មន្ទីរវប្បធម៌ខេត្តព្រះវិហារ បដិសេធជុំវិញការផ្សព្វផ្សាយទាក់ទងនឹងការបំផ្លិចបំផ្លាញរូបចម្លាក់នៅតំបន់ប្រាសាទបាកាន
- July 7, 2023
ខេត្តព្រះវិហារ៖ នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣ម្សិលមិញនេះ យោងតាមការចុះផ្សាយរបស់ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រះវិហារ បានចេញលិខិតបដិសេធជុំវិញព័ត៌មានទាក់ទងនឹងការបំផ្លិចបំផ្លាញរូបចម្លាក់នៅតំបន់ប្រាសាទបាកាន។

មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តព្រះវិហារ សូមធ្វើការច្រានចោលនូវការចេញផ្សព្វផ្សាយរបស់ ម្ចាស់ Account Facebook ឈ្មោះ Sisowath Sithiden នៅប៉ុន្មានម៉ោងមុន ដោយបានបង្ហោះពាក់ព័ន្ធការ បំផ្លិចបំផ្លាញរូបចម្លាក់ថ្មីៗនៅជញ្ជាំងប្រាសាទបន្ទាយក្នុង នៅក្នុងតំបន់ប្រាសាទបាកាន(ព្រះខ័ន) ដែល មានទីតាំងស្ថិតនៅភូមិតាសែង ឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ដោយភ្ជាប់ជាមួយរូបភាពដែលជា ហេតុធ្វើឲ្យមហាជនទូទាំងប្រទេសមានការយល់ច្រលំ។
មន្ទីរវប្បធម៌និងវិចិត្រសិល្បៈសូមធ្វើការច្រាន ចោលទាំងស្រុងជុំវិញព័ត៌មានដែលថាមានការបំផ្លិចបំផ្លាញរូបចម្លាក់ថ្មីៗនៅជញ្ជាំងប្រាសាទបន្ទាយក្នុង នៅក្នុងតំបន់ប្រាសាទបាកាន(ព្រះខ័ន)។ សូមបញ្ជាក់ថា រូបចម្លាក់ដែលម្ចាស់Account Facebook ខាងលើបានយកទៅផ្សព្វផ្សាយនោះគឺ ជារូបភាពដែលបានដាប់បំផ្លាញតាំងពីទស្សវត្សទី៩០មកម្លេះ មិនមែនជាការដាប់បំផ្លាញនាពេលថ្មីៗនេះ ទេ។ នាពេលបច្ចុប្បន្ននេះតំបន់ប្រាសាទបាកាន(ព្រះខ័ន)ត្រូវបានទទួលការគាំពារ និងអភិរក្ស ដោយមាន កំលាំងអភិរក្ស និងប៉ូលិសបេតិកភណ្ឌ ដែលឈរជើងប្រចាំការនៅទីនោះ មិនក្រោមពី៣០នាក់ឡើយ ៕





- Share This Post:






