ព័ត៌មានជាតិ

អាជ្ញាធររាជធានីភ្នំពេញ បានស្តារនិងបូមលូនៅតាមដងផ្លូវជាច្រើនខ្សែក្នុងសង្កាត់បឹងទំពុនទី១ ដើម្បីកាត់បន្ថយការលិចលង់ផ្ទះប្រជាពលរដ្ឋដោយជំនន់ទឹកភ្លៀង

BY
Khmernote Media
July 6, 2023

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ដោយអនុវត្តតាមការណែនាំរបស់ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣នេះ អាជ្ញាធរខណ្ឌមានជ័យ បានសហការជាមួយ ក្រុមការងារនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានស្តារនិងបូមលូនៅតាមដងផ្លូវជាច្រើនខ្សែនៅក្នុងភូមិសាស្ត្រ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ ដើម្បីកាត់បន្ថយឱ្យបាននូវភាពលិចលង់លំនៅឋានប្រជាពលរដ្ឋដោយជំនន់ទឹកភ្លៀង។

លោក សៅ សារុំ សមាជិកក្រុម ប្រឹក្សាសង្កាត់បឹងទំពុនទី១និងលោក ទឹម ម៉ន មេភូមិសន្សំកុសលទី៤ សង្កាត់បឹងទំពុនទី១ ខណ្ឌ មានជ័យបានឱ្យដឹងស្រដៀងគ្នាថា៖ ប្រព័ន្ធលូ នៅតាមបណ្តោយផ្លូវបេតុងលេខ៣១BT, ១២BT, ១៦BTក្នុងភូមិសាស្ត្រ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ ទឹកមិនអាចហូរនោះទេ ពោលគឺនៅ ពេលភ្លៀងម្តងៗ តែងតែលិចលង់។ ជាក់ស្តែងនាប៉ុន្មានថ្ងៃកន្លងមកនេះ ភ្លៀងបានបង្អុរឡើងយ៉ាងខ្លាំងបណ្តាលឱ្យតំបន់បឹងទំពុននេះទទួលរងការលិចលង់យ៉ាងខ្លាំង ។

តែដោយមានការណែនាំពីឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌមានជ័យ សហការជាមួយមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ធ្វើសកម្មភាពបូមទឹកចេញភ្លាមៗ រហូតស្រកអស់ពីក្នុងមូលដ្ឋាន។ ដោយឡែកសម្រាប់ប្រព័ន្ធលូ នៅតាមបណ្តោយផ្លូវបេតុងលេខ៣១ BT, ១២BT, ១៦BTក្នុងភូមិសាស្ត្រ សង្កាត់បឹងទំពុនទី១នេះ បើទោះបីទឹកហូរអស់ពីផ្លូវនិងពីក្នុងផ្ទះក្តី ក៏បណ្តាញលូខាងលើនៅស្ទះដែរ។

ដោយមើលឃើញពីបញ្ហាប្រឈមនេះ រដ្ឋបាលខណ្ឌមានជ័យ អនុវត្ត តាមការណែនាំរបស់ឯកឧត្តមឃួង ស្រេងអភិបាលរាជធានី បានសហ ការជាមួយមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ស្តារនិងបូមលូនៅតាមដងផ្លូវជាច្រើនខ្សែនិងក្នុងភូមិសាស្ត្រ សង្កាត់បឹងទំពុនទី១និងទី២ តែម្តង។

លោក សៅ សារុំ បានបញ្ជាក់ថា៖ ប្រព័ន្ធលូ នៅតាមបណ្តោយផ្លូវបេតុងលេខ៣១BT, ១២BT, ១៦BT មានតួនាទីយ៉ាងសំខាន់ក្នុងការនាំទឹកទៅប្រឡាយបឹងទំពុន មុននឹងហូរទៅដល់ស្ថានីយបូមទឹកបឹងទំពុន បើប្រពន្ធ័លូទាំងនេះស្ទះហើយ គឺពិតណាស់ថា នៅពេលមានភ្លៀងធ្លាក់ម្តងៗ គឺតំបន់នេះត្រូវលិចលង់ហើយ។ដូច្នេះហើយទើបអាជ្ញាធររាជធានីភ្នំពេញណែនាំឱ្យអាជ្ញាធរនិងមន្ទីរជំនាញស្តារនិងបូមលូទាំងនេះតែម្តង សំដៅធ្វើយ៉ាង ណាដោះស្រាយការលិចលង់ផ្លូវនិងផ្ទះប្រជាពលរដ្ឋឱ្យបាន។

គួរបញ្ជាក់ថា៖ អាជ្ញាធរខណ្ឌមានជ័យ បានសហការជាមួយ ក្រុមការងារនៃមន្ទីរសាធារណការនិងដឹក ជញ្ជូនរាជធានីភ្នំពេញ ធ្វើការស្តារនិងបូមលូនៅតាមដងផ្លូវ ក្នុងភូមិសាស្ត្រ សង្កាត់បឹងទំពុនទី១ និងសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យនេះ ចំនួន២ថ្ងៃមកហើយ ដោយប្រើប្រាស់រថយន្តបូមលូ ៣គ្រឿង ជាមួយនឹងការបុកស្តារដោយកម្លាំងដៃផងដែរ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: