ព័ត៌មានជាតិ

ក្មេងប្រុសម្នាក់ កើតជំងឺគ្រុនឈាមកម្រិតធ្ងន់ធ្ងរបំផុត ត្រូវបានក្រុមគ្រូពេទ្យសង្គ្រោះបន្ទាន់ រហូតដល់ដឹងខ្លួននិងមានជីវិតរស់ឡើងវិញ

BY
Khmernote Media
July 7, 2023

រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុករបស់ Dr. Beat Richner បានឱ្យដឹងថា ក្មេងប្រុសម្នាក់ អាយុ ១១ឆ្នាំ បានកើតជំងឺគ្រុនឈាមកម្រិតធ្ងន់ធ្ងរបំផុត បានចូលមកសម្រាកព្យាបាលក្នុងមន្ទីរពេទ្យគន្ធបុប្ផា នៅដង្ហើមចុងក្រោយ ត្រូវបានក្រុមគ្រូពេទ្យសង្គ្រោះបន្ទាន់ ដោយប្រើឈាមប្លាស្មាអស់៤ប្លោក និងម៉ាស៊ីនសប់ដង្ហើម សង្គ្រោះជីវិតមួយនេះឱ្យរស់រានឡើងវិញ។

ក្មេងប្រុសម្នាក់នេះ អាយុ ១១ឆ្នាំ ត្រូវបានព្យាបាលជំងឺគ្រុនឈាម ៣ថ្ងៃនៅឯគ្លីនិកឯកជនមួយ ក្នុងខេត្តកំពង់ស្ពឺ ដាក់សេរ៉ូមអស់៥លីត្រ បានចូលមកសម្រាកព្យាបាលនៅដង្ហើមចុងក្រោយ និងត្រូវបានសង្គ្រោះបន្ទាន់ ជំងឺគ្រុនឈាមកម្រិតធ្ងន់ធ្ងរបំផុត (EDS): ខ្សោយដង្ហើម អស់ជីពចរ (shock syndrome) និងបាត់បង់ស្មារតី អស់ជីពចរ ជាច្រើនដង (many times repeated cardiovascular collapses-shocks) ក្នុងរយៈពេល ៤៨ម៉ោង នៅក្នុងបន្ទប់សង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យគន្ធបុប្ផា ក្មួយប្រុស ត្រូវបានសង្រ្គោះជីវិត ដោយប្រើឈាមប្លាស្មាអស់៤ប្លោក និងម៉ាស៊ីនសប់ដង្ហើម។

នៅថ្ងៃនេះ ក្មេងប្រុសនេះ បានដឹងខ្លួននិងមានជីវិតរស់ឡើងវិញ សូមអរគុណនិងកោតសរសើរដល់ក្រុមគ្រូពេទ្យឯកទេសសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ ដែលបានសង្គ្រោះជីវិតមួយនេះ។

មន្ទីរពេទ្យគន្ធបុប្ផា សូមឱ្យអាណាព្យាបាលទាំងអស់ រួមគ្នាកំចាត់និងបំបាត់ជម្រកមូសខ្លា នៅក្នុងរដូវភ្លៀងនេះ ដើម្បីការពារបុត្រធីតា កុំឲ្យមូសខ្លាខាំ។ ជំងឺគ្រុនឈាម អាចវិវត្តយ៉ាងលឿនទៅជាធ្ងន់ធ្ងរនិងអាចសម្លាប់កុមារបាន ៕

ប្រភព៖​ Dr. Beat Richner

Share This Post: