បុរសវៀតណាមម្នាក់ប្រឈមនឹងការជាប់ពន្ធនាគារអស់មួយជីវិត ពីបទឆបោកប្រាក់ថ្លៃលក់ស្រោមដៃពេទ្យ ៣.២ លានដុល្លារ អំឡុងការផ្ទុះឡើងនៃជំងឺកូវីដ១៩
- BY
- autoadmin
- July 6, 2023
នាយកក្រុមហ៊ុននៅប្រទេសវៀតណាមម្នាក់ ត្រូវបានគេចោទប្រកាន់ថា បានទទួលយកលុយចំនួន ៣.២ លានដុល្លារអាមេរិក ពីដៃគូបរទេសចំនួន ៣ សម្រាប់ការលក់ស្រោមដៃពេទ្យ ដែលការពិតទៅគឺមិនមាននៅក្នុងក្រុមហ៊ុនឡើយ នៅក្នុងអំឡុងពេលនៃការផ្ទុះរីករាលដាលនៃជំងឺ COVID-19។ ប្រសិនបើរកឃើញថាមានពិរុទ្ធ លោក Bui Quang Hai នាយកក្រុមហ៊ុន HBC International Trading នឹងត្រូវជាប់ពន្ធនាគារអស់មួយជីវិត។ រដ្ឋអាជ្ញាទីក្រុងហូជីមិញបាននិយាយកាលពីថ្ងៃពុធថា លោក Hai បានទាញយកប្រយោជន៍ដាក់ខ្លួន ស្របពេលដែលពិភពលោកកំពុងមានកង្វះខាតឧបករណ៍វេជ្ជសាស្ត្រ នៅអំឡុងពេលជំងឺរាតត្បាត COVID-19 នៅពាក់កណ្តាលឆ្នាំ២០២០។

លោក Hai ត្រូវបានគេដឹងថា បានចុះហត្ថលេខាលើកិច្ចសន្យាដែលមានតម្លៃ ៦.៣៥ លានដុល្លារ ដើម្បីនឹងផ្ដល់ស្រោមដៃវេជ្ជសាស្រ្តដល់ក្រុមហ៊ុនហុងកុង PDP។ ក្រុមហ៊ុន PDP បានផ្ទេរប្រាក់ជាង ១.៩ លានដុល្លារ ជាប្រាក់កក់ និង ២១០,០០០ ដុល្លារជាថ្លៃកិច្ចសន្យា មុនពេលកិច្ចសន្យាត្រូវបានលុបចោលវិញ។ ប៉ុន្តែ HBC មិនបានប្រគល់ប្រាក់ទៅ PDP វិញទេ។ ក្នុងខែវិច្ឆិកា ឆ្នាំ២០២០ លោក Hai បានចុះកិច្ចសន្យាស្រដៀងគ្នានេះ ហើយបានទទួលប្រាក់ចំនួន ៥១២,០០០ ដុល្លារ ពីក្រុមហ៊ុនជប៉ុន ក៏ដូចជា ៦០៧,០០០ ដុល្លារ ពីក្រុមហ៊ុនអាមេរិកមួយផ្សេងទៀត។
យ៉ាងណា ក្រុមហ៊ុនរបស់លោក Hai មិនដែលមានផលិត ទិញចូល ឬចែកចាយស្រោមដៃតាមការសន្យានោះទេ។ ក្នុងអំឡុងពេលស៊ើបអង្កេត លោក Hai បាននិយាយថា គាត់គ្រាន់តែជាអ្នកស៊ីញ៉េលើក្រដាសប៉ុណ្ណោះ ហើយថា បុរសម្នាក់ទៀតឈ្មោះ Do Trung Duong បានចេញបញ្ជានោះទាំងអស់។ ឥឡូវនេះ ការស៊ើបអង្កេតលើតួនាទីរបស់លោក Do Trung Duong នៅក្នុងបទឧក្រិដ្ឋកម្មកំពុងត្រូវបានធ្វើឡើង៕

អត្ថបទ៖ លីដា
ប្រភព៖ VNExpress, Baohaiduong
- Share This Post:






