អន្តរជាតិ

Threads បណ្ដាញសង្គមថ្មីរបស់ Meta មានអ្នកចុះឈ្មោះប្រើប្រាស់ច្រើនជាង ១០លានគណនី ត្រឹមរយៈពេល ៧ ម៉ោងដំបូង

BY
autoadmin
July 6, 2023

ប្រធានក្រុមហ៊ុនលោក Mark Zuckerberg បាននិយាយថា អ្នកប្រើប្រាស់ច្រើនជាង ១០ លាននាក់ បានចុះឈ្មោះប្រើប្រាស់កម្មវិធី Threads ដែលក្រុមហ៊ុន Meta ទើបនឹងបើកដំណើរការថ្មីៗ នៅក្នុងរយៈពេល ៧ ម៉ោងដំបូងរបស់ខ្លួន។ អ្នកជំនាញបាននិយាយថា Threads អាចទាក់ទាញអ្នកប្រើប្រាស់របស់ Twitter ដែលពួកគេកំពុងមិនសប្បាយចិត្តជាមួយនឹងការផ្លាស់ប្តូរថ្មីៗ ប៉ុន្មានរយៈពេលចុងក្រោយនេះ។ Threads អនុញ្ញាតឱ្យអ្នកប្រើប្រាស់បង្ហោះសាររហូតដល់ ៥០០ តួអក្សរ និងមានមុខងារជាច្រើនទៀត ដែលស្រដៀងទៅនឹង Twitter នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC

មុននេះ លោក Mark Zuckerberg បាននិយាយថា៖«ការរក្សាវេទិកាថ្មីមួយនេះ នឹងក្លាយជាគន្លឹះនៃភាពជោគជ័យរបស់ខ្លួន»។ ប៉ុន្តែលោក Elon Musk បានឆ្លើយតបវិញថា​៖«វាជាការប្រសើរជាង ដែលត្រូវបានវាយប្រហារដោយមនុស្សចម្លែកនៅលើ Twitter ជាជាងបណ្ដោយខ្លួនទៅនឹងសុភមង្គលក្លែងក្លាយនៅលើ Instagram»។

នៅពេលត្រូវបានសួរនៅលើបណ្ដាញ Threads ថាតើកម្មវិធីនេះនឹងធំជាង Twitter ដែរ ឬទេ លោក Zuckerberg បាននិយាយថា៖«វានឹងចំណាយពេលខ្លះ ប៉ុន្តែខ្ញុំគិតថា គួរតែមានកម្មវិធីសន្ទនាសាធារណៈជាមួយមនុស្ស ១ពាន់លាននាក់+ នៅលើវា»។ លោកបានបន្ថែមថា៖«Twitter មាន​ឱកាស​ធ្វើ​រឿង​នេះ ប៉ុន្តែ​មិនអាចចាប់ឱកាសបាន។ សង្ឃឹម​ថា​ យើង​នឹង​ធ្វើវាបាន»។ ឥឡូវនេះ Threads អាចទាញយកបាននៅក្នុងប្រទេសជាង ១០០ រួមទាំងចក្រភពអង់គ្លេស ប៉ុន្តែមិនទាន់មាននៅក្នុងសហភាពអឺរ៉ុបនៅឡើយទេ ដោយសារតែមានការព្រួយបារម្ភអំពីបទប្បញ្ញត្តិ៕

អត្ថបទ៖ លីដា
ប្រភព៖ BBC

Share This Post: