ថា ទឹកខ្មៅនេះ មិនអាចលាងជ្រះក្នុងពេលតែមួយនៃថ្ងៃបោះឆ្នោតនោះឡើយ។
សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧នេះ មានគណបក្សនយោបាយចំនួន១៨ចូលរួមប្រកួតប្រជែង ដើម្បីដណ្តើមអាសនៈក្នុងរដ្ឋសភាចំនួន១២៥កៅអី ក្នុងចំណោមប្រជាពលរដ្ឋ ជាអ្នកបោះឆ្នោតសរុបជាង៩លាន៧១ម៉ឺននាក់៕





ប្រភព៖ ក្រសួងព័ត៌មាន
- Share This Post:






